(វីដេអូ)-ក្រុមហ៊ុន​អាម៉េរិក បង្ហាញ​យាន​ថ្មី ចូលរួម​ប្រកួតប្រជែង​ក្នុង​វិស័យ​ទេសចរណ៍​អវកាស

នៅក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍ CES ២០២២ ក្រុមហ៊ុន Sierra Space បាន​តាំង​បង្ហាញ​គំរូ​យានអវកាស​ឈ្មោះ Dream Chaser ដែល​អាច​ដឹក​មនុ​ស្សបាន ៦ នាក់ ឡើងទៅ​កាន់​ទី​អវកាស។

ក្រុមហ៊ុន Sierra Space មាន​មូលដ្ឋាន​នៅ Colorado សហរដ្ឋ​អាម៉េរិក បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ទីភ្នាក់ងារ​អវកាស​អាម៉េរិក (NASA) ស្ដីពី​ការហោះហើរ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) សម្រាប់​ឆ្នាំនេះ។ ដើម​ឡើង Dream Chaser ត្រូវបាន​អភិវឌ្ឍ​ឡើង​ដើម្បី​ដឹកទំនិញ​ទៅកាន់ ISS ប៉ុន្តែ នៅក្នុង​ប្រកាស​ថ្មី​មួយ​នៅ CES ២០២២ ក្រុមហ៊ុន Sierra Space បាន​បង្ហើប​ឱ្យដឹងថា កំពុង​បន្ទាន់​សម័យ​យានអវកាស​នេះ ដើម្បី​អាច​ដឹក​មនុស្ស​ទៅកាន់​ទី​អវកាស ដែល​នេះ​គឺជា​ការចូលរួម​ប្រកួតប្រជែង​ក្នុង​វិស័យ​ទេសចរណ៍​អវកាស។

ដោយមាន​បណ្ដោយ​ប្រមាណ ៩ ម៉ែត្រ យាន Dream Chaser អាច​ដឹក​ក្រុម​ហោះហើរ​មួយក្រុម​ដែលមាន​គ្នា ៦ នាក់ ពី​ផែនដី ទៅកាន់​មូលដ្ឋាន​ពាណិជ្ជកម្ម​នានា​នៅលើ​គន្លង​គោចរ​កម្រិត​ទាប​នៃ​ផែនដី ដែល Sierra Space គ្រោង​នឹង​សាងសង់​នៅក្នុង​ទសវត្សរ៍​ខាងមុខ។

Sierra Space បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ Blue Origin ដើម្បី​អភិវឌ្ឍ​ស្ថានីយ​អវកាស​ឯកជន​មួយ​ដែលមាន​ឈ្មោះថា Orbital Reef។ ក្រុមហ៊ុន Blue Origin មានបំណង​ប្រែក្លាយ Orbital Reef ទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នៅ​ទី​អវកាស ដោយមាន​សេវាកម្ម​ផលិត អាជីវកម្ម កម្សាន្ត កីឡា និង​ទេសចរណ៍​ផ្សងព្រេង។

កាលពី​ខែ​មុន NASA បានប្រគល់​ថវិកា​ជាង ៤១៥ លាន​ដុល្លារ ទៅឱ្យ​ក្រុមហ៊ុន​ម៉ៅការ​ចំនួន ៣ គឺ Blue Origin, Northrop Grumman និង Nanoracks ដើម្បី​អភិវឌ្ឍ​ស្ថានីយ​អវកាស​ពាណិជ្ជកម្ម​មួយចំនួន​ដែល​វិស័យ​ឯកជន​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ និង​ជា​អ្នកគ្រប់គ្រង ក្នុង​បំណង​ជំរុញ​កំណើនសេដ្ឋកិច្ច​ដែល​ដឹកនាំ​ដោយ សហរដ្ឋ​អាម៉េរិក នៅលើ​គន្លង​គោចរ​កម្រិត​ទាប​របស់​ផែនដី នៅពេល ISS «ចូលនិវត្តន៍» នៅ​ចុង​ទសវត្សរ៍​នេះ។

ក្រុម​វិស្វករ​សង្ឃឹមថា Dream Chaser នឹង​បើក​ទំព័រ​សករាជ​ថ្មី​ក្នុង​វិស័យ​ទេសចរណ៍​អវកាស និង​ការស្រាវជ្រាវ​អវកាស។ ជើងហោះហើរ​ដំបូង​ទៅកាន់​ទី​អវកាស​របស់ Dream Chaser អាច​កើតឡើង​នៅ​ចុងឆ្នាំ ២០២២៕

Advertisement