NASA ជិត​បាញ់​បង្ហោះ​កែវយឹត​អវកាស​ដែល​អាច «មើលឃើញ​អតីតកាល» និង​មានតម្លៃ​ជិត ១០,០០០ លាន​ដុល្លារ

James Webb ដែលជា​កែវយឹត​អវកាស​ជំនួស​ឱ្យ Hubble ដោយមាន​សមត្ថភាព «មើលឃើញ​អតីតកាល» នឹងត្រូវ​បាន​បាញ់​បង្ហោះ​ឡើងទៅ​លើ​មេឃ​នា​សប្ដាហ៍​ក្រោយ។

បន្ទាប់ពី​ត្រូវបាន​ពន្យារពេល​អស់​ជាច្រើន​ឆ្នាំ ដែលនាំឱ្យ​ការចំណាយ​កើនឡើង​ខ្ពស់​ធៀប​នឹង​ផែនការ បេសកកម្ម James Webb (គម្រោង​ដែល​កើតឡើង​ដោយ​កិច្ចសហការ​រវាង​ទីភ្នាក់ងារ​អវកាស​អាម៉េរិក (NASA), ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) និង​ទីភ្នាក់ងារ​អវកាស​កាណាដា (CSA)) នឹង​ត្រូវបាន​បញ្ជូន​ឡើងទៅ​កាន់​គន្លង​គោចរ​នៅ​ថ្ងៃទី ២៤ ធ្នូ ២០២១ ដោយ​ប្រើប្រាស់​រ៉ុក្កែត Ariane 5 ECA បាញ់​ចេញពី​មជ្ឈមណ្ឌល​អវកាស Guiana នៃ​ទឹកដី​ឯនាយសមុទ្រ​របស់ ប្រទេស​បារាំង ដែល​ស្ថិតនៅលើ​ឆ្នេរសមុទ្រ​ឦសាន​នៃ តំបន់​អាម៉េរិក​ខាងត្បូង។

James Webb ត្រូវបាន​គេ​រំពឹងថា នឹង​បើក​ទំព័រ​ថ្មី​នៅក្នុង​បេសកកម្ម​ស្រាវជ្រាវ​អវកាស​នាពេលខាងមុខ។

កែវយឹត​អវកាស James Webb អាច «មើលឃើញ​អតីតកាល» ដើម្បី​ប្រមូល​ព័ត៌មាន​នៃ​រាល់​ដំណាក់កាល​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ចក្រវាល រាប់​ចាប់ពី​ក្រោយ​ព្រឹត្តិការណ៍​ផ្ទុះ Big Bang ដែល​បាន​កើតឡើង​កាលពី​ប្រមាណ ១៣.៨ ពាន់​លាន​ឆ្នាំមុន រហូតដល់​បច្ចុប្បន្ន អនុញ្ញាតឱ្យ​អ្នកវិទ្យាសាស្ត្រ​សង្កេតឃើញ​នូវ​វត្ថុ​អវកាស និង​រចនាសម្ព័ន្ធ​ដែល​ស្ថិតនៅ​ទី​ឆ្ងាយ​បំផុត ដូចជា​ការកកើត​រប​ស់​កាឡាក់ស៊ីដំបូងៗ ឬ​ចំណុច​ពិសេស​នៃ​បរិយាកាស​របស់​បណ្ដា​ភព​ដែល​អាច​ទ្រទ្រង់​ជីវិត​ជាដើម។

James Webb ត្រូវបាន​បំពាក់​ឧបករណ៍​បច្ចេកវិទ្យា​ចំនួន ៤ រួមមាន ម៉ាស៊ីនថតរូប​ក្បែរ​អ៊ី​ន​ហ្វ្រា​រ៉េដ (Near Infrared Camera/NIRCam), ម៉ាស៊ីន​វាស់​ស្ទង់​ពន្លឺ​ក្បែរ​អ៊ី​ន​ហ្វ្រា​រ៉េដ (Near-infrared spectrometer), ម៉ាស៊ីនថតរូប​អ៊ី​ន​ហ្វ្រា​រ៉េដ​ខ្នាត​មធ្យម (MIRI) និង​ម៉ាស៊ីន​វាស់​ស្ទង់​ពន្លឺ (FGS/NIRISS)។ កញ្ចក់​ធំ​របស់ James Webb មានមុខ​កាត់​ឡើងដល់ ៦.៥ ម៉ែត្រ ធំ​ជាង ២.៧ ដង ធៀប​នឹង Hubble។

NASA ទើបតែ​បានឱ្យដឹងថា ចំណាយ​សរុប​សម្រាប់​ការអភិវឌ្ឍ និង​សម្រាប់​គម្រោង​ដំណើរការ​របស់ James Webb បាន​ឡើងដល់ ៩.៦៦ ពាន់​លាន​ដុល្លារ ខ្ពស់ជាង​ជិត​ទ្វេដង ធៀប​នឹង​ការគ្រោង​ដំបូង​កាលពី​ឆ្នាំ ២០០៩ នេះ​បើតាម​សារព័ត៌មាន អង់គ្លេស Reuters។

កាលពី​ខែតុលា James Webb ត្រូវបាន​នាំទៅដល់​ទីតាំង​បាញ់​បង្ហោះ​នៅ Guiana បន្ទាប់ពី​ការធ្វើដំណើរ​លើ​សមុទ្ររ​យៈ​ពេល ១៦ ថ្ងៃ ពីរ​ដ្ឋ California។ ក្រោយពី​បាន​បាញ់​បង្ហោះ វា​នឹងត្រូវ​ចំណាយពេល​ប្រហែល ១ ខែ ដើម្បី​អាច​ហោះ​ទៅដល់​គន្លង​គោចរ​ដែល​ឆ្ងាយ​ជាង Hubble ដោយ​ស្ថិតនៅ​ខាងក្រៅ​គន្លង​គោចរ​របស់​ព្រះ​ចន្ទ៕

Advertisement