សម័យប្រឡងបាក់ឌុបសម្រាប់សាលាឯកជនឆ្នាំនេះ ចំថ្ងៃដែលរដ្ឋាភិបាលប្រកាសឱ្យឈប់សម្រាកសងថ្ងៃចូលឆ្នាំ

ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីណែនាំ ដោយ​បញ្ជាក់ថា​សម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នាំ​សិក្សា 2019-2020 នេះ​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី 17 ខែសីហា ឆ្នាំ2020 ដែល​ថ្ងៃនេះ​ចំ​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​អ្នកធ្វើការងារ​ទាំងអស់​ឈប់សម្រាក​សង​ថ្ងៃ​ចូលឆ្នាំ។

ក្រសួង​អប់រំ​បាន​បញ្ជាក់ថា ដោយសារ​តែមាន​ការរីក​រាលដាល​ជំងឺ Covid-19 ក្រសួង​អប់រំ យុវជន និង​កីឡា អនុញ្ញាតឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​បង្រៀន និង​រៀន​តាម​ការសិក្សា​ពី​ចម្ងាយ និង​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ដោយ​ខ្លួនឯង។

ជា​នីតិវិធី គ្រឹះស្ថានសិក្សា​ឯកជន​ត្រូវដាក់​ពាក្យស្នើសុំ​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដោយ​ភ្ជាប់​បញ្ជីរាយនាម​បេក្ខជន​ត្រូវ​ប្រឡង​មក​ក្រសួង តាមរយៈ​មន្ទី​អប់រំ យុវជន និង​កីឡា​រាជធានី​ខេត្ត​ឱ្យបាន​មុន​ដំណាច់ខែ​កក្កដា ឆ្នាំ2020 ជា​កំហិត ដើម្បី​ពិនិត្យ និង​ទទួលស្គាល់។

ក្នុងករណី​គ្រឹះស្ថានសិក្សា​ឯកជន​ណា​ដែល​មិនមាន​លទ្ធភាព​រៀបចំ​កា​រ​ប្រឡង​ដោយ​ខ្លួនឯង ត្រូវ​រង់ចាំ​ចូលរួម​ជាមួយ​សិស្ស​នៃ​គ្រឹះស្ថានសាធារណៈ​នៅពេល​ក្រោយ តាម​ការជូនដំណឹងរ​បស់​ក្រសួង៕

Advertisement