ក្រុមហ៊ុន SpaceX កាលពីព្រឹកម្សិលមិញ បានបំពេញបេសកកម្មអវកាសដំបូងក្នុងឆ្នាំ ២០២២ ដែលនាំយកផ្កាយរណបអ៊ីនធើណិតថ្មីទៅកាន់ទីអវកាស។
ផ្កាយរណប Starlink សរុប ៤៩ គ្រឿង ត្រូវបានដាក់នៅលើក្បាលរ៉ុក្កែត Falcon 9 ហើយហោះឡើងពីប្រព័ន្ធទម្រ ៣៩A នៅឯមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋ Florida សហរដ្ឋអាម៉េរិក នៅវេលាម៉ោង ១៦:៤៩ នាទី ថ្ងៃទី ៦ មករា ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង ៤:៤៦ នាទី ថ្ងៃទី ៧ មករា នៅ ភ្នំពេញ។
ប្រហែល ៩ នាទី ក្រោយការបាញ់បង្ហោះ កំណាត់រុញច្រានដំបូងរបស់ រ៉ុក្កែត (B១០៦២) បានផ្ដាច់ខ្លួន និងចុះចតលើស្រឡាងគ្មានមនុស្សបើកថ្មីដែលមានឈ្មោះថា «A Shortfall of Gravitas» នៅលើមហាសមុទ្រ អាត្លង់ទិក ជាបេសកកម្មជោគជ័យដំបូងរបស់ SpaceX ក្នុងឆ្នាំថ្មី។
ក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk បានបញ្ជាក់ថា ផ្កាយរណប ៤៩ គ្រឿង ត្រូវបានដាក់ពង្រាយដោយជោគជ័យ បន្ទាប់ពីបាញ់បង្ហោះបានប្រហែល ១ ម៉ោង និង ២០ នាទី ដូច្នេះចំនួនផ្កាយរណប Starlink សរុបដែលកំពុងស្ថិតនៅក្នុងគន្លងគោចរ ឡើងដល់ជិត ២,០០០ គ្រឿង។
គោលដៅរបស់ SpaceX គឺការផ្គត់ផ្គង់សេវាអ៊ីនធើណិតនៅទូទាំងសកលលោក ពិសេសគឺនៅតំបន់ដាច់ស្រយាល ជាទីដែលពិបាកប្រើប្រាស់អ៊ីនធើណិតបំផុត។ បច្ចុប្បន្ន សេវាកម្មនេះរបស់ SpaceX កំពុងត្រូវបានប្រើប្រាស់ពេញលេញ និងមានស្រាប់នៅក្នុងប្រទេសចំនួន ២០ ដោយមានអ្នកប្រើប្រាស់ជាង ១០០,០០០ នាក់បានចុះឈ្មោះ៕