ក្រសួង​អប់រំ ជ្រើសរើស​បេក្ខជន​ជាប់​បាក់​ឌុប​ជិត ១០,០០០ នាក់ ឱ្យ​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​ដោយ​មិន​បង់ថ្លៃ

ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ជ្រើសរើស​បេក្ខជន​ជាប់​បាក់​ឌុប ចំនួន ៩,៨១៨ នាក់ ឱ្យទទួល​អាហារូបករណ៍ ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​ដោយ​មិន​បង់ថ្លៃ នេះ​បើតាម ឯកឧត្តម​បណ្ឌិត រស់ សុ​វាចា អ្នកនាំពាក្យ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។

បេក្ខជន​ជាប់​បាក់​ឌុប ចំនួន ៩,៨១៨ នាក់ ដែល​ត្រូវបាន​ជ្រើសរើស នឹងត្រូវ​ទទួលបាន​អាហារូបករណ៍ ១០០% សម្រាប់​ឆ្នាំ​សិក្សា ២០២១-២០២២។

ឯកឧត្តម​បណ្ឌិត រស់ សុ​វាចា អគ្គលេខាធិការ ​ក្រសួងអប់រំ យុវជន និង​កីឡា ក៏​​បានបញ្ជាក់​ថា បេក្ខជន​ដែល​ចុះឈ្មោះ​សុំ​អាហារូបករណ៍ នឹងត្រូវ​ទទួលយក​ល​ក្ខ​ខណ្ឌ​ចំនួន ២ គឺ៖ ទី ១ ជ្រើសរើស​តាម​ប្រព័ន្ធ​កុំព្យូទ័រ ដោយ​ផ្អែកលើ​និទ្ទេស​រួម​នៃ​លទ្ធផល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០២០-២០២១។ ចំណែក លក្ខខណ្ឌ​ទី ២ គឺ​តាមរយៈ​ការប្រឡង​របស់​បេក្ខជន​នៅតាម​គ្រឹះស្ថានសិក្សា​នានា និង​មិនទាន់បាន​ជាប់​អាហារូបករណ៍​នៅ​ឡើយ។

គួរ​រំលឹក​ផងដែរ​ថា យោងតាម​លទ្ធផល​ដែល​បង្ហាញ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅក្នុង​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី ២៧ ធ្នូ ២០២១ មាន​បេក្ខជន​ប្រឡង​ជាប់​សរុប​ចំនួន​ជាង ៧០,០០០ នាក់ ស្មើនឹង ៦៥,៦៥% ក្នុងនោះ បេក្ខជន​ជាប់​និទ្ទេស A មាន​រហូតដល់ ១,៧៥៣ នាក់ ដែល​តួលេខ​នេះ​ខ្ពស់ជាង​ឆ្ងាយ បើ​ធៀប​នឹង​បេក្ខជន​ជាប់​និទ្ទេស A ៤៤៣ នាក់ កាលពី​ឆ្នាំ ២០១៩៕

Advertisement