ក្រសួងការងារ​ចាប់ផ្តើម​ប្រើ​រថយន្ត​ចល័ត​ដើម្បី​ផ្សព្វផ្សាយ​ទីផ្សារ​ការងារ​នៅ​តំបន់​ឆ្ងាយ​ៗ

ដើម្បី​ជំរុញ​ការ​ផ្តល់​ព័ត៌មាន​ផ្នែក​ទីផ្សារ​ការងារ​ឱ្យ​កាន់តែ​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស​ដល់​និស្សិត​ និង​ប្រជាជន​នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា​ ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​រថយន្ត​មជ្ឈមណ្ឌល​ការងារ​ចល័ត​ ដែល​មាន​សេវា​ប្រឹក្សា​ និង​បច្ចេកវិទ្យា​សម្រួល​ដល់​ការ​ដាក់ពាក្យ​ធ្វើការងារ​។

ឯកឧត្តម​ អុិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើកឡើង​ថា​ រថយន្ត​ដែល​ជា​មជ្ឈមណ្ឌល​ការងារ​ចល័ត​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ និង​ទីផ្សារ​ការងារ​នៅ​តាម​តំបន់ជនបទ​ និង​ខេ​ត្ត​ឆ្ងាយ​ៗដែល​មិនទាន់​មាន​មណ្ឌល​ការងារ​។ តាមរយៈ​សកម្មភាព​នេះ​ យុវជន​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការស្វែងរក​ការងារ​ធ្វើ​បាន​យ៉ាង​ឆាប់រហ័ស​ ចំណេញពេលវេលា​ និង​ចំណាយ​តិច​។ សកម្មភាព​នេះ​ជា​គម្រោង​ដែល​មាន​កិច្ចសហការ​ជាមួយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត​ (SIDA​) និង​ទីភ្នាក់ងារ​ផ្តល់​សេវា​សាធារណៈ​ស៊ុយអែត​ (SPES​)ដែល​ស្របតាម​ក្របខ័ណ្ឌ​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ខិតខំ​បង្កើត​ឱកាស​ការងារ​ឱ្យ​កាន់តែ​ច្រើន​ និង​បង្ខិត​សេវា​ស្វែងរក​ការងារ​ឱ្យទៅ​ដល់​តំបន់​ជន​បទ​ឆ្ងាយ​ៗនៅ​ទូទាំង​ប្រទេស​កម្ពុជា​។

ឯកឧត្តម​ អុិ​ត សំ​ហេង​ មានប្រសាសន៍​ថា​៖“ក្រសួងការងារ​បាន​ខិតខំ​បង្កើត​ឱកាស​ការងារ​កាន់តែ​ច្រើន​ និង​ជួយ​បែងចែក​ឱកាស​ទាំងនេះ​ឱ្យ​បាន​ទៅដល់​ប្រជាជន​គ្រប់រូប​ប្រកបដោយ​តម្លាភាព​ និង​សមធម៌​ សំដៅ​ប្រែក្លាយ​ឱកាស​ការងារ​ដែល​មាន​ទាំងអស់​ឱ្យទៅ​ជាមុ​ខរ​បរ​កាន់តែ​ល្អ​សម្រាប់​ប្រជាជន​គ្រប់រូប​”។

ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ អ្នក​ដែល​ទទួល​បានផល​ប្រយោជន៍​ច្រើនជាង​គេ​អំពី​គម្រោង​ដ៏​មាន​សារៈសំខាន់​នេះ​គឺ​ យុវជន​ និស្សិត​ ជន​ពិការ​ រួម​ទាំង​ស្ត្រី​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​អភិវឌ្ឍន៍​ជំនាញ​ និង​ទទួល​បាន​ឱកាស​ការងារ​។ កន្លងមក​គម្រោង​នេះ​ធ្លាប់​បាន​ធ្វើការងារ​បណ្តុះបណ្តាល​ជំនាញ​ទន់​ និង​សហគ្រិនភាព​ដល់​អ្នកចូលរួម​ប្រមាណ3,450នាក់​ និង​ទទួល​បាន​អ្នក​ចុះឈ្មោះ​ស្វែងរក​ការងារ​ប្រមាណ​ 90,000នាក់​ ដោយ​ក្នុង​នោះ​អ្នក​ដែល​ទទួល​បានការ​ងារ​ធ្វើ​ប្រមាណ​ 2ម៉ឺន​នាក់​ និង​យុវជន​ដែល​បាន​ចុះ​ធ្វើ​កម្មសិក្សា​ផ្ទាល់​ចំនួន​ 749នាក់​ក្នុង​ទីផ្សារ​ការងារ​។

បើ​តាម​ឯកឧត្តម​រដ្ឋមន្ត្រី​ រថយន្ត​មជ្ឈមណ្ឌល​ការងារ​ចល័ត​នេះ​ជា​ប្រភេទ​រថយន្ត​វ៉ែន​ (ven​) ដែល​មានមុខ​ងារ​ផ្តល់​សេវាកម្ម​សំ​ខាន់​ៗដូចជា​មជ្ឈមណ្ឌល​ការងារ​ សម្រាប់​ជួយ​ដល់​សេវា​ស្វែងរក​ការងារ​ ការ​ចុះឈ្មោះ​ស្វែងរក​ការងារ​ទាំង​លើ​ឯកសារ​ (off​ line​) និង​លើ​អុីន​ធើ​ណិ​ត (online​) សេវា​ទទួល​ប្រឹក្សា​យោបល់​ការងារ​ និង​មាន​ផ្តល់​ជូន​នូវ​បណ្ណាល័យ​ការងារ​ថែមទៀត​ផង​៕

Advertisement