Sony ប្រកាសពីការមកដល់របស់ទូរស័ព្ទ Xperia XZ Premium ពណ៌ Bronze Pink

ថ្មីៗនេះ ក្រុមហ៊ុន Sony ប្រចាំកម្ពុជាបានប្រកាសពីការមកដល់នូវទូរស័ព្ទ Xperia XZ Premium ពណ៌ថ្មីមួយ (Bronze Pink) ដែលជាជម្រើសថ្មីមួយទៀតសម្រាប់អ្នកប្រើប្រាស់ក្នុងទីផ្សារប្រទេសកម្ពុជា បន្ទាប់ពីបានបើកសម្ពោធកាលពីខែឧសភា។

តាមរយៈ Page Facebook របស់ក្រុមហ៊ុន Xperia – Sony Smartphone by 8GPlus ដែលជាក្រុមហ៊ុនទទួលសិទ្ធិផ្ដាច់មុខក្នុងការនាំចូលផលិតផលស្មាតហ្វូន Sony ក្នុងទីផ្សារកម្ពុជាបានឱ្យដឹងថា ទូរស័ព្ទ Xperia XZ Premium ពណ៌ផ្កាឈូក (Bronze Pink) នឹងត្រៀមបង្ហាញវត្តមានក្នុងពេលឆាប់ៗនេះហើយ។

សម្រាប់អតិថិជនដែលកំពុងរង់ចាំ អាចរកជាវបាននៅចុងសប្ដាហ៍នេះ ចន្លោះពីថ្ងៃទី8 និងទី9 ខែកក្កដា ឆ្នាំ2017 នេះ។ ប្រភពបានបញ្ជាក់ទៀតថា ពណ៌ថ្មីនេះត្រូវបានបង្កើតឡើងដើម្បីជាការទាក់ទាញអារម្មណ៍ក៏ដូចជាប្រកួតប្រជែងជាមួយនឹងបណ្តាក្រុមហ៊ុនដៃគូមួយចំនួនទៀត ដែលបានបញ្ចេញនូវពណ៌ថ្មីៗនាពេលកន្លងមក ដែលពណ៌នេះ គឺពិតជាល្អដាច់គេ ជាពិសេសសម្រាប់សុភាពនារី។

ទូរស័ព្ទ Xperia XZ Premium បានបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 835 និងមានRAMទំហំ 4GB ហើយនឹងមាន Memory ក្នុងម៉ាស៊ីនទំហំ 64 GB អាចបន្ថែម microSD ទំហំរហូតដល់ទៅ 256GB។ ចំណុចពិសេសមួយទៀតនោះគឺ វាបានបំពាក់នូវកាមេរ៉ាខាងក្រោយទំហំ 19 MP និងកាមេរ៉ាមុខទំហំ 13 MP ដែលមានអមមកជាមួយនូវមុខងារ Slow Motion Video ដែលអាចថតនៅក្នុងល្បឿន 960fps យ៉ាងល្អអស្ចារ្យបំផុត។ ដោយមុខងារ Slow-Motion នេះ គឺជាមុខងារថ្មីមួយរបស់ក្រុមហ៊ុន Sony ដែលមានសមត្ថភាព អាចថតវីដេអូ ជាលក្ខណៈ Slow Motion យឹតៗ ជាងស្មាតហ្វូនរបស់ក្រុមហ៊ុនផ្សេងទៀតដល់ទៅ 4 ដង៕

Advertisement