រកឃើញអ្នកធ្វើការឆ្លងវីរុសកូរ៉ូណា ក្រុមហ៊ុនកូរ៉េខាងត្បូងបិទរោងចក្រ ផ្អាកផលិតគ្រឿងផ្គុំកាមេរ៉ាសម្រាប់ iPhone

ក្រុមហ៊ុន LG Innotek ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងផ្គុំ​កាមេរ៉ា​សម្រាប់ iPhone បាន​បង្ខំ​ចិត្ត​បិទ​រោងចក្រ​មួយ​​របស់​ខ្លួន​ដោយ​សារ​មាន​បុគ្គលិក​ម្នាក់​បាន​ឆ្លង​វីរុស​កូរ៉ូណា។

រោងចក្រ​ដែល LG Innotek បាន​បិទនោះ ​គឺ​ស្ថិត​នៅ​​ទីក្រុង​ Gumi ក្បែរ​​ទីក្រុង​ Daegu ដែល​​ជា​ទី​កន្លែង​កើត​មាន​ករណី​ផ្ទុះ​វីរុស​កូរ៉ូណា​ច្រើន​ជាង​គេ​បំផុត​នៅ​កូរ៉េ​ខាង​ត្បូង។ ការ​បិទ​រោងចក្រ គឺ​​ប៉ះពាល់​ខ្លាំង​ដល់ Apple ដោយ​សារ​​ក្រុមហ៊ុន​នេះ​ផ្គត់ផ្គង់​គ្រឿងផ្គុំ​កាមេរ៉ា​សម្រាប់ iPhone។

Reuters បាន​ចុះ​ផ្សាយ​ថា ​រោងចក្រ LG Innotek នឹង​នៅតែត្រូវ​បន្ត​បិទ​ ហើយក្រុមហ៊ុន​នេះ​ អាចនឹង​ផ្គត់ផ្គង់​គ្រឿងផ្គុំ​កាមេរ៉ា​សម្រាប់ iPhone ជំនាន់​ថ្មី ដែល​រំពឹង​ប្រកាស​ចេញ​នា​ខែ​កញ្ញា​ខាង​មុខ​ផង​ដែរ។

ប្រសិន​បើ​ការ​បិទ​រោងចក្រ​បែប​នេះ​​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ វាអាច​មិនជា​ប៉ះពាល់​ខ្លាំង​ដល់​ការ​ផលិត iPhone នោះ​ទេ ប៉ុន្តែ​បើ​​​ការ​បិទ​បន្ត​អូស​បន្លាយ​យូរ នោះ​ផល​ប៉ះពាល់​នឹង​អាច​កើត​មាន​៕

Advertisement