ក្រសួងអប់រំ ប្រកាសផ្តល់ជំនួយដល់អ្នកស្រាវជ្រាវលើប្រធានបទសំខាន់ៗចំនួន3

ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ផ្តល់ជំនួយ​ដល់​ការស្រាវជ្រាវ​លើ​ប្រធានបទសំខាន់ៗចំនួន3 តាមរយៈ​មូលនិធិ​ស្រាវជ្រាវ គំនិត​ច្នៃប្រឌិត និង​នវានុវត្តន៍ ឆ្នាំ2020។

តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា ដើម្បី​ចាប់យក​ឱកាស​ពី​ប​ដិ​វដ្ត​ន៍​ឧស្សាហកម្ម​ទី4 និង​សេដ្ឋកិច្ច​ឌីជីថល ដែល​កំពុង​រីក​ផុស​ឡើង រដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញឱ្យមាន​ការបង្កើត​ប្រព័ន្ធ​អេកូ​ឡូ​ហ្សី ដែល​បង្កលក្ខណៈ​អំណោយផល​ដល់​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍ ការបង្កើត​ថ្មី និង​នវានុវត្តន៍។ នៅ​ឆ្នាំ2020 នេះ ដោយមាន​ការគាំទ្រ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​អប់រំ បាន​បង្កើត​មូលនិធិ​ស្រាវជ្រាវ គំនិត​ច្នៃប្រឌិត និង​នវានុវត្តន៍ (ស.គ.ន) ក្នុង​គោលដៅ​ដើម្បី​រួមចំណែក​លើកកម្ពស់​វប្ប​ធម៌​នៃ​ការស្រាវជ្រាវ បំផុសគំនិត​ច្នៃប្រឌិត និង​ជំរុញ​ការធ្វើ​ន​វា​នុ​វត្ត ដើម្បី​ជា​ប្រយោជន៍​ដល់​វិស័យ​អប់រំ យុវជន និង​កីឡា ដែល​ឆ្លើយតប​នឹង​ទីផ្សារពលកម្ម និង​សាកលភាវូបនីយកម្ម។

ស្ថិតក្នុង​ស្ថានភាព​ចំពោះមុខ នៃ​ការគ្រប់គ្រង​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ក្រសួង​អប់រំ តាមរយៈ​មូលនិធិ​ខាងលើ បា​នប​ញ្ជូ​ល​ការកែលម្អ​ក្របខណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច​ក្នុង​បរិ​កាណ៍ Covid-19នេះ ជា​កត្តា​ចម្បង​មួយ​សម្រាប់​រៀបចំ​កំណត់​ប្រធានបទ​ជាអាទិ​ភាព​នៃ​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍ គំនិត​ច្នៃប្រឌិត និង​នវានុវត្តន៍។

លទ្ធផល​ដែល​គ្រោង​សំណើរ​ទាំងឡាយ​ត្រូវ​សម្រេច​ឱ្យបាន ដើម្បី​ដាក់​មក​មូលនិធិ គឺ​ត្រូវតែ​ជា​លទ្ធផល​រូបី​យ៍ ដែល​អាច​យកទៅ​ប្រើប្រាស់​បានភ្លាមៗ អាច​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ជួបប្រទះ ផ្សារភ្ជាប់​ជាមួយ​តម្រូវការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​សម្រាប់​បរិបទ​កម្ពុជា។

ក្រសួង​ថា​នៅ​ឆ្នាំ 2020នេះ មូលនិធិ ស.គ.ន នឹង​ផ្តល់​ការគាំទ្រ​ជា​ថវិកា​ដល់​ប្រធានបទ​ជា​អាទិភាព​ចំនួន3 គឺ ឌីជីថល​នីយកម្ម​សម្រាប់​ប​ដិ​វដ្ត​ឧស្សាហកម្ម 4.0 ការស្រាវជ្រាវ​អនុវត្ត​លើ​វិស័យ​កសិកម្ម និង​ការស្រាវជ្រាវ​គរុកោសល្យ​សតវត្ស​ទី21៕

Advertisement