ជំនាញ​បច្ចេកទេស ជា​អាជីព​ដែល​កម្ពុជា​កំពុង​ត្រូវការ

ក្រាយ​ពេល​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ​សិស្ស​ជាច្រើន​កំពុង​ព្រួយបារម្ភ និង​ពិបាក​សម្រេចចិត្ត​ក្នុងការ​ជ្រើសរើស​ជំនាញ​សិក្សា​នៅ​មហាវិទ្យាល័យ​ហើយក៏​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ថា​កម្ពុជា​កំពុង​ត្រូវការ​ធនធានមនុស្ស​ផ្នែក​ណាខ្លះ​ហើយ​អាជីព​ណាខ្លះ​ដែល​កំពុងមាន​ទីផ្សារ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​ឯកឧត្តម​ហង់​ជួនណា​រ៉ុ​ន​បាន​លើកឡើងថា​ធនធានមនុស្ស​នៅ​កម្ពុជា​មិនទាន់​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ទីផ្សារការងារ​ទាំងស្រុង​នៅឡើយ​ទេ​នាពេល​បច្ចុប្បន្ននេះ​ដោយសារតែ​សិស្ស​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​រាប់ម៉ឺន​នាក់​ពុំ​សូវ​មាន​សមត្ថភាព និង​គុណភាព​គ្រប់គ្រាន់​ដើម្បី​ចូល​បម្រើ​ការងារ​ជាពិសេស​គឺ​មិនទាន់មាន​ជំនាញ​ទន់។ ម្យ៉ាងវិញទៀត​សិស្ស​ភាគច្រើន​ចូលចិត្ត​សិក្សា​ផ្នែក​គ្រប់គ្រង​ធុរកិច្ច​ហើយ​មិនសូវ​ចាប់យក​អាជីព​បច្ចេកទេស​ដើម្បី​សិក្សា​នោះឡើយ។

ឯកឧត្តម​ហង់ ជួនណា​រ៉ុ​ន​បាន​មានប្រសាសន៍ថា៖ «ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​ក្រសួង​អប់រំ​យុវជន និង​កីឡា​នឹង​ពង្រឹង​វិស័យ​អប់រំ​តាមរយៈ​ការបង្កើន​អភិបាលកិច្ច​ល្អ​ក្នុង​វិស័យ​អប់រំ​ពង្រឹងគុណភាព​គ្រឹះស្ថានសិក្សា​បណ្តុះបណ្តាល​គ្រូបង្រៀន និង​បង្កើន​គម្រោង​ដើម្បី​ជំរុញ​ឬ​អប់រំ​សិស្ស​ឱ្យ​ជ្រើសរើស​ជំនាញ​ស្របទៅនឹង​តម្រូវការ​នៃ​ទីផ្សារ​ជាពិសេស​គឺ​ជំ​រុញឱ្យ​សិស្ស​សិក្សា​ផ្នែក​បច្ចេកទេស​ឱ្យបាន​ច្រើន»។

បង្ហាញ​លើ​ចំណុច​ដូចគ្នានេះ​ឯកឧត្តម​ពេ​ជ សុ​ភ័ន​រដ្ឋលេខាធិការ​ក្រសួង​ការងារ​បាន​លើកឡើងថា កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​ពលកម្ម និង​អ្នកជំនាញ​ផ្នែក​បច្ចេកទេស។ ការកើនឡើង​នូវ​ភាពមិន​ស៊ីចង្វាក់​គ្នា​រវាង​ការផ្គត់ផ្គង់ និង​តម្រូវ​ការជំនាញ​នេះ​បណ្តាលមកពី​ការបណ្តុះបណ្តាល​នៅ​កម្រិត​ទូទៅ និង​កម្រិត​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​មិនទាន់​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ទាំង​បរិមាណ និង​គុណភាព។

ឯកឧត្តម​មានប្រសាសន៍​ថា៖«តាម​ការ​ព្យាករ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​អាច​នឹងមាន​ការកើនឡើង​ច្រើន​នូវ​តម្រូវការ​ពលកម្ម​ជំនាញ​ជាពិសេស​ក្នុង​វិស័យ​សំណង់ និង​កសិកម្ម​បើទោះបី​ជាមាន​ការបើក​ឱ្យមាន​លំហូរ​ពលកម្ម​ដោយ​សេរី​នូវ​ពលកម្ម​ជំនាញ​មួយចំនួន​ដូចជា​វិស្វកម្ម​គិលានុបដ្ឋាក​សេវា​វាស់​ស្ទង់​វិជ្ជាពេទ្យ​ទន្តពេទ្យ​សេវាកម្ម​គណនេយ្យ និង​អ្នកឯកទេស​ទេសចរណ៍​ជាដើម»។

ឯកឧត្តម​ពេ​ជ សុ​ភ័ន​បាន​បន្ថែមទៀតថា តាមរយៈ​ការយកចិត្តទុកដាក់​លើ​ការធ្វើកំណែទម្រង់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើឱ្យ​អ្នកវិនិយោគ​ចាប់អារម្មណ៍​មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា​ក្នុង​វិស័យ​មួយចំនួន​ដូចជា​គ្រឿងយន្ត និង​មេកា​និក​អេឡិចត្រូនិក​កសិឧស្សាហកម្ម និង​ការវិនិយោគ​ដែលមាន​តម្លៃ​ខ្ពស់​បន្ថែម​លើ​ការវិនិយោគ​លើ​ឧស្សាហកម្ម​ដែលមាន​ស្រាប់​ដើម្បី​ផ្តល់ឱកាស​ការងារ​កាន់​តែ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ​និង​ធានាបាន​នូវ​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច៕

Advertisement