ឆ្នាំនេះ សាលាឯកជនជាអ្នកចេញវិញ្ញាសាប្រឡងបាក់ឌុបខ្លួនឯង តែត្រូវទទួលខុសត្រូវចំពោះមុខក្រសួង

នៅ​ឆ្នាំ​សិក្សា 2019-2020នេះ ដោយសារតែ​ការ​រាតត្បាត​នៃ​ជំងឺ Covid-19 ក្រសួង​អប់រំ យុវជន និង​កីឡា បានអនុញ្ញាត​ឱ្យ​សាលារៀន​ឯកជន​ទាំងអស់​សិក្សា​ពី​ចម្ងាយ និង​រៀបចំ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ដោយ​ខ្លួនឯង។

តាម​ការបញ្ជាក់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នាពេលថ្មីៗនេះ​បានឱ្យដឹងថា ការតាក់តែង រៀបចំ វិញ្ញាសា​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ គឺ​គ្រប់គ្រង​ដោយ​គ្រឹះស្ថានសិក្សានីមួយៗ ដោយ​គោរព​ទៅតាម​គោលការណ៍​របស់​ក្រសួង​អប់រំ។

គោលការណ៍​ដែល​ក្រសួង​អប់រំ បានកំណត់​សម្រាប់​គ្រឹះស្ថានសិក្សា​ឯកជននីមួយៗគឺ ការតាក់តែង​វិញ្ញាសា​ប្រឡង ត្រូវ​យកតាម​កម្មវិធី​សិក្សា​មធ្យមសិក្សា​ទុតិយភូមិ និង​យក​វិញ្ញាសា​ដែល​ក្រសួង​បានចេញ​កន្លងមក​ធ្វើជា​ស្តង់ដា​គោល ហើយ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ក្រសួង​ក្នុងការ​គ្រប់គ្រង​វិញ្ញាសារ។ បន្ថែម​ពីលើ​នេះ ចំពោះ​វិញ្ញាសារ​សម្រាប់​ចែក​ឱ្យ​បេក្ខជន ត្រូវ​រៀបចំ​ទៅតាម​បេក្ខជន និង​វិញ្ញាសារ​សម្រាប់​ចម្លង​ដាក់​ក្តារខៀន ត្រូវ​រៀបចំ​ទៅតាម​ចំនួន​បន្ទប់​ប្រឡង។ បន្ទាប់ពី​ដំណើរការ​វិញ្ញាសាសរសេ​រ​នៃ​វិញ្ញាសានីមួយៗ ត្រូវ​រៀបចំ​ដាក់​ក្នុង​ស្រោម​បិទ​សម្ងាត់ sceller រួច​ផ្តល់ជូន​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដោយផ្ទាល់​ដើម្បី​ពិនិត្យ​លើ​កម្រិត​វិញ្ញាសារ។ ដោយឡែក​មណ្ឌល​ដែល​នៅតាម​ខេត្ត​អាច​បញ្ជូនមក​ក្រសួង​នៅពេល​បញ្ចប់​ដំណើរការ​វិញ្ញាសាសរសេ​រ៕

Advertisement