វ៉ាក់សាំង​បង្ការ​ COVID-19 នាពេល​អនាគត អាច​គ្រាន់តែ​ជា «បង់​បិទ​លើ​ស្បែក»

វ៉ាក់សាំង​មួយ​ប្រភេទ​ដែល​ដូច​ទៅនឹង​ឧបករណ៍​បិទ​លើ​ស្បែក អាច​ឱ្យជួយ​មនុស្ស​ក្នុង​ពិភពលោក ទទួលបាន​វ៉ាក់សាំង​បង្ការ COVID-19 ដោយ​ងាយស្រួល។

ក្រុម​អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី កំពុង​ស្រាវជ្រាវ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 មួយ​ប្រភេទ ដែល​អាច​រក្សាទុក​ក្នុង​សីតុណ្ហភាព​បន្ទប់ និង​អាច​ប្រើប្រាស់​ដោយ​មិនចាំបាច់​ប្រើ​ម្ជុលចាក់​ដូច​សព្វថ្ងៃ។ ព័ត៌មាន​នៃ​ការស្រាវជ្រាវ​នេះ​ត្រូវបាន​ចុះផ្សាយ​នៅលើ​ទស្សនាវដ្ដី Scientific Advances។

ប្រភពព័ត៌មាន​ឱ្យដឹងថា អ្នកវិទ្យាសាស្ត្រ​មួយក្រុម​របស់​សាកលវិទ្យាល័យ Queensland (អូស្ត្រាលី) បាន​អភិវឌ្ឍ​វ៉ាក់សាំង​បង្ការ COVID-19 ប្រភេទ​សម្រាប់​បិទ​លើ​ស្បែក។ វា​ជា​ឧបករណ៍​តូច​មួយ មាន​រាង​ជា​រង្វង់​មូល​សំប៉ែត បិទ​ភ្ជាប់​លើ​កំភួនដៃ​ផ្នែក​ខាងលើ។ បន្ទះ​បិទ​នេះ​មាន​ទំហំ 7×7 ម.ម។ នៅលើ​វា​មាន​ក្បាល​ម្ជុល​ចំនួន 5,000 ដែលមាន​តួនាទី​បញ្ជ្រាប​វ៉ាក់សាំង​ចូលទៅក្នុង​ស្រទាប់​ស្បែក។

មិន​ដូច​ទៅនឹង​ម្ជុលចាក់​ថ្នាំ​បច្ចុប្បន្ន ក្បាល​ម្ជុល​ចំនួន 5,000 នេះ មាន​រូបរាង​ល្អិត​ខ្លាំង ដូច្នេះ វា​មិន​បឺត​ឈាម ឬ​ប៉ះពាល់​ដល់​ក្បាល​សរសៃវិញ្ញាណ​ដែលនាំឱ្យ​មាន​អារម្មណ៍​ឈឺ​នោះឡើយ។

បច្ចេកវិទ្យា​នេះ ត្រូវបាន​គេ​ហៅថា បង់​ម្ជុល​ល្អិត (microneedle) ដែល​ធ្លាប់​ត្រូវបាន​ប្រើប្រាស់​សម្រាប់​បញ្ចូល​ថ្នាំ អាំង​សូលី​ន ឱ្យ​អ្នកជំងឺ​ទឹកនោម​ផ្អែក និង​ថ្នាំ​ដទៃទៀត។ វ៉ាក់សាំង​បង់​ម្ជុល​ល្អិត​នេះ ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ Queensland រចនា​ឡើង​ដើម្បី​ការពារ​មនុស្ស​ពី​ជំងឺ COVID-19 ប៉ុន្តែ មកដល់​បច្ចុប្បន្ន វា​ទើបតែ​ត្រូវបាន​ពិសោធ​នៅលើ​កណ្ដុរ​ប៉ុណ្ណោះ។

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​អភិវឌ្ឍ​វ៉ាក់សាំង​ខាងលើនេះ ដោយ​វិធី​ស​ម្ងួ​ត​ពិសេស ដើម្បី​កែប្រែ​ប្រូតេអ៊ីន​បន្លា​នៅលើ COVID-19 ឱ្យទៅជា​ទម្រង់​ម្សៅ។ ក្រោយមក ពួកគេ​យក​ម្សៅ​នេះ​ទៅ​លាប​លើ​ក្បាល​ម្ជុល​ល្អិត។

ក្នុងការ​ពិសោធ ក្រុម​ស្រាវជ្រាវ​រកឃើញថា បង់​បិទ​វ៉ាក់សាំង​នេះ​នៅតែ​មានគុណ​ភាពល្អ​ដដែល​ក្នុង​រយៈពេល​មួយខែ នៅក្នុង​សីតុណ្ហភាព​ក្នុង​បន្ទប់ និង​ឡើងដល់​មួយ​សប្ដាហ៍​ពេល​ដាក់​ក្នុង​សីតុណ្ហភាព 40 អង្សា​សេ។ ការពិសោធ​លើ​កណ្ដុរ​បង្ហាញថា បង់​បិទ​វ៉ាក់សាំង​នេះ​បង្កើតបាន​អង្គ​ប​ដិ​ប្រាណ​ប្រឆាំង COVID-19 ខ្ពស់ជាង ធៀប​នឹង​វ៉ាក់សាំង​ដែល​ចាក់​ដោយ​ម្ជុល​ធម្មតា។

David Muller ដែលជា​អ្នកស្រាវជ្រាវ​មួយរូប​នៅក្នុង​ក្រុម​ខាងលើ និង​ជា​អ្នកឯកទេស​ជាន់ខ្ពស់​មួយរូប​នៅ​សាកលវិទ្យាល័យ Queensland ឱ្យដឹងថា៖ «យើង​បានទទួល​នូវ​ការឆ្លើយតប​ដ៏​អស្ចារ្យ»៕

Advertisement