ការអះអាងដែលថា កម្ពុជា ជាប់ចំណាត់ថ្នាក់ទី៤ ស្ដីពីនិស្សិតវេជ្ជសាស្ត្រចុះកម្មសិក្សាច្រើននៅ ប្រទេសបារាំង នេះ ត្រូវបាន ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឺឡេ លើកឡើងនៅឯស្ថានទូតបារាំង ប្រចាំ កម្ពុជា ក្នុងពិធីចុះហត្ថលេខាលើសេចក្ដីប្រកាសគោលបំណងនៃកិច្ចសហប្រតិបត្តិការ រវាងស្ថានទូតបារាំង និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលកម្ពុជា។
ក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃទី ១៣ មករា ២០២២ នេះ មានវត្តមានរបស់ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឺឡេ លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សានៃក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលកម្ពុជា និង លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត រួមនឹងវត្តមានភ្ញៀវជាតិ អន្តរជាតិ រួមទាំងនិស្សិតស.វ.ស ដែលបានទទួលអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតឯកទេស DFMS/DFMSA ទើបត្រលប់មកពីធ្វើកម្មសិក្សានៅប្រទេសបារាំង ផងដែរ។
លោក ហ្សាក់ ប៉ឺឡេ បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការនេះនឹងជួយលើកកម្ពស់ភាពជាដៃគូរបស់ បារាំង ជាមួយនឹង សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលកម្ពុជា សម្រាប់ការបណ្ដុះបណ្ដាល ការសិក្សាស្រាវជ្រាវ ការផ្លាស់ប្ដូរសាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងនិស្សិត។ល។
លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានថ្លែងអំណរគុណដល់ភាគីបារាំង ក្រោមការគាំទ្រពេញទំហឹងពីស្ថានទូតបារាំងប្រចាំកម្ពុជា ដែលបានសហការយ៉ាងល្អជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលកម្ពុជា ដែលទទួលបានសមិទ្ធិផលល្អប្រសើរ។
គួររំព្ញកជូនថា ចាប់ពីឆ្នាំ ១៩៩៦ មកដល់ឆ្នាំ ២០២០ និស្សិតវេជ្ជសាស្ត្រស.វ.ស (ផ្នែកវេជ្ជសាស្ត្រទូទៅ និងឯកទេស) សរុបចំនួន ៩០៣ នាក់របស់ កម្ពុជា បានបន្តការសិក្សា ឬធ្វើកម្មសិក្សានៅប្រទេសបារាំង។ ដោយឡែក ឆ្នាំ ២០២១ និស្សិតស.វ.ស ចំនួន ៥៨ នាក់ នឹងចុះកម្មសិក្សានៅ តាម ២១ មន្ទីរពេទ្យនៃគ្រឹះស្ថានបណ្តុះបណ្តាលល្បីៗនៅ ប្រទេសបារាំង៕