ល្បឿន​លឿន​ជាង​មុន​រហូត 8ដង ប៉ុន្តែ​ប្រើ​បានតែ​ជាមួយ​ស្មា​ត​ហ្វូ​ន 3ម៉ូ​ដែល​ប៉ុណ្ណោះ

កាលពីដើម​សប្ដាហ៍​នេះ​ក្រុមហ៊ុន​បណ្ដាញទូរស័ព្ទ Smart បានធ្វើ​ការបើក​ឱ្យ​ដំណើរ​ប្រព័ន្ធ​បច្ចេកវិទ្យា 4.5G ជាមួយនឹង​ទំហំ​ទឹកប្រាក់​វិនិយោគ​រហូតដល់​ទៅ 80 លាន​ដុល្លារ ដែល​ក្រុមហ៊ុន​អះអាងថា ធ្វើឱ្យ​ល្បឿន​អ៊ី​ន​ធើ​ណិ​តរបស់​ខ្លួន​មាន​ល្បឿន​លឿន​ជាង​មុន​រហូតដល់​ទៅ 8 ដង ដែល​វា​រឿង​មួយ​គួរឱ្យ​រីករាយ​ណាស់​សម្រាប់​ការប្រើប្រាស់ ប៉ុន្តែ​អ្វីដែល​គួរឱ្យ​សោកស្ដាយ​នោះ គឺ​ប្រព័ន្ធ​ថ្មី​នេះ​អាច​ប្រើ​បានតែ​លើ​ស្មា​ត​ហ្វូ​ន​ចំនួន 3 ម៉ូ​ដែល​ប៉ុណ្ណោះ​នាពេល​បច្ចុប្បន្ន។

 តាម​ការបញ្ជាក់​ពី​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart លោក ថូ​ម៉ាស ហ៊ុន បានឱ្យដឹងថា បច្ចុប្បន្ន​ប្រព័ន្ធ​បច្ចេកវិទ្យា 4.5G នេះ​មាន​ល្បឿន​អតិបរមា 1Gbps ដោយ​អាច​ប្រើ​បាន​លើ​ទូរស័ព្ទ​ម៉ូ​ដែល​ចុងក្រោយ​បំផុត​របស់​ក្រុមហ៊ុន Samsung ក្រុមហ៊ុន Sony និង​ក្រុមហ៊ុន Huawei

 លោក​បញ្ជាក់ថា៖«អ្វីដែល​យើង​ច្បាស់​ការណ៍​នៅពេលនេះ គឺមាន​តែ 3 ម៉ូ​ដែល​ប៉ុណ្ណោះ ដែល​អាច​ដំណើរការ​បច្ចេកវិទ្យា 4.5G នេះ​បាន ដូចជា​ទូរស័ព្ទ Samsung Galaxy S8 / S8 Plus, Huawei P10 / P10 Plus និង​ទូរស័ព្ទ Sony Xperia XZ Premium»

 យើង​រំពឹងថា ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​កាន់តែច្រើន​នឹង​បញ្ចូល​មុខងារ​គាំទ្រ​បច្ចេកវិទ្យា​នេះ​តាមរយៈ​ការ Upgrade Software នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ។ ការប្រើប្រាស់​បច្ចេកវិទ្យា 256QAM 4×4 MIMO និង​ពហុ​បណ្តាញ​រួមគ្នា (Multi Carrier Aggregation) បណ្តាញ​សេវា​របស់ Smart អាច​សម្រេចបាន​រហូត​ដល់ 600 Mbps នៅក្នុង​តំបន់​មួយចំនួន គិត​មកដល់​បច្ចុប្បន្ន។

 ទាំងអស់នេះ​មានន័យថា ក្រៅពី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​បាន​រៀបរាប់​ខាងលើ គឺ​នៅ​មិនទាន់​អាច​ទទួលបាន​បទពិសោធ​ថ្មី​នៃ​បច្ចេកវិទ្យា 4.5G នេះ​នៅឡើយ​ទេ។ ទោះជា​យ៉ាងណា Smart មិនបាន​បញ្ជាក់​ពី​របៀប​មើល​ដើម្បី​ដឹងថា តើ​ត្រូវ​មើល ឬ​ពិនិត្យ​លើ​លក្ខណសម្បត្តិ​ស្មា​ត​ហ្វូ​ន​យ៉ាងណា​ទើប​ដឹងថា​អាច​ប្រើ​បាន ឬ​មិនបាន​នោះទេ ប៉ុន្តែ​តាម​ការសន្និដ្ឋាន រាល់​ស្មា​ត​ហ្វូ​ន​ដែល​បំពាក់​នូវ​បន្ទះ​ឈី​ប Qualcomm Snapdragon 835 ប្រហែលជា​ប្រើ​បាន​ទាំងអស់ ខណៈ​ស្មា​ត​ហ្វូ​ន​ទាំង 3 ម៉ូ​ដែល​ខាងលើ​នោះ សុទ្ធតែ​បំពាក់​ដោយ​បន្ទះ​ឈី​ប​ស៊េរី​នេះ​ទាំងអស់៕

Advertisement