(វីដេអូ)-កំណែ​គំរូ​​​​​របស់​យាន​​​ដែល​​អាច​​​មក​ជំនួស​​រថយន្ត​​នា​ពេល​អនគត​ របស់​​​​ក្រុម​ហ៊ុន​​អង់គ្លេស​ ហោះ​ហើរ​សាកល្បង ដោយ​ជោគជ័យ

ក្រុមហ៊ុន​របស់ អង់គ្លេស បានទទួល​ជោគជ័យ​ក្នុងការ​ធ្វើតេស្ត​យាន​គំរូ​ដែល​ហោះ​ឡើង​ត្រង់ និង​មាន​ទំហំ​ស្មើ​ពាក់កណ្ដាល​នៃ​ទំហំ​របស់​រថយន្ត។

ក្រុមហ៊ុន​ធុរកិច្ច​ថ្មី ឈ្មោះ Bellwether Industries ដែលមាន​ទីស្នាក់ការ​នៅ ក្រុង​ឡុង​ដ៍ កាលពី​ថ្ងៃទី ១២ មករា បាន​បញ្ចេញ​វីដេអូ​មួយ ស្ដីពី​ការហោះហើរ​សាកល្បង​នាទី​ក្រុង​ឌូ​បៃ របស់​គំរូ​យាន Volar ដែល​អាច​ហោះ​ឡើង​ត្រង់ និង​ប្រើប្រាស់​អគ្គិសនី​សុទ្ធ។ ការហោះហើរ​សាកល្បង​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ខែវិច្ឆិកា ២០។ យាន​ដែលមាន​ទំហំ​ប៉ុន​ពាក់កណ្ដាល​នៃ​រថយន្ត​នេះ ហោះ​ឡើងដល់​កម្ពស់ ៤ ម៉ែត្រ និង​ល្បឿន ៤០ គីឡូម៉ែត្រ/ម៉ោង។

Volar ត្រូវបាន​រចនា​ឡើង​សម្រាប់​លក់​ជូន​បុគ្គល​ណា​ដែល​មានបំណង​ប្រើប្រាស់​វា​ជំនួស​រថយន្ត ដើម្បី​ចូលរួម​រំដោះ​ដងផ្លូវ​នៅលើ​ដី ទុក​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង និង​អ្នកជិះ​កង់ និង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ព្រមទាំង​អាច​ដើរតួ​ជា​តាក់ស៊ី​ហោះ​បាន​ផងដែរ។

ក្រុមហ៊ុន Bellwether Industries គ្រោង​នឹង​អភិវឌ្ឍ​យាន​នេះ​ឱ្យមាន​រូបរាង​ធំ​ពេញលេញ និង​សាកល្បង​ហោះហើរ​នៅ​ឆ្នាំ ២០២៣​។ កំណែ​ចុងក្រោយ​នឹងត្រូវ​បានដាក់​លក់​ជាប​ន្ត​បន្ទាប់​នៅ​ឆ្នាំ ២០២៨ សម្រាប់​គោលដៅ​ដឹកជញ្ជូន​តាម​សំណើ ហើយ​ឆ្នាំ ២០៣០ នឹងមាន​លក់​ជា​សាធារណៈ អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់ បើកបរ​ទៅកាន់​កន្លែងធ្វើការ​បាន​ឆាប់រហ័ស។

Volar មាន​ប្រព័ន្ធ​រុញច្រាន​ដែល​រួមមាន​កង្ហារ​នានា​បង្កប់​នៅ​ខាងក្នុង និង​មិនមាន​ស្លាប​វែង​លយ​ចេញមកក្រៅ។ យាន​នេះ​នឹង​បញ្ចូល​ថាមពល​នៅលើ​ដី ដូច​ទៅនឹង​ស្ថានីយ​បញ្ចូល​ថាមពល​របស់​រថយន្ត Tesla។

គំរូ​យាន​បច្ចុប្បន្ន មាន​កន្លែង​អង្គុយ​ចំនួន ២ ប៉ុន្តែ កំណែ​ចុងក្រោយ​នឹងមាន​ចាប់ពី ៤ ដល់ ៥ កៅអី ល្មម​សម្រាប់​មួយ​គ្រួសារ និង​អាច​ហោះ​កម្ពស់ ៩១៥ ម៉ែត្រ ក្នុង​ល្បឿន ២២០ គីឡូម៉ែត្រ/ម៉ោង៕

Advertisement