តាក់ស៊ី​ហោះ​ឡើង​ត្រង់​របស់​ក្រុម​ហ៊ុន​ Paragon VTOL Aerospace ប្រើ​ថាមពល​អ៊ីដ្រូសែន និង​អាគុយ

សហរដ្ឋ​អាម៉េរិក៖ ដោយ​ការប្រើប្រាស់​រួមផ្សំ​រវាង​ម៉ាស៊ីន​ឥន្ធនៈ​អ៊ីដ្រូសែន និង​ថាមពល​អាគុយ តាក់ស៊ី​ហោះ Soar នឹង​អាច​ហោះហើរ​ក្នុង​រយៈ​ចម្ងាយ​ដ៏​ឆ្ងាយ ជាមួយនឹង​សមត្ថភាព​ដឹក​អ្នកដំណើរ​បាន 9 នាក់។

Paragon VTOL Aerospace កំពុង​អភិវឌ្ឍ​តាក់ស៊ី​ហោះ​កំណែ​ថ្មី មាន​ឈ្មោះថា Soar នេះ​បើតាម​គេហទំព័រ New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 13 កញ្ញា។ កំណែ​នេះ​នឹង​ប្រើប្រាស់​ម៉ាស៊ីន​អ៊ីដ្រូសែន និង​អាច​ហោះហើរ​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ អាស្រ័យ​លើ​ចំនួន​អ្នកដំណើរ​ដែល​វា​ដឹក។ នៅពេល​ដឹក​អ្នកដំណើរ 9 នាក់ និង​អ្នកបើកបរ​ម្នាក់ តាក់ស៊ី​ហោះ​នេះ​អាច​ហោះ​បាន​ចាប់ពី 480 ទៅ 640 គីឡូម៉ែត្រ ឬ​ដឹក​អ្នកដំណើរ 4 នាក់ អាច​ហោះ​បាន 1,450 គីឡូម៉ែត្រ។

ការហោះ​ឡើង​ត្រង់​របស់ Soar គឺ​ពឹង​លើ​ស្លាបចក្រធំៗចំនួន 8 របស់​វា ដែល​ស្ថិតនៅត្រង់​បណ្ដោយ​ខ្លួន។ ស្លាបចក្រ​មួយចំនួន​ផ្សេងទៀត​ដែលមាន​ទំហំ​តូច​ជាង និង​ត្រូវបាន​បំពាក់​ត្រង់​ស្លាប​យន្តហោះ អាចជួយ​ប្រតិកម្ម និង​រក្សា​លំនឹង​បានភ្លាមៗ ជំនួស​ឱ្យ​ការជួយ​ជា​កម្លាំង​លើក​ទៅលើ។ ស្លាបចក្រធំៗចំនួន 2 នៅ​ខាងក្រោយ ជួយ​លើក​យន្តហោះ​ឡើង​ត្រង់​ផង និង​ជួយ​រុញច្រាន​យន្តហោះ​ឆ្ពោះទៅមុខ​ផង។

ជំនួស​ឱ្យ​សរសៃ​កាបូន គ្រោងឆ្អឹង​របស់ Soar ត្រូវបាន​ធ្វើឡើង​អំពី​វត្ថុ​ធាតុ composite ដែលមាន​តម្លៃ​ទាប​ជាង មាំមួន​ជាង និង​មាន​សមត្ថភាព​ក្នុងការ​ទប់ទល់​នឹង​បញ្ហា​កំណក​ទឹកកក ដូច្នេះ គេ​មិនចាំបាច់​បំពាក់​ឧបករណ៍​ជម្រះ​ទឹកកក​នោះទេ។

កំណែ​ចាស់​របស់ Soar មាន​កៅអី​ចំនួន 6 និង​អាច​ហោះ​បាន​ចម្ងាយ 805 គីឡូម៉ែត្រ ប្រើប្រាស់​ប្រព័ន្ធ​ម៉ាស៊ីន​កូនកាត់​ឥន្ធនៈ-អគ្គិសនី។ ប៉ុន្តែ Dwight Smith ស្ថាបនិក​របស់​ក្រុមហ៊ុន Paragon VTOL Aerospace និយាយថា កំណែ​ចាស់​បង្ក​សំឡេង​រំខាន​ខ្លាំង។ គំរូ​ដំបូង​របស់​កំណែ​ថ្មី​នេះ តាម​គម្រោង​នឹងត្រូវ​បាន​ហោះហើរ​សាកល្បង​នៅក្នុង​ឆ្នាំ 2022។

ក្រុង​ហ៊ុន​នេះ​ក៏មាន​គម្រោង​សាងសង់​រោងចក្រ​មួយ​ដែលមាន​ទំហំ​ប្រហែល 3 គីឡូម៉ែត្រ​ក្រឡា នៅ​ទីក្រុង Brownville រដ្ឋ Texas ក្បែរ​មូលដ្ឋាន​បាញ់​បង្ហោះ​រ៉ុក្កែត​របស់​ក្រុមហ៊ុន SpaceX៕

Advertisement