រ៉ុក្កែត​របស់ SpaceX នាំយក​ «យាន​មហា​សម្ងាត់​» របស់​អាម៉េរិក ឡើង​ទៅ​ទីអវកាស​ខ្ពស់​ជាង​មុន​

យន្ត​ហោះ​អវកាស​ដ៏​អាថ៌កំបាំង​ X-37B ត្រូវ​បាន​បាញ់​បង្ហោះ​​តាម​រ៉ុក្កែត​ Falcon Heavy ពី​ Florida ចាប់​ផ្ដើម​បេសកកម្ម​ទី 7 នៅ​លើ​គន្លង​តារាវិថី​ខ្ពស់​ជាង​ បើធៀប​នឹង​បេសកកម្ម​មុន​ៗ​។

យាន​អវកាស​ស្វ័យ​ប្រវត្ត X-37B របស់​កងទ័ព​អាម៉េរិក ហោះ​ទៅកាន់​ទីអវកាស​តាម​រយៈ​រ៉ុក្កែត Falcon Heavy របស់​ក្រុម​ហ៊ុន​អាម៉េរិក SpaceX ពី​មជ្ឈមណ្ឌល​អវកាស Kennedy (KSC) របស់​ទីភ្នាក់​ងារ​អវកាស​អាម៉េរិក​ (ណាសា – NASA) កាលពី​វេលា​ម៉ោង 20 និង 07 នាទី ថ្ងៃ​ទី 28 ធ្នូ​កន្លង​ទៅ ដែល​ត្រូវ​នឹង​ម៉ោង 07 និង 07 នាទី ថ្ងៃទី 29 ធ្នូ​ នៅ​កម្ពុជា​ ក្រោយ​ពី​បាន​ពន្យារ​ពេល​ច្រើន​សប្ដាហ៍​ ដោយ​សារ​អាកាសធាតុ​មិន​ល្អ​។

ការ​បាញ់​បង្ហោះ​កាល​ពី​ថ្ងៃទី 28 ធ្នូ គឺជា​ជើង​ហោះ​ហើរ​ទី​ 7 របស់ X-37B និង​ជា​ជើងហោះ​ហើរ​ដំបូង​ដែល​ធ្វើ​ឡើង​ជាមួយ​នឹង​រ៉ុក្កែត Falcon Heavy ដែល​ជា​រ៉ុក្កែត​កម្លាំង​ខ្លាំង​ជាង​គេ​លំដាប់​ទីពីរ​លើ​ពិភពលោក បន្ទាប់​ពី​ប្រព័ន្ធ​បាញ់​បង្ហោះ​អវកាស​របស់​ណាសា។ នេះ​ក៏​ជាការ​បាញ់​បង្ហោះ​រ៉ុក្កែត​លើក​ទី 95 របស់ SaceX នៅ​ក្នុង​ឆ្នាំ 2023។

បេសកកម្ម​ថ្មី​របស់ X-37B នេះ មាន​ឈ្មោះ​ថា OTV-7 (Orbital Test Vehicle-7) ឬ​ហៅ​ថា USSF-52​។ គោលដៅ​សំខាន់​របស់​ជើង​ហោះ​ហើរ​នេះ​​គឺធ្វើ​ឡើង​ដើម្បី​ «ដំណើរ​ការ​យន្ត​ហោះ​រអវកាស​ដែល​អាច​ប្រើ​ប្រាស់ឡើងវិញ​ នៅ​លើ​គន្លង​តារាវិថី​ថ្មី​»​។

X-37B មាន​រូបរាង​ស្រដៀង​នឹង​យាន​អវកាស Shuttle ដែល​បាន​ចូល​និវត្តន៍​របស់​ណាសា ប៉ុន្តែ​តូច​ជាង​ឆ្ងាយ​។ យាន​ដែល​គ្មាន​មនុស្ស​បើក​បរ X-37B ​មាន​​បណ្ដោយ 8.8 ម៉ែត្រ និង​ស្លាប​ប្រវែង 4.6 ម៉ែត្រ​ ខណៈ​ដែល Shuttle មាន​បណ្ដោយ 37 ម៉ែត្រ និង​ស្លាប​ប្រវែងជាង 24 ម៉ែត្រ​។ កងកម្លាំង​អវកាស​អាម៉េរិក មាន​យាន X-37B ចំនួន​ពីរ​គ្រឿង​ដែល​សុទ្ធ​តែ​ផលិត​ដោយ​ក្រុម​ហ៊ុន Boeing។

ព័ត៌មានលម្អិត​ស្ដី​ពី​បេសកកម្ម​ OTV-7 មិន​ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​ជាសាធារណៈ​នោះ​ទេ ប៉ុន្តែបេសកកម្ម​ចំនួន 6 នា​ពេល​​កន្លង​​របស់ X-37B សុទ្ធ​តែ​អូស​បន្លាយ​ពេល​ជាង 7 ខែ​ និង​ហោះ​ក្នុង​គន្លង​គោចរ​កម្រិត​ទាប ត្រឹម​តែ​ប៉ុន្មាន​រយ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ យោង​តាមទំព័រ​សារព័ត៌មាន​​ Space រ៉ុក្កែត Falcon Heavy អាច​នាំ X-37B ឡើង​ទៅ​កាន់​កម្ពស់ 35,000 គីឡូម៉ែត្រ​៕

យន្តហោះ​អវកាស X-37B

 

Advertisement