ចំណង់ ជាកត្តាសំខាន់មួយក្នុងចំណោមកត្តាសំខាន់នានាដើម្បីសម្រេចការងារ

មនុស្សម្នាក់ៗ អាចធ្វើ​ការងារ​ទៅ​ល្អ​បាន លុះត្រាតែ​ពួកគេ​ធ្វើការ​ងារ​ដោយ​ក្តី​ពេញចិត្ត និង​មាន​ភាព​រីករាយ​ចំពោះ​ការងារ​ទាំងអស់នោះ។ កត្តា​សំខាន់​ដែល​ធ្វើឱ្យមាន​ភាព​ពេញចិត្ត និង​រីករាយ​ក្នុង​ការធ្វើការងារ​នានា​គឺ​ចំណង់។

លោក គីម ដា​រ៉ា ស្ថាបនិក​ស្ថាប័ន​អប់រំ Start Up Community បាន​លើកឡើងថា គន្លឹះ​សំខាន់​ក្នុងការ​ជោគជ័យ​លើ​កិច្ចការ​ណាមួយ​គឺ​ចំណង់​ដ៏​ខ្លាំង។ ដើម្បី​អាច​ចាប់ផ្ដើម​អ្វីមួយ លុះត្រាតែ​អ្នកមាន​ចំណង់​ខ្លាំង​ក្នុងការ​សម្រេច​វា​ឱ្យ​ជោគជ័យ បើ​ចំណង់​មិន​ពិតប្រាកដ​អ្នកនឹង​បោះបង់​មុន​ចាប់ផ្ដើម​ទៅទៀត​ឬ​បោះបង់​នៅពេល​ចាប់ផ្ដើមបាន​បន្តិច។

អ្នក​មិនអាច​ជោគជ័យ​ក្នុង​កិច្ចការ​ច្រើន​ក្នុងពេល​តែមួយ​នោះទេ ព្រោះ​អ្នក​មិនអាច​រក្សា​ចំណង់​ជោគជ័យ​ឱ្យនៅ​ខ្លាំង​ក្នុង​កិច្ចការ​ច្រើន​ព្រម​គ្នា​នោះទេ ហេតុនេះ ចង់​សម្រេច​ការងារ​ណា ដាក់ចិត្ត​ឱ្យ​ខ្លាំង​លើ​កិច្ចការ​នោះ​ដោយ​ប្រមូល​ចំណង់​របស់​អ្នក​ទាំងអស់​ដាក់​លើ​កិច្ចការ​នោះ។

នៅពេលដែល​អ្នកមាន​អារម្មណ៍​ចង់​បោះបង់ មានន័យថា​ចំណង់​ជោគជ័យ​របស់​អ្នក​កំពុង​ផុយស្រួយ​ហើយ ហេតុនេះ​ត្រូវ​ពង្រឹង​ចំណង់​ឡើងវិញ។

នៅពេលដែល​អ្នក​មិនអាច​ចាប់ផ្ដើម​ការងារ​ណាមួយ​តាម​ផែនការ នេះ​បង្ហាញថា​ចំណង់​របស់​អ្នក​ក្នុង​ការងារ​នោះ​មិនទាន់​ខ្លាំង​គ្រប់គ្រាន់​នោះឡើយ ហេតុនេះ​ត្រូវ​ពង្រឹង​ចំណង់​ឱ្យ​ខ្លាំង​ជាងនេះទៀត។

ត្រូវ​ចាំ​ថា លេស​នឹង​កើតឡើង​នៅពេល​ចំណង់​របស់​អ្នក​ចុះខ្សោយ៕

Advertisement