កុមារា​ខ្មែរ​ដែល​ចេះ​និយាយ​16​ភាសា​​ ពេល​នេះ​ជីវិត​បាន​ក្លាយ​ទៅ​ជា​យ៉ាង​ណា​ហើយ​?

កុមារា​ខ្មែរ​ដែល​ចេះ​និយាយ​16​ភាសា​​ ពេល​នេះ​ជីវិត​បាន​ក្លាយ​ទៅ​ជា​យ៉ាង​ណា​ហើយ​?
កុមារា​ខ្មែរ​ដែល​ចេះ​និយាយ​16​ភាសា​​ ពេល​នេះ​ជីវិត​បាន​ក្លាយ​ទៅ​ជា​យ៉ាង​ណា​ហើយ​?

ដោយ​សារ​តែ​ចេះ​និយាយ​បាន​16​ភាសា​ និង​ព្រោះ​តែ​​វីដេអូ​ដែល​ត្រូវ​បាន​អ្នក​ទេស​ចរ​បរទេស​បង្ហោះ​លើ​បណ្ដាញ​សង្គម កុមារា ធុច សាលីក (Thuch Salik) ក៏​មាន​ឈ្មោះ​ល្បី​ល្បាញ​ក្រោយ​រយៈ​ពេល​តែ​មួយ​យប់​ប៉ុណ្ណោះ​។ បច្ចុប្បន្ន​ កុមារា​រូប​នេះ​មាន​ជីវ​ភាព​រស់​នៅ​ខុស​ពី​មុន​ឆ្ងាយ​ណាស់​។

មាន​ឈ្មោះ​ល្បី​ល្បាញ​ដោយ​សារ​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​ស្ត្រី​អ្នក​ជំនួញ​

ធុច​ សាលីក (14​ឆ្នាំ) គឹជា​កុមារា​ម្នាក់​រស់​នៅ​ជា​មួយ​គ្រួសារ​ដែល​មាន​សមាជិក​4​នាក់​នៅក្នុង​ផ្ទះ​ចាស់​ទ្រុឌ​ទ្រោម​មួយ​ខ្នង​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រាសាទ​តាព្រហ្មនៃ​ខេត្ត​សៀមរាប។ រាល់​ព្រឹក​ សា​លីក​ ត្រូវ​ជិះ​កង់​ផ្លូវ​ឆ្ងាយ​ទៅ​សាលា​រៀន​ ហើយ​ល្ងាច​ក៏​ស្ពាយ​កន្ត្រក​វត្ថុអនុស្សាវរីយ៍​ដើម្បី​លក់​ឱ្យ​អ្នក​ទេសចរ​​នៅ​មុខ​ក្លោង​ទ្វារ​ចូល​​ប្រាសាទ​អង្គរវត្ត​។

ដើម្បី​អាច​ទំនាក់​ទំនង​ជាមួយ​ភ្ញៀវ​ទេសចរ​បរទេស​ សាលីក​ និង​ក្រុម​កុមារ​ផ្សេង​ទៀត​ ត្រូវ​រៀន​និយាយ​ភាសា​បរទេស​ដោយ​ខ្លួន​ឯង​។ ប៉ុន្តែ​ កុមារា​ សាលីក​ មាន​លក្ខណៈ​ពិសេស​ជា​ងគេ ​ព្រោះ​តែ​មាន​សមត្ថ​ភាព​ចាប់​យក​ភាសា​បរទេស​បាន​ល្អ​។ សមត្ថភាព​នៃ​ការ​និយាយ​ភាសា​បរទេស​របស់​ សាលីក​ កាន់តែ​រីក​ច្រើនឡើង​​ៗដោយ​សារ​បាន​ប្រាស្រ័យ​ទាក់​ទង​ផ្ទាល់​ជាមួយ​នឹង​អ្នក​ទេសចរ​បរទេស​ជា​រៀង​រាល់​ថ្ងៃ​ រហូត​ដល់​អាច​និយាយ​បាន​16​ភាសា​។

សាលីក​បាន​ឱ្យ​ដឹង​ថា “ដំបូង​ ខ្ញុំ​រៀន​ភាសា​អង់គ្លេស​តិច​តួច​ ប៉ុន្តែ​ក្រោយ​មក ម្ដាយ​ខ្ញុំ​បាន​បញ្ជូន​ខ្ញុំ​ឱ្យ​ទៅ​លក់​​នៅ​ឯភ្នំ​បាក់​ខែង​ ជា​កន្លែង​ដែល​មាន​អ្នក​ទេស​ចរ​ជនជាតិ​ចិន​ច្រើន​ ហើយ​ខ្ញុំ​ក៏​ត្រូវ​រៀន​និយាយ​ជាមួយ​ពួកគេ​។ នៅ​ពេល​ឃើញ​អ្នកទេសចរ​ ខ្ញុំ​​ចាប់​ផ្ដើម​ច្រៀង​ដើម្បី​ទាក់​ទាញ​ពួកគេ​”។

កុមារា ធុច សាលីក (Thuch Salik)
កុមារា ធុច សាលីក (Thuch Salik)

ភាព​ឆ្លាតវៃ​ និងភាព​ក្លាហាន​​របស់​ សាលីក​ បាន​ធ្វើ​ឱ្យ​អ្នក​ទេស​ចរ​ជា​ច្រើន​ចូល​ចិត្ត​ និង​ជួយ​ទិញ​។ ប្រាក់​ដែលរក​បាន​ សាលីក​ តែង​តែ​ប្រគល់​ទាំង​អស់​ជូន​ម្ដាយ​ដើម្បី​ចាត់​ចែង​ទៅលើ​ការ​សិក្សា​របស់​​ សាលីក​ និង​ប្អូន​ប្រុស​ឈ្មោះ​ ធុច​ ទិត្យា​។ សំណាង​ល្អ​សម្រាប់​ សាលីក​ បាន​មក​ដល់​ក្នុង​ឆ្នាំ​2018 នៅ​ពេល​ដែល​បាន​ជួប​ស្ត្រី​អ្នកជំនួញ​​ជន​ជាតិ​ម៉ាឡេស៊ី​ និង​ជា​ blogger ផ្នែក​ទេសចរណ៍​ម្នាក់​។

ស្ត្រី​អ្នកជំនួញ​ខាង​លើ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​នៅ​ពេល​បាន​ឃើញ​សមត្ថ​ភាព​នៃ​ការ​និយាយ​ភាសា​បរទេស​របស់​ សាលីក​។ ស្ត្រី​រូប​នេះ​ក៏​បាន​ថត​សកម្ម​ភាព​ដែល​ សាលីក​ និយាយ​ជា​ភាសា​ចិន​ ជប៉ុន ថៃ​ជា​ដើម​បាន​យ៉ាង​ល្អ​ និង​បាន​បង្ហោះ​វីដេអូ​នេះ​ទៅ​ក្នុង​បណ្ដាញ​សង្គម​ Facebook។ វីដេអូ​នេះ​ក៏ចាប់​ផ្ដើម​ទទួល​បាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​លេង​បណ្ដាញ​សង្គម​​ ដែល​កាល​ណោះ​មាន​អ្នក​ចូល​មើល​ជាង​1​លាន​នាក់​ និង​ចែក​រំលែក​រាប់​ម៉ឺន​លើក​ ក្នុង​​រយៈ​ពេល​តែ​5​ថ្ងៃប៉ុណ្ណោះ​ ​បន្ទាប់​ពី​បាន​បង្ហោះ​។

កុមារា​ខ្មែរ​ដែល​ចេះ​និយាយ​16​ភាសា​​ ពេល​នេះ​ជីវិត​បាន​ក្លាយ​ទៅ​ជា​យ៉ាង​ណា​ហើយ​?
សាលីក​ទទួល​បាន​ការ​ស្វាគមន៍​ពេល​ចុះ​ពី​លើយន្ត​ហោះ​នៅ​ប្រទេស​ចិន

ធុច​ សាលីក​ ក៏​ស្រាប់​តែ​មាន​ឈ្មោះ​ល្បី​ល្បាញ និង​មាន​សារ​ព័ត៌មាន​ជា​ច្រើន​បាន​នាំ​គ្នា​ទៅ​សុំ​សម្ភាស​ និង​រាយការណ៍​។ នៅ​ពេល​ត្រូវ​បាន​អ្នក​យក​ព័ត៌មាន​របស់​ Channel News Asia សួរ​ថា អាច​និយាយ​បាន​ប៉ុន្មាន​ភាសា​ សាលីក​ បាន​ចាប់​ផ្ដើម​រាប់​ និង​ឆ្លើយ​ថា​ 16​ភាសា​ រួម​មាន​ ភាសា​អាល្លឺម៉ង់ អ៊ីតាលី បារាំង អេស្ប៉ាញ អង់គ្លេស​ ម៉ាឡេស៊ី រុស្ស៊ី ថៃ វៀត​ណាម​ កូរ៉េ ជប៉ុន​ និង​ភាសា​តំបន់​ចំនួន​3​ទៀត​របស់​ប្រទេស​ (ចិន​កុកងឺ ចិន​ក្វាង​តុង ចិន​ហៃណាន)។

ជីវិត​ចាប់​ផ្ដើមទទួល​​ជោគ​ជ័យ​ បន្ទាប់​ពី​បាន​ល្បី​ឈ្មោះ​

ក្រោយ​ពី​មាន​ឈ្មោះ​ល្បី​ល្បាញ​នៅ​លើ​បណ្ដាញ​សង្គម សាលីក​ ក៏​ទទួលបា​ន​ការ​អញ្ជើញ​ឱ្យ​ទៅទេសចរណ៍​នៅ​​ប្រទេសចិន​។ ទូរទស្សន៍​ជា​ច្រើន​បាន​នាំ​គ្នា​ផ្ដល់​ជំនួយ​ដល់​គ្រួសារ​របស់​ សាលីក​ ក្នុង​ការ​ទៅ​ធ្វើ​ជា​ភ្ញៀវ​នៃ​កម្ម​វិធី​ផ្សេងៗ។ ទន្ទឹម​នឹង​នេះ ក៏មាន​អ្នកជំនួញ​ ស្ថាប័ន​ និង​ក្រុម​មនុស្ស​ធម៌​ជា​ច្រើន​បាន​ជួយ​ដល់​កុមារា​រូប​នេះ​ ក្នុង​នោះ​ក៏​មាន​ការ​សន្យា​ផ្ដល់​ជំនួយ​ឧបត្ថម្ភ​ការ​សិក្សា​របស់​ សាលីក រហូត​ដល់​រៀន​ចប់​មហា​វិទ្យា​ល័យ​ទៀត​ផង។

កុមារា​ខ្មែរ​ដែល​ចេះ​និយាយ​16​ភាសា​​ ពេល​នេះ​ជីវិត​បាន​ក្លាយ​ទៅ​ជា​យ៉ាង​ណា​ហើយ​?ឆ្នាំ​2019 សាលីក បាន​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​ជា​ផ្លូវ​ការ​នៅ​សាលា​ភាសា​បរទេស​ Hailiang ក្នុង​ខេត្ត​ Zhejiang។ លោក​ឧកញ៉ា​ ឃិត​ ឈឿន​ ដែល​ជា​អគ្គនាយក​ផ្សារ​ KC គឺជា​អ្នក​ឧបត្ថម្ភ​ធំ​ដល់​កុមារា​ សាលីក​។

ទៅដល់​ប្រទេស​ចិន​ នៅពេល​ចុះ​ពី​យន្ត​ហោះ​ភ្លាម​ សាលីក​ ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សិស្ស និង​គ្រូបង្រៀន​ជា​ច្រើន​នៃ​សាលា​ Hailiang។ សាលីក​ ថែមទាំង​ទទួលបា​​ន​បាច់​ផ្កា​ និងការ​រាំ​ច្រៀង​ទទួល​ស្វាគមន៍​ទៀត​ផង​។ បន្ទាប់​ពី​បាន​ចូល​រៀន សាលីក​ ស្នាក់​នៅ​ក្នុង​បន្ទប់​អន្តេវាសិកដ្ឋាន​ជាមួយ​សិស្ស​​ជនជាតិ​កូរ៉េខាង​ត្បូង​ម្នាក់​។

កុមារា​ខ្មែរ​ដែល​ចេះ​និយាយ​16​ភាសា​​ ពេល​នេះ​ជីវិត​បាន​ក្លាយ​ទៅ​ជា​យ៉ាង​ណា​ហើយ​?បច្ចុប្បន្ន សាលីក​ កំពុង​ប្រឹង​ប្រែង​សិក្សា​ខ្លាំង​ណាស់ ហើយ​ប្អូន​ក៏​មាន​បំណង​ប្រឡង​ចូល​សាកល​វិទ្យា​ល័យ​ប៉េកាំង​ផងដែរ​។ សាលីក​ ប្រាប់​ថា “ប្អូន​ចូល​ចិត្ត​សាលា​រៀន​ខ្លាំង​ណាស់​។ ប្អូន​ដឹង​ថា អក្សរ​​ចិន​ពិត​ជា​ពិបាក​សរសេរ ប៉ុន្តែ​ការ​និយាយ​វិញ ប្អូន​មិន​បាន​​ជួប​ការ​លំបាក​អ្វី​នោះ​ទេ​។ ផ្នែក​គណិត​វិទ្យា​ និង​ភាសា​អង់គ្លេស​ក៏​មិន​មាន​បញ្ហា​ដែរ​”។

មិត្ត​ភក្ដិ​ក្នុង​សាលា​រៀន​នេះ អ្នក​ណា​ៗ​ក៏​ស្រលាញ់​ចូលចិត្ត​សាលីក​។ សិស្ស​ជនជាតិ​ចិន​ម្នាក់​បាន​សម្ដែង​ចំណាប់​អារម្មណ៍​ថា “ប្អូន​ចង់​រៀន​សូត្រ​ពី​ សាលីក​។ សាលីក​ ពិត​ជា​អស្ចារ្យ​ណាស់​។ គេ​ចេះ​ច្រើន​ភាសា​។ ស្ថាន​ភាព​របស់​ប្អូន​ល្អ​ជាង​ សាលីក​ ឆ្ងាយ​ណាស់ ប៉ុន្តែ​បែរ​ជា​រៀន​មិន​បាន​ល្អ​ដូច​ សាលីក”។

ក្រៅ​ពី​ជនជាតិ​ចិន សាលីក​ ក៏​មាន​មិត្ត​ភក្ដិ​ជា​ជនជាតិ​កូរ៉េខាង​ត្បូង​ដែរ​។ សាលីក​ តែង​តែ​លេង​បាល់​ទះ និង​បាល់​បោះជា​មួយ​អ្នក​គ្រប់​គ្នា​ក្រោយពី​ចប់​ម៉ោង​សិក្សា​​ បើ​ទោះ​ជា​មាន​រូប​រាង​ “តូច​ ស្គម” ជាង​មិត្ត​ភក្ដិ​ផ្សេង​ៗក៏ដោយ​។ លោក​ ហានណា វ៉ាង​ (Hannah Wang) ដែល​ជា​គ្រូរបស់​ សាលីក​ ឱ្យ​ដឹង​ថា “សិស្ស​ម្នាក់​នេះ​ពិត​ជា​ស្ដាប់​បង្គាប់​ និង​ឧស្សាហ៍​រៀន​សូត្រ​ណាស់​។ ប៉ុន្តែ​ ខ្ញុំ​សង្ឃឹម​ថា សាលីក​ នឹង​កែលម្អ​ទម្លាប់​ហូប​ចុក គេ​គួរ​តែ​ហូប​ឱ្យ​បាន​គ្រប់​គ្រាន់​ជា​រៀង​រាល់​ថ្ងៃ​ ដើម្បី​សុខភាព​បាន​ប្រសើរ​ឡើង​”។

ធុច សាលីក (ស្ដាំ) ជាមួយ​ម្ដាយ និង​ប្អូន​ប្រុស​ ធុច​ ទិត្យា

ចំណែក​ក្រុម​គ្រួសារ​របស់​ ធុច​ សាលីក​ វិញ សមាជិក​គ្រួសារ​ទាំង​អស់​បាន​មក​រស់នៅ​ក្នុង​ក្រុង​ភ្នំ​ពេញ​ ដោយ​មាន​ការ​ជ្រោម​ជ្រែក​របស់​ក្រុម​អ្នក​ឧបត្ថម្ភ និង​ស្ថាប័ន​មនុស្ស​ធម៌​នានា។ នៅភ្នំ​ពេញ ពួក​គេ​បន្ត​មុខ​របរ​លក់​គ្រឿង​អលង្ការ​ឱ្យ​ភ្ញៀវ​ទេសចរ​​៕

Advertisement