Bill Gates ចង្អុលបង្ហាញផ្លូវដល់យុវជនដែលទើបនឹងបញ្ចប់ការសិក្សា…

គេហទំព័រ វេទិកាសេដ្ឋកិច្ចពិភពលោក បានចេញអត្ថបទមួយស្តីពីគំនិតរបស់មហាសេដ្ឋីពិភពលោកផ្នែកបច្ចេកវិទ្យា លោក Bill Gates ដែលបានបានផ្ញើសារដោយសំដៅទៅលើសិស្សនិស្សតរាប់ពាន់នាក់ដែលទើបបញ្ចប់ការសិក្សាថ្មីនៅក្នុងសហរដ្ឋអាមេរិក អំពីការងារ និងការអប់រំជីវិត ហើយវាក៏មានប្រយោជន៍ផងដែរសម្រាប់យុវជននៅកម្ពុជាយើង។

នៅក្នុងចំណោមសារដែលលោក Bill Gates សរសេរនៅលើបណ្តាញ Twiter ចំនួន ១៤ជាប់ៗគ្នានោះ មហាសេដ្ឋីខាងលើចង្អុលបង្ហាញពីចំណុចសំខាន់ៗចំនួន ៣ ដែលអាចជួយឱ្យយុវជនមានជោគជ័យក្នុងការងារ និងជីវិត នោះគឺ ឥទ្ធិពល (Impact) សុភមង្គល (Happiness) និង វិវឌ្ឍន៍(Progress)។ នៅក្នុងចំណោមរឿងទាំង ៣ ខាងលើនេះ មិនមានចំណែកណាមួយដែលគាត់និយាយអំពីលុយនោះទេ ព្រោះគាត់ផ្តោតសំខាន់លើកត្តារបស់មនុស្សខ្លួនឯងខ្លាំងជាងកត្តាខាងក្រៅ។ លោក Bill Gates ក៏បានបង្ហាញផងដែរអំពី អាជីពការងារដែលនិស្សិតទើបនឹងបានបញ្ចប់ការសិក្សាគួរស្វែងរកនាពេលបច្ចុប្បន្ន។

មហាសេដ្ឋីពិភពលោកខាងលើបានសរសេរថា៖ «ការងារច្នៃប្រឌិត ការងារផ្នែកថាមពល និងជីវសាស្រ្ត ជាមុខវិជ្ជាដែលធ្វើឱ្យអ្នកគ្រប់គ្នាទទួលបាននូវផលប្រយោជន៍ និងឥទ្ធិពលយ៉ាងធំ ដែលសិស្សនិស្សិតគួរជ្រើសរើសធ្វើជាអាជីពការងារ»។ ស្រដៀងគ្នានេះដែរ លោកក៏បានបង្ហាញអំពីវិស័យថាមពលនៅពេលដែលគាត់ធ្វើបទបង្ហាញនៅសាកលវិទ្យាល័យ Columbia University ថា៖«នាពេលបច្ចុប្បន្ននេះ ពិភពលោកត្រូវការធនធានយ៉ាងច្រើនដើម្បីធ្វើការអភិវឌ្ឍលើវិស័យថាមពលឱ្យកាន់តែមានគុណភាពល្អ ថោក និងស្អាត។ ហើយវិស័យបច្ចេកវិទ្យាជីវសាស្ត្រ ក៏កំពុងមានតម្រូវការខ្លាំងផងដែរ ព្រោះពិភពលោកកំពុងប្រឈមជាមួយបញ្ហាមួយចំនួនដែលត្រូវការសមិទ្ធផលថ្មីៗរបស់ពួកគេដូចជា ការដោះស្រាយបញ្ហាជំងឺមហារីក និងជំងឺធាត់ជ្រុលដែលកើតឡើងពីចំណីអាហារជាដើម»។

ចំណុចដែល Bill Gates ផ្តោតខ្លាំងលើសិស្សនិស្សិតនៅលើពិភពលោកគឺ ត្រូវធ្វើការងារទាំងឡាយណាដែលអាចដោះស្រាយបញ្ហាមនុស្សបាន ហើយចាប់ផ្តើមពីពួកគេ នោះពិភពលោកនឹងកាន់តែមានលក្ខណៈប្រសើរឡើងមិនខាន៕

Advertisement