យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង ៥ ដង នឹង​ហោះហើរ​សាកល្បង​នៅ​ឆ្នាំ ២០២៥

យន្តហោះ SR-72 របស់​ក្រុមហ៊ុន Lockheed Martin ដែល​នឹង​ក្លាយជា​យន្តហោះ​មាន​ល្បឿន​លឿន​ជាងគេ​បង្អស់​ក្នុង​ពិភពលោក នឹង​ហោះហើរ​សាកល្បង​នៅ​ឆ្នាំ ២០២៥។

SR-72 នឹង​ក្លាយជា​យន្តហោះ​ដែល​ចូលមក​គ្រប់គ្រង​ចំណាត់ថ្នាក់​កំពូល​ជំនួស SR-71 Blackbird ដែលជា​យន្តហោះ​មាន​មនុស្ស​បើកបរ​ល្បឿន​លឿន​ជាងគេ​ក្នុង​ពិភពលោក ដោយ​ធ្លាប់បាន​បំបែក​ឯតទគ្គ​កម្ម​ល្បឿន​កាលពី​ឆ្នាំ ១៩៧៤ និង​បាន​ចូលនិវត្តន៍​កាលពី​ឆ្នាំ ១៩៩៨។

SR-72 គឺជា​យន្តហោះ​ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​អាម៉េរិក Lockheed Martin ដើម្បី​ក្លាយជា​យន្តហោះ​ល្បឿន​លឿង​ជាង​សំឡេង​គ្មាន​មនុស្ស​បើក​ដែល​អាច​ប្រើប្រាស់​ឡើងវិញ និង​ប្រើប្រាស់​សម្រាប់​ឈ្លបយកការណ៍ តាមដាន និង​វាយប្រហារ។

យន្តហោះ​ដែលមាន​ល្បឿន​លឿន​ជាង​សំឡេង ៥ ដង (Mach 5) ត្រូវបាន​គេ​ហៅថា យន្តហោះ​ប្រភេទ Hypersonic ដោយមាន​ល្បឿន​ជាង ៦,២០០ គីឡូម៉ែត្រ/ម៉ោង។ យន្តហោះ​ដែលមាន​ល្បឿន​លឿន​ជាង​សំឡេង ប៉ុន្តែ​មិន​ដល់ ៥ ដង ត្រូវបាន​គេ​ចាត់ទុកថា​ជា​យន្តហោះ​ប្រភេទ Supersonic។

គម្រោង SR-72 ដែល​ត្រូវបាន​ប្រកាស​កាលពី​ឆ្នាំ ២០១៣ នេះ មាន​ល្បឿន​អតិបរមា ៧,៤០០ គីឡូម៉ែត្រ/ម៉ោង លឿន​ជាង​ទ្វេដង ធៀប​នឹង​កំណែ​មុន។ យន្តហោះ​នេះ​អាច​គេចខ្លួន​ពី​បណ្ដា​យន្តហោះ​ចម្បាំង​ល្បឿន​លឿន​នាបច្ចុប្បន្ន៕

Advertisement