Lenovo ចេញគំរូកុំព្យូទ័រអាចមូរបត់បាន

ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន Lenovo បានបង្ហើបពីគម្រោងកុំព្យូទ័រសម្រាប់ថ្ងៃអនាគតដែលអាចមូរបត់បានប្រភេទ 2 in 1 បំពាក់អេក្រង់ Touchscreen មានគែម និងកម្រាស់ស្ដើង និងបំពាក់ដោយបច្ចេកវិទ្យាឆ្លាតវៃជាច្រើនទៀត។

កុំព្យូទ័រមួយនេះត្រូវបានក្រុមហ៊ុនឱ្យដឹងថា វាស្ថិតក្នុងត្រកូល ThinkPad អាចបត់បាន 360 ដឺក្រេលើអេក្រង់ Touch ប្រភេទOLEDPanel ។ កុំព្យូទ័រនាពេលអនាគតនេះនឹងអាចធ្វើការបញ្ជាដោយប្រើសំឡេង និងការប្រើខ្មៅដៃសម្រាប់គូរវាសលើវាបាន ពេលយើងចង់បញ្ជាឱ្យធ្វើអ្វីមួយ។ ចំពោះការរចនារូបបែបនេះ Lenovo មិនបានភ្ជាប់ជាមួយ Touchpad ដោយគ្រាន់តែមាននូវប៊ូតុងចុច Mouse ឆ្វេង/ស្ដាំតែប៉ុណ្ណោះ ហើយរន្ធ Ethernet, USB និងរន្ធ HDMI ក៏អាចនឹងគ្មានដែរ។

យ៉ាងណាមិញក្រុមហ៊ុនមិនបានបង្ហើបប្រាប់ពីលក្ខណៈសម្បត្តិរបស់កុំព្យូទ័រមួយនេះលម្អិតបន្ថែមទេ ប៉ុន្តែលោក Teismann នាយករងជាន់ខ្ពស់នៃក្រុមហ៊ុន Lenovo បានបញ្ជាក់ថា ខ្លួននឹងបញ្ចេញនូវកុំព្យូទ័រ ThinkPad ប្រភេទ Special edition នៅក្នុងខែធ្នូ ចុងឆ្នាំនេះ ដើម្បីអបអរខួប 25 ឆ្នាំ នៃការបង្កើតម៉ាក ThinkPad ហើយកុំព្យូទ័រថ្មីនោះនឹងអាចមានបញ្ចូលនូវលក្ខណៈពិសេសមួយចំនួននៃកុំព្យូទ័រដែលគ្រោងសម្រាប់ថ្ងៃអនាគតនោះដែរ។

គួររំឭកដែរថា ក្រុមហ៊ុន Lenovo ត្រូវបានបង្កើតឡើងនៅទីក្រុងប៉េកាំងក្នុងឆ្នាំ 1984 ជាក្រុមហ៊ុន Legend និងត្រូវបានដាក់បញ្ចូលទៅក្នុងទីផ្សារសេរីនៃទីក្រុងហុងកុងក្នុងឆ្នាំ 1988។ ក្នុងនោះ Lenovo បានទិញអាជីវកម្មកុំព្យូទ័រយួរដៃពីក្រុមហ៊ុន IBM នៅក្នុងឆ្នាំ 2005 ហើយបានយល់ព្រមទទួលយកអាជីវកម្មម៉ាស៊ីន Server នៅឆ្នាំ 2014៕

Advertisement