ចិន​មាន​មហិច្ឆតា​សាងសង់​យានអវកាស «មហា​យក្ស» ​ប្រវែង​មួយ​គីឡូម៉ែត្រ នៅលើ​មេឃ

គម្រោង 5 ឆ្នាំ​របស់​ប្រទេស​ចិន គឺ​ការសាងសង់​យានអវកាស​ដែលមាន​បណ្ដោយ​វែង​ជាង 10 ដង ធៀប​នឹង​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) បច្ចុប្បន្ន។

មូលនិធិ​វិទ្យាសាស្ត្រ​ធម្មជាតិ​របស់​ប្រទេស​ចិន (National Natural Science Foundation of China) ថ្មីៗនេះ​បានប្រកាស​គម្រោង 5 ឆ្នាំ ដែល​សាងសង់​សំណង់​ដ៏​មហិមា​នៅ​ទី​អវកាស។ ស្ថាប័ន​នេះ​មាន​គម្រោង​ផលិត​យានអវកាស​ដែលមាន​បណ្ដោយ​រាប់គីឡូម៉ែត្រ​នៅ​ទី​អវកាស នៅពេលដែល​ប្រទេស​នេះ​បាន​បាញ់​បង្ហោះ​វត្ថុ​ធាតុ​សម្រាប់​សាងសង់ឡើង​ទៅកាន់​គន្លង​គោចរ។ នេះ​បើ​តាម​សារ​ព័ត៌មាន​ចិន​ SCMP។

គោលដៅ​សិក្សា​ស្រាវជ្រាវ​ដទៃទៀត រួមមាន​ទាំង​ការសាងសង់​មហា​តេ​ឡេ​ស្កុប​អវកាស និង​បណ្ដា​រោងចក្រ​អគ្គិសនី​ប្រភេទ​ម៉ូឌុល ដើម្បី​បង្កើតជា​មហា​រចនាសម្ព័ន្ធ​នៅលើ​គន្លង​គោចរ​របស់​ផែនដី ក៏ត្រូវ​បានលើកឡើង​ផងដែរ។

វត្ថុ​អវកាស​ធំ​បំផុត​ដែល​ធ្លាប់​ត្រូវបាន​មនុស្សលោក​បង្កើតឡើង នោះ​គឺ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)។ គម្រោង​របស់​ប្រទេស​ចិន គឺ​សាងសង់​វត្ថុ​អវកាស​ដែល​វែង​ជាង 10 ធៀប​នឹង ISS ដែល​បច្ចុប្បន្ន​មាន​ប្រវែង​ត្រឹមតែ 109 ម៉ែត្រ។

មូលនិធិ​វិទ្យាសាស្ត្រ​ធម្មជាតិ​របស់​ប្រទេស​ចិន បានប្រកាស​គម្រោង​នេះ បន្ទាប់ពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​ប្រទេស​នេះ​យល់ឃើញថា បច្ចេកវិទ្យា​អវកាស រីកចម្រើន​លឿន។ ប្រការនេះ​មានន័យថា ចិន ត្រូវការ​ស្វែងរក​វិធី​ថ្មី​ដើម្បី​ផលិត​យានអវកាស។

ក្រុមអ្នកវិភាគ​បានលើកឡើង​នូវ​សម្មតិកម្ម​ថា ការសាងសង់​នៅក្នុង​ទី​អវកាស អាច​កែលម្អ​សមត្ថភាព​របស់​យានអវកាស និង​កាត់បន្ថយ​ការចំណាយ​ក្នុងការ​គ្រប់គ្រង ទើប​ប្រទេស​ចិន មាន​មហិច្ឆតា​នេះ៕

Advertisement