រឿងតុក្កតាគ្មានសំឡេងនិយាយគ្រោះថ្នាក់ដល់កុមារបើគ្រប់គ្រងមិនល្អ

បច្ចុប្បន្ននេះ ដោយសារតែការរីកចម្រើនខ្លាំងផ្នែកបច្ចេកវិទ្យា បានធ្វើ​គ្រប់គ្នាមានទូរស័ព្ទដៃឆ្លាតវៃ (smart phone) ប្រើប្រាស់ ដោយក្នុងនោះរួមទាំងកុមារតូចៗផងដែរ។ ជារៀងរាល់ថ្ងៃគេសង្កេតឃើញថា កុមារខ្មែរយើងជាច្រើនកំពុងត្រូវបានអាណាព្យាបាលបណ្តែតបណ្តោយឱ្យប្រើប្រាស់ទូស័ព្ទដើម្បីមើលវីដេអូ ឬដើម្បីលេងស្ទើររៀងរាល់ថ្ងៃ។ បញ្ហានេះត្រូវបានអ្នកចិត្តសាស្រ្តបញ្ជាក់ថាអាចគ្រោះថ្នាក់ដល់កុមារតូចៗប្រសិនបើអាណាព្យាបាលគ្រប់គ្រងមិនល្អ។

តាមគេហទំព័រ Psychology today បានបញ្ជាក់ថា កុមារតូចអភិវឌ្ឍសមត្ថភាពតាមរយៈការបញ្ចូលព័ត៌មានពីគ្រប់ទិសទៅទៅកាន់ខួរក្បាល ដូចជាការរៀននិយាយ ការរៀនគិត និងការរៀន​បញ្ចេញសកម្មភាពជាដើម។ រូបភាព ឬសំឡេងទាំងឡាយណាដែលចូលទៅក្នុងខួរក្បាលរបស់គេ នឹងក្លាយជាប្រភពព័ត៌មានដែលបកប្រែឱ្យក្លាយជាបញ្ញា ឬឥរិយាបថជាក់ស្តែងរបស់ក្មេង។

បញ្ហាដែលកំពុងជួបប្រទះនៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ គឺក្មេងកាន់តែច្រើនឡើងៗមិនចេះនិយាយ បើទោះពីជាពួកគេដល់វ័យត្រូវនិយាយ ឬហួសវ័យដែលត្រូវចេះនិយាយហើយក៏ដោយ។ ជាក់ស្តែង​ មានកុមារខ្លះ​មានអាយុជិត4ឆ្នាំទៅហើយ តែពួកគេមិនដែលនិយាយ ឬទំនាក់ទំនងជាមួយមនុស្សធំនោះទេ។ បញ្ហានេះ ត្រូវបានស្ថាប័នចិត្តសាស្ត្រខាងលើបញ្ជាក់ថាអាចបណ្តាលមកពីការទំនាក់ទំង និងបញ្ចូលព័ត៌មានមិនល្អទៅកាន់ខួរក្បាល។ ជាធម្មតាក្មេងត្រូវការ​រស់នៅដោយសង្កេតពីសកម្មភាព សន្ទនា និងរៀនតាមមនុស្សធំ តែពេលពួកគេប្រើប្រាស់ពេលវេលាភាគច្រើននៅជាមួយឧករណ៍បច្ចេកវិទ្យា ដែលធ្វើឱ្យគេមិនចង់និយាយ ឬមិនចង់ទាក់ទងជាមួយមនុស្ស។

បន្ថែមពីលើនេះ កុមារតូចៗដែលមិនទាន់ចេះនិយាយ ភាគច្រើនចូលចិត្តមើល​តុក្កតាដែលមិនមានសំឡេង។ បញ្ហានេះត្រូវបានអ្នកជំនាញចិត្តសាស្ត្រយល់ឃើញថា វាអាចប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពនិយាយរបស់កុមារ ព្រោះក្មេងតូចៗមិនបានរៀនភាសាអ្វីទាំងអស់ក្រៅពីសកម្មភាពដែលគេមើលរាល់ថ្ងៃ។ ហេតុនេះបន្តិចម្តងៗ ពួកគេនឹងប្រើភាសាកាយវិកាដើម្បីជំនួសឱ្យការនិយាយស្តី ដែលបង្កើតជាក្តីព្រួយបារម្ភយ៉ាងធំសម្រាប់អាណាព្យាបាល៕

Advertisement