រុស្ស៊ី បង្ហើប​គម្រោង​ស្រាវជ្រាវ​បន្ត នៅ​ភព​ស្ថាន​ព្រះ​ចន្ទ នៅ​ឆ្នាំនេះ

ប្រទេស រុស្ស៊ី ដែល​បាន​បង្ហើប​ដំណឹង អំពី​គម្រោង​ទៅ​ស្រាវជ្រាវ​បន្ត នៅ​ភព​ស្ថាន​ព្រះ​ចន្ទ តាំងពី​ឆ្នាំ2015 នោះ រហូតមកដល់​ពេលនេះ បាន​ក្លាយជា​ការពិតហើយ បន្ទាប់ពី​ការចុះផ្សាយ​ដោយ Space.com កាលពី 3ថ្ងៃមុន។ បេសកកម្ម​នេះ​នឹង​ប្រើប្រាស់​យាន​មួយ ឈ្មោះថា Luna 25 ដែល​បានធ្វើ​តេស្ត​សាកល្បង​ជាច្រើន​ដង​មកហើយ។ យាន​នេះ នឹងត្រូវ​បាញ់​បង្ហោះ ក្នុងអំឡុង​ខែតុលា ឆ្នាំ2021 ខាងមុខនេះ។

នេះ គឺជា​កំណត់ត្រា​ថ្មី របស់​រុស្ស៊ី ដែល​បានបញ្ចប់​រយៈពេល​រង់​ចាំ​អស់ 45ឆ្នាំ នៃ​ការ​បង្កក​កម្មវិធី​ស្រាវជ្រាវ​ស្ថាន​ព្រះ​ចន្ទ ដែល​ធ្លាប់បាន​ទៅ​សិក្សា​នៅ​ទីនោះ​មុនគេ ដោយ​អតីត​សហភាពសូវៀត។ រុស្ស៊ី នឹងធ្វើ​ការសិក្សា​អំពី ទឹក​ដែល​កំពុង​កក​នៅក្នុង​ស្រទាប់​លើ​នៃ​ស្ថាន​ព្រះ​ចន្ទ នៅ​រណ្តៅ​ឯ​ប៉ូល​ខាងត្បូង​នៃ​ស្ថាន​ព្រះ​ចន្ទ។

ថ្លែងប្រាប់​គេហទំព័រ Space តាមរយៈ​វីដេអូ​សម្ភាស​អន​ឡាញ កាលពី​ចុងខែ​មីនា លោក Lev Zelenyi ជាទី​ប្រឹក្សា​ផ្នែក​វិទ្យាសាស្ត្រ នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​អវកាស​រុស្ស៊ី បានឱ្យដឹងថា៖ «ព្រះ​ចន្ទ ជា​ចំណុច​ស្នូល​នៃ​កម្មវិធី​ស្រាវជ្រាវ​របស់​យើង​នៅ​ទសវត្សរ៍​បន្ទាប់​ទៀត។ នេះ​គ្រាន់តែ​ជា​ជំហាន​ដំបូង​នៃ​ការចាប់ផ្តើម​ឡើងវិញ​ប៉ុណ្ណោះ។ យើង​មាន​ផែនការ​ស្រាវជ្រាវ​ជាច្រើន​ទៅ​ថ្ងៃ​អនាគត ក្នុងនោះ​ក៏មាន​គម្រោង​កសាង​អគារ​ស្នាក់​លើ​ស្ថាន​ព្រះ​ចន្ទ នៅ​ឆ្នាំ2040 ផងដែរ»

យាន​ដ៏​ថ្មី​សន្លាង​នោះ មាន​បំពាក់​ដោយ​លេន​ស៍​កាមេរ៉ា ផលិត​ដោយ​អង្គភាព​អវកាស​អឺរ៉ុប វា​អាចជួយ​ឱ្យ​ការសិក្សា​អំពី​សណ្ឋាន​លើ​ស្ថាន​ព្រះ​ចន្ទ កាន់តែ​ស៊ីជម្រៅ​ជាង​មុន និង​ជា​កិច្ចសហការ​បើកផ្លូវ​ដ៏​រលូន​មួយ​រវាង អឺរ៉ុប-រុស្ស៊ី ក្នុងការ​ស្រាវជ្រាវ​លើ​ស្ថាន​ព្រះ​ចន្ទ​នៅ​ថ្ងៃ​អនាគត​ទៀតផង។

ក្រៅពី​យាន Luna 25 ខាងលើ រុស្ស៊ី បានរៀបចំ​ទុកជា​ស្រេច​នូវ​យាន Luna ទី 26 27, 28 ដល់ 29 សម្រាប់​ឆ្នាំ​បន្ទាប់​ទៀត ដើម្បី​ស្រាវជ្រាវ​នៅត្រង់​តំបន់​មួយ​នៃ​ស្ថាន​ព្រះ​ចន្ទ ស្ថិតនៅ​ជិត​ប៉ូល​ខាងជើង​ស្ថាន​ព្រះ​ចន្ទ។ នៅ​ឆ្នាំ2023 ខាងមុខ រុស្ស៊ី ក៏មាន​គម្រោង​បញ្ជូន​យាន Luna 26 ទៅ​សិក្សា​អំពី​ភាពមិនប្រក្រតី​នៃ​ដែន​ម៉ាញេទិក និង​កម្លាំង​ទំនាញ​នៅក្នុង​ស្ថាន​ព្រះ​ចន្ទ រួមទាំង​ផ្តិត​យក​រូបភាព​អំពី​ទីតាំង​នានា​ផងដែរ។

សហភាពសូវៀត ឬ​សហព័ន្ធរុស្ស៊ី នាពេល​បច្ចុប្បន្ន ជា​មហាអំណាច​ផ្នែក​អវកាស មាន​ធនធានមនុស្ស និង​ធ្លាប់​ផលិត​បាន​គ្រាប់​រ៉ុក្កែត​មុនគេ តាំងពី​ពិភពលោក​មិនទាន់​ជឿនលឿន សូម្បីតែ​អាមេរិក ក៏​ធ្លាប់ជួល​កន្លែង​ធ្វើ​បេសកកម្ម​ដែរ ដូច្នេះ ការឈាន​ជើង​ចូលប្រឡូក​ក្នុង​ពិភព​អវកាស​សាជាថ្មី​នេះ ហាក់ដូចជា​មិន​ពិបាក​ទេ តែ​ក៏​មិន​ប្រាកដ​ជាក់ច្បាស់​ថា ជោគជ័យ 100% ដែរ។

បេសកម្ម​ស្រដៀង​គ្នា​នេះ ធ្លាប់មាន​ប្រទេស​ថ្មីថ្មោងផ្សេងៗ រង​បរាជ័យ​រួចមកហើយ កាលពីពេលថ្មីៗនេះ​ដូចជា៖ ឥណ្ឌា និង​អ៊ីស្រាអែល ចំណែកឯ​ចិន ទទួលបាន​ជោគជ័យ​ក្នុងការ​បញ្ជូន​យាន ទៅ​ចុះចត​នៅ​ទី​ងងឹត​បំផុត​នៃ​ផ្ទៃ​ម្ខាង​របស់​ស្ថាន​ព្រះ​ចន្ទ ព្រមទាំង​កំពុង​ស្រាវជ្រាវ​នៅ​ទីនោះ រហូតមកទល់​បច្ចុប្បន្ន៕

Advertisement