វេសឡាញបន្តផ្តល់ការសិក្សាពីចម្ងាយ និងបន្ថែមកម្មវិធីបច្ចេកវិទ្យាគាំទ្រ

ដើម្បី​បន្ត​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ19បន្តទៀត​ជាមួយ​រាជរដ្ឋាភិបាល បណ្តាញ​គ្រឹះស្ថាន​អប់រំ ទាំង14សាខា ត្រូវ​បន្ត​ផ្តល់​ការសិក្សា​ពី​ចម្ងាយ​ដល់​សិស្ស និង​បន្ថែម​កម្មវិធី​បច្ចេកវិទ្យា​គាំទ្រផ្សេងៗ ក្នុងការ​បង្កើន​គុណភាព​សិក្សា​ឱ្យ​កាន់តែ​ប្រសើរឡើង។ នេះ​ជា​លើកឡើង​របស់លោក ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ក្នុង​កិច្ចប្រជុំ​វាយតម្លៃ​គុណភាព​សិក្សា​ពី​ចម្ងាយ។

លោក​អគ្គ​នាយ​បានឱ្យដឹង​ទៀតថា ឆ្លងតាម​ការអនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា ក្នុង​ផ្តល់​ការសិក្សា​ពី​ចម្ងាយ​កន្លងមក សិស្ស​អាច​ទទួល​ចំណេះ​បាន​ប្រសើរ ចេះ​ប្រើប្រាស់​ប​ចេ្ច​ក​វិទ្យា និង​ស្វ័យ​សិក្សា។ លោក​បាន​បន្ថែមទៀតថា ការសិក្សា​ពី​ចម្ងាយ​ជាមួយ​គ្រូបង្រៀន​តែមួយ​ផ្នែក​មិនអាច អាច​គាំទ្រ​ការសិក្សា​ឱ្យ​ប្រសើរ​នោះទេ ដូចនេះ​សាលារៀន​បាននិងកំពុង​បង្កើត​កម្មវិធី វេទិកា​មួយចំនួន ដើម្បី​បំពេញបន្ថែម​ដូន​ដល់​សិស្ស និង​អ្នកអាណាព្យាបាល​ដូចជា៖ 1. ការបង្រៀន​ពី​ចម្ងាយ​តាម​កាលវិភាគ​ប្រចាំថ្ងៃ (Zoom, Facebook…) គ្រប់​កម្មវិធី 2. កញ្ចប់​សិក្សា និង​ឧបករណ៍​ល្បែង​សិក្សា​សម្រាប់​កុមារ​តូច 3. ការប្រឹក្សា​យោបល់​ចិត្តសាស្ត្រ​ជូន​សិស្ស និង​អ្នកអាណាព្យាបាល 4. វេទិកា​សិក្សា​បន្ថែម​តាមរយៈ Tesdopi App (វីដេអូ ការវាស់ស្ទង់​សមត្ថភាព…) សម្រាប់​សិស្ស​ម​ត្តេ​យ្យ​ភាសា​អង់គ្លេស និង​ខ្មែរ សិស្ស​បឋមសិក្សា និង​សិស្ស​ភាសា​អង់គ្លេស​សម្រាប់​កុមារ (Young Learners Program) 5. ការសិក្សា​តាម App របស់​ក្រុមហ៊ុន​ដៃគូ Sangapac (សម្រាប់​ថ្នាក់បឋមសិក្សា) និង E-School (សម្រាប់​ថ្នាក់មធ្យមសិក្សា) 6. កម្មវិធី​ទូរទស្សន៍​អប់រំ​អន​ឡាញ WEG Education TV (កម្មវិធី​នាទី​កុមារ គេហកិច្ច ចំណេះដឹង​អភិវឌ្ឍ​បុគ្គល ការងារ និង​ជំនួញ) 7. WEG Education Youtube Channel 8. វេទិកា​ទំនាក់ទំនង​សាលារៀន និង​អ្នកអាណាព្យាបាល (Telegram & Facebook) 9. វេទិកា​ធុរៈកិច្ច​សម្រាប់​អ្នកអាណាព្យាបាល (Telegram Group) 10. មធ្យោបាយ​បង់ថ្លៃ​សិក្សា​តាម App របស់​ធនាគារ​ដៃគូ 11. App គ្រប់គ្រង​សាលារៀន និង​ទំនាក់ទំនង​សិស្ស-អ្នកអាណាព្យាបាល (កំពុង​ត្រូវបាន​បង្កើត និង​គ្រោង​ដាក់ឱ្យ​ប្រើប្រាស់​ចាប់ពី​ខែកក្កដា​តទៅ)។

លោក​អគ្គនាយក​បាន​សូម​សំណូមពរ​ដល់​អ្នកអាណាព្យាបាល និង​សិស្សានុសិស្ស​ចូលរួម​សហការ​ជា​វិជ្ជមាន និង​យល់យោគ​បំផុត ដើម្បី​បន្ត​ធានា​និរន្ត​ភាព​សាលារៀន ការបន្ត​ការអប់រំ​ពី​ចម្ងាយ ជីវភាព និង​ទឹកចិត្ត​គ្រូបង្រៀន បុគ្គលិក​សិក្សា​ទាំងអស់ ហើយ​សាលារៀន​ក៏​នឹងត្រូវ​បន្ត​តស៊ូ​ផ្តល់​ការសិក្សា​ពី​ចម្ងាយ​រហូតដល់​មានការ​ណែនាំ​ជាថ្មី​ពី​រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា​បណ្តាញ​គ្រឹះស្ថាន​អប់រំ​របស់​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប មាន៖ សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ 9សាខា សាលារៀន​ណ​ត្ស​ឡា​ញន៍ 1សាខា សាលា​អន្តរជាតិ អេប​ផល​ទ្រី 1សាខា សាលា​អន្តរជាតិ ហ្វ​រ៉េ​ស​ហ៊ា​ល 1សាខា សាលា​ភាសា​អង់គ្លេស លី​ឌឺ​លែ​ន 1សាខា និង​វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ 1សាខា៕

Advertisement