បច្ចេកវិទ្យា ៦G លឿន​ជាង​រាប់សិប​ដង​ធៀប​នឹង​ប្រព័ន្ធ ៥G

(ប្រទេស​ចិន)-បន្ទប់ពិសោធន៍​បច្ចេក​វិទ្យា​ជាន់ខ្ពស់​នៅក្នុង​ខេត្ត Jiangsu បង្កើតបាន​ឯតទគ្គ​កម្ម​ថ្មី​ក្នុងការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ទំនាក់ទំនង​ជំនាន់​ថ្មី។

បន្ទប់ពិសោធន៍ Purple Mountain នៅក្នុង​ទីក្រុង Nanning នៃ​ខេត្ត Jiangsu កាលពី​ថ្ងៃទី ៥ មករា បានឱ្យដឹងថា ក្រុម​អ្នកជំនាញ​ដែល​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ You Xiaohu បាន​អភិវឌ្ឍ​បច្ចេកវិទ្យា​បញ្ជូន​ទិន្នន័យ​គ្មាន​ខ្សែ​ជំនា​ន់ទី ៦ (៦G) ជាមួយនឹង​ល្បឿន ២០៦.២៥ gigabit/វិនាទី ជា​លើកដំបូង។ គម្រោង​នេះ​ត្រូវបាន​អនុវត្ត​ដោយ​ក្រុមហ៊ុន​ទូរគមនាគមន៍ China Mobile សហការ​ជាមួយ​សាកលវិទ្យាល័យ Fudan ដោយមាន​ការឧបត្ថម្ភ​ថវិកា​ពី រដ្ឋាភិបាល​ចិន។

ល្បឿន​ខាងលើ​គឺជា​ឯតទគ្គ​កម្ម​ពិភពលោក​ចំពោះ​ការបញ្ជូន​ទិន្នន័យ​គ្មាន​ខ្សែ​នៅលើ ហ្វ្រេ​កង់ terahertz (300GHz-3THz) ដែល​ត្រូវបាន​ចាត់ទុកថា​ជា​ថ្នាល​សម្រាប់​ការតភ្ជាប់​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត ៦G នាពេល​អនាគត នេះ​បើតាម Purple Mountain។ បច្ចេកវិទ្យា​ទំនាន់​ទំនង ៦G នឹង​ក្លាយជា​កំណែ​បន្ទាប់​របស់ ៥G ដោយមាន​ល្បឿន​លឿន​ជាង ៥G រហូតដល់​ចាប់ពី ១០ ទៅ ២០ ដង​ឯណោះ។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ពិសោធ​បញ្ជូន​ទិន្នន័យ​ល្បឿន​ ២០៦.២៥ gigabit/វិនាទី ដោយ​ជោគ​ជ័យ

យោងតាម You Xiaohu បច្ចេកវិទ្យា​ថ្មី​នេះ​អាច​នឹង​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ការទាក់ទង​គ្នា​រវាង​ផ្កាយរណប យានអវកាស និង​ផែនដី។

ក្រុមហ៊ុន Huawei Technologies របស់ ចិន បាន​ព្យាករ​ថា ប្រព័ន្ធ ៦G អាច​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ចាប់​ពី​ឆ្នាំ ២០៣០។ ចំណែក Ericsson ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍ ៥G លំដាប់​កំពូល​មួយ រំពឹងថា បទដ្ឋាន​ដំបូង​សម្រាប់​ប្រព័ន្ធ ៦G នឹងត្រូវ​បានដាក់​ចេញ​នៅ​ឆ្នាំ ២០២៧។

ប្រទេស​ចិន គឺជា​ប្រទេស​ដែលមាន​ស្ថានីយ​នៃ​ប្រព័ន្ធ ៥G ច្រើនជាងគេ​ក្នុង​ពិភពលោក។ គិត​ត្រឹម​ខែវិច្ឆិកា ២០២១ ចិន បាន​សាងសង់ និង​ដាក់ឱ្យ​ដំណើរការ​ស្ថានីយ​នេះ​ប្រមាណ ១.៤ លាន​កន្លែង​នៅ​ទូទាំងប្រទេស។ ប៉ុន្តែ ការដាក់​ពង្រាយ​ប្រព័ន្ធ ៥G នាបច្ចុប្បន្ន នៅមាន​ល្បឿន​យឺត​នៅឡើយ ដោយសារតែ​វា​មានតម្លៃ​ខ្ពស់៕

Advertisement