រដ្ឋាភិបាលអនុញ្ញាតឱ្យគ្រឹះស្ថានអប់រំក្រោមក្រសួងការងារដំណើរការការងារមួយចំនួនរបស់ខ្លួនឡើងវិញ

ក្រោយពី​មានការ​ស្នើសុំ​ពី​គ្រឹះស្ថានសិក្សា​នានា​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជុំវិញ​បញ្ហា​បើក​ស្ថាប័ន​របស់ខ្លួន​ឡើងវិញ រាជរដ្ឋាភិបាល បានចេញ​សេចក្តីសម្រេច​អនុ​ញ្ញា​ឱ្យ​បើក​ឡើងវិញ​នូវ​ដំណើរ​ការងារសំខាន់ៗមួយចំនួន​ឡើងវិញ។

តាមរយៈ​លិខិត​ដែល​ចេញ​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​បើក​ឡើងវិញ​នូវ​រោង​ជាង បន្ទប់ពិសោធន៍ មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព និង​ការប្រឡង​បញ្ចប់​ការពារ​សារ​ណា ឬ​និក្ខេបបទ​បញ្ចប់​ការសិក្សា នៅ​គ្រឹះស្ថាន​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ក្រោម​ឱវាទ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

តែ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ គ្រឹះស្ថាន​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ទាំងអស់ ត្រូវ​អន​វុត្ត​វិធាន​អនាម័យ និង​ការពារ តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល និង​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ជំងឺ Covid-19៕

Advertisement