Nokia និង Xiaomi ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាមួយ

ក្រុមហ៊ុន Nokia និង Xiaomi Technology របស់ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមមួយ កាលពីថ្ងៃពុធម្សិលមិញ ដោយក្រុមហ៊ុនទាំង 2 នឹងធ្វើការផ្លាស់ប្ដូរគ្នាទៅវិញទៅមកនូវបច្ចេកវិទ្យាថ្មីៗដែលខ្លួនមាន។

Nokia នឹងផ្តល់ឧបករណ៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញអ៊ិនធើណេត ខណៈក្រុមហ៊ុន Xiaomi នឹងផ្ដល់ត្រឡប់មកវិញនូវបន្ទះឈីបដែលជាបច្ចេកវិទ្យាថ្មីដែលក្រុមហ៊ុនទើបបង្កើតបានសម្រាប់ប្រើលើស្មាតហ្វូនរបស់ Nokia។ លោក Rajeev Suri នាយកប្រតិបត្តិក្រុមហ៊ុន Nokia បានថ្លែងថា៖ «ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនឈានមុខគេមួយក្នុងពិភពលោក ហើយយើងរីករាយដែលបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុននេះ»។

សម្រាប់បន្ទះឈីបដែល Xiaomi ទើបដាក់ចេញនេះមានឈ្មោះថា Surge S1 ប្រភេទ Octa-Core SoC អមជាមួយស៊ីភីយូ 8 គ្រាប់ ដោយបួនគ្រាប់រត់បានល្បឿន 2.2GHz និងបួនគ្រាប់ទៀតរត់បានល្បឿន 1.4GHz។ បន្ទះឈីបនេះ វាមិនមែនខ្លាំងណាស់ណាទេ ប៉ុន្តែវាជាដំណាក់កាលដំបូងរបស់ Xiaomi ដែលអាចបង្កើតបន្ទះឈីបខ្លួនឯងឡើងបានសម្រាប់ប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Qualcomm និង MediaTek៕

Advertisement