កម្ពុជា​កំពុង​ប្រឹងប្រែង​គ្រប់គ្រង​បញ្ហា​បច្ចេកវិទ្យា​ដែល​កើត​ចេញ​ពី​ព័ត៌មាន​ក្លែងក្លាយ​ និង​ការ​បញ្ឆេះ​កំហឹង​ក្នុង​បណ្តាញ​សង្គម​

ការប្រើ​ប្រាស់​បណ្តាញ​សង្គម​នា​ពេល​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញថា​ កំពុង​ស្ថិត​ក្នុង​ចរន្ត2​ ដំណាល​គ្នា​ គឺ​ចរន្ត​វិជ្ជមាន​ និង​ចរន្ត​អវិជ្ជមាន​។ បើ​គិត​ពី​ចរន្ត​វិជ្ជមាន​ យើង​ឃើញថា​ បណ្តាញ​សង្គម​បាន​ចូលរួម​ឱ្យ​មាន​ដំណោះស្រាយ​បញ្ហា​ជាច្រើន​ក្នុង​សង្គម​ និង​បាន​ធ្វើ​ឱ្យ​បញ្ហា​ដែលគេ​មិន​យកចិត្ត​ទុកដាក់​បាន​ក្លាយជា​បញ្ហា​ដែល​ប្រជាជន​ រួម​ទាំង​អាជ្ញាធរ​ភាគច្រើន​ចាប់អារម្មណ៍​។ ចរន្ត​នេះ​បាន​ធ្វើ​ឱ្យ​ស្ថានភាព​នៃ​ការរស់នៅ​មាន​ភាពល្អ​ប្រសើរ​កាន់តែ​ខ្លាំង​ តែ​ទន្ទឹម​នឹង​នេះ​ បញ្ហា​ព័ត៌មាន​ក្លែងក្លាយ​ ការ​ញុះញង់​ ការ​បញ្ចេញមតិ​ដោយ​មិនបាន​ពិចារណា​ រួម​ទាំង​ការ​ដកស្រង់​ប្រភព​ព័ត៌មាន​ដោយ​មិនបាន​សិក្សា​គ្រប់ជ្រុងជ្រោយ​យក​មក​ផ្សព្វផ្សាយ​ បាន​បង្កើត​ជា​ស្ថានភាព​អវិជ្ជមាន​កាន់តែ​ច្រើនឡើង​ ដំណាលគ្នា​នឹង​ភាព​វិជ្ជមាន​ក៏​រីក​ធំ​ដូចគ្នា​ក្នុង​ពេល​តែមួយ​។

ឯកឧត្តម​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​បាន​លើកឡើង​ថា​ ក្រសួងព័ត៌មាន​បាន​ស្នើ​ឱ្យ​មន្ត្រី​ព័ត៌មាន​គ្រប់​លំដាប់ថ្នាក់​ត្រូវតែ​គ្រប់គ្រង​បញ្ហា​ដែល​កើត​ចេញពី​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ឱ្យ​បាន​ហ្មត់ចត់​។ បញ្ហា​ដែល​ភាគច្រើន​កើតមានឡើង​ដែល​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​ដល់​សង្គម​ គឺ​បញ្ហា​ព័ត៌មាន​ក្លែងក្លាយ​ និង​ព័ត៌មាន​ញុះញង់​បញ្ឆេះ​កំហឹង​ដល់​សាធារណជន​។ ឯកឧត្តម​មានប្រសាសន៍​ថា​ ការ​ជេប្រមា​ថ ការ​បន្តុះ​បង្អាប់​សង្គម​ និង​ឧក្រិដ្ឋ​កម្ម​បច្ចេកវិទ្យា​ កំពុង​ក្លាយជា​បញ្ហា​ពិភពលោក​។ បច្ចុប្បន្ន​នេះ​ ប្រទេស​ជាច្រើន​ក៏​កំពុង​ជួបប្រទះ​វិបត្តិ​ដែល​កើត​ចេញពី​បច្ចេកវិទ្យា​នេះ​ដែរ​ ដូចជា​ការ​លួចចូល​គណនី​ (Hack​)ដើម្បី​បោកប្រាស់​ បំផ្លាញ​ឯកសារ​ ជំរិត​ទា​ប្រាក់​ គំរាមកំហែង​ និង​ការ​បោកបញ្ឆោត​ជាដើម​។

ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ បាន​មាន​ប្រសាសន៍​ទៀត​ថា​៖ «ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ​ គឺ​តម្រូវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បង្កើន​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី​ ក្របខណ្ឌ​តំបន់​ និង​ក្នុង​ក្របខណ្ឌ​សកលលោក​។ យើង​ត្រូវ​រួម​គ្នា​ដើម្បិ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ និង​ឧក្រិដ្ឋ​កម្ម​ព័ត៌មាន​វិទ្យា​ដោយ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ ដើម្បី​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​»។

ឯកឧត្តម​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ការចូលរួម​ដោះស្រាយ​តាមរយៈ​យន្តការ​ទាំងអស់​នេះ​ នឹង​ធ្វើ​ឱ្យ​យើង​ទាំងអស់គ្នា​ធានា​បាន​នូវ​ការអនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​ដើម្បី​ធានា​ពី​សុវត្ថិភាព​ និង​សេចក្តី​សុខ​ក្នុង​ការរស់នៅ​ក្នុង​យុគសម័យ​ឌីជីថល​នេះ​។ ទោះជា​យ៉ាងនេះ​ក្តី​ ក៏​យើង​មើលឃើញ​ផង​ដែរ​ថា​ ចរន្ត​នៃ​ការ​រីកចម្រើន​ផ្នែក​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន​នេះ​ គឺជា​កត្តា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ និង​វិ​ស័យ​ផ្សេង​ៗទៀត​។ វា​នឹង​បង្កើត​បាន​ជា​ឱកាស​ និង​អត្ថ​ប្រយោជន៍​ជាច្រើន​សម្រាប់​ការ​ផ្លាស់​ប្តូរ​មតិ​ និង​ការ​វិវឌ្ឍ​នៃ​បច្ចេកវិទ្យា​ទំនើប​សម្រាប់​ជា​យុទ្ធសាស្ត្រ​លើ​វិស័យ​ព័ត៌មាន​នៅក្នុង​តំបន់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រៅពី​យន្តការ​នៃ​កិច្ចសហការ​ក្នុង​វិស័យ​ព័ត៌មាន​ហើយ​នោះ​ នៅ​កម្ពុជា​ ក៏​មាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​បទល្មើស​បច្ចេកវិទ្យា​ដែល​កំពុង​កើតឡើង​នៅក្នុង​បណ្តាញ​សង្គម​ និង​តាម​រូបភាព​ជាច្រើន​ផ្សេងទៀត​។ ទន្ទឹម​នឹង​មាន​ព័ត៌មាន​ក្លែងក្លាយ​ ការ​បោកបញ្ឆោត​ និង​ការ​លួចចូល​ក្នុង​គណនី​បច្ចេកវិទ្យា​របស់​ប្រជាជន​មានការ​កើនឡើង​នេះ​ ស្ថាប័ន​ខាងលើ​ក៏បាន​បំបែក​នូវ​សំណុំរឿង​ជាច្រើន​ដើម្បី​យក​ជនល្មើស​មក​ផ្តន្ទា​ទោស​ទៅតាម​ផ្លូវច្បាប់​ដែរ​ ព្រោះ​បើ​ទោះបីជា​កម្ពុជា​មិនទាន់​មានច្បាប់​ពិសេស​ដែល​ផ្តោត​តែ​លើ​បច្ចេកវិទ្យា​ក៏ដោយ​ តែ​បទល្មើស​ជាច្រើន​ស្ថិត​ក្នុង​លក្ខខណ្ឌ​ដែល​កំណត់​ដោយ​ក្រម​ព្រហ្មទណ្ឌ​។ ហេតុនេះ​ សកម្មភាព​ទាំងឡាយ​ណា​ដែល​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល​ នៅក្នុង​បណ្តាញ​បច្ចេកវិទ្យា​ ទោះ​ក្នុង​រូបភាព​ណាក៏ដោយ​ គឺ​សុទ្ធតែ​អាច​ប្រឈម​នឹង​ផ្លូវច្បាប់​ទាំងអស់​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ​ ប្រធាន​រដ្ឋបាល​ និង​គោលនយោបាយ​សាធារណៈ​របស់​ក្រុមហ៊ុន​ Facebook​ ប្រចាំ​តំបន់​អាស៊ី​ ប៉ាស៊ីហ្វិក​ លោក​ Rafael​ Frankel​ បាន​ថ្លែង​ថា​ បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ Facebook​ បាន​ព្យាយាម​បង្កើត​ស្តង់​ដា​រួម​មួយ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង​គ្នា​លើ​ពិភពលោក​ តែ​ក្រៅពី​ភាព​ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង​ ក្រុមហ៊ុន​នេះ​ក៏​បង្កើត​ឱ្យ​មាន​ជា​ស្តង់​ដា​សហគមន៍​ដើម្បី​ការពារ​អ្នកប្រើ​ប្រាស់​ផង​ដែរ​៕

Advertisement