កម្មវិធីទូរស័ព្ទមួយជួយអ្នករត់រ៉ឺម៉កម៉ូតូអាចរកចំណូលបានក្រែល

និយាយពីរ៉ឺម៉កម៉ូតូកង់បី ដែលចរាចរលើដងវិថីក្នុងរាជធានីភ្នំពេញ មានច្រើនស្ទើរគរជើងគ្នា ដែលធ្វើឱ្យអ្នកចាប់យកមុខរបរមួយនេះមួយចំនួនចាប់ផ្ដើមរអ៊ូរទាំថា ពិបាករកភ្ញៀវ ខណៈការរកស៊ីមានការប្រជែងគ្នាខ្លាំង និងមានការប្រកាន់បក្សពួកជាដើម។ ទន្ទឹមនឹងនេះ មនុស្សមួយក្រុមទៀត បានសម្ដែងក្ដីសប្បាយរីករាយ និងមមាញឹករកពេលសម្រាកគ្មាន ក្រោយពីពួកគាត់ធ្វើការផ្លាស់ប្ដូរទម្លាប់ពីការបើករ៉ឺម៉កឆ្វែលរកភ្ញៀវ ដោយងាកមកប្រើកម្មវិធីទូរស័ព្ទដៃមួយ ដែលវាផ្ដល់ភាពងាយស្រួលត្រឹមអង្គុយនៅមួយកន្លែងក៏មានភ្ញៀវដឹក ហើយអាចបង្កើនចំណូលដល់ពួកគាត់បានទ្វេដង ក្បែរៗមួយពាន់ដុល្លារក្នុងមួយខែ ឬអាចថាស្មើនឹងប្រាក់ខែប្រធានផ្នែកនៃក្រុមហ៊ុនមួយចំនួននៅកម្ពុជាទៀតផង។

កម្មវិធីទូរស័ព្ទដែលពួកគាត់កំពុងប្រើមានឈ្មោះថា PassApp Taxi ដែលវាត្រូវបានបង្កើតឡើងសម្រាប់ផ្ដល់សេវាកម្មកក់ជើងរ៉ឺម៉កម៉ូតូកង់បីក្នុងក្រុងភ្នំពេញដោយទូទាត់ថ្លៃធ្វើដំណើរតាមចំនួនគីឡូម៉ែត្រ។ កម្មវិធីនេះ អនុញ្ញាតឱ្យអ្នកធ្វើដំណើរអាចកក់ជើងរ៉ឺម៉កម៉ូតូត្រឹមតែ 1200 រៀល/គីឡូម៉ែត្រដោយមិនគិតពីចំនួនមនុស្សជិះឡើយ ក្រៅពីនេះ កម្មវិធីនេះក៏អាចធ្វើកក់រថយន្តតាក់ស៊ីម៉ែត្របានផងដែរ។

ទាក់ទងនឹងចំណុចនេះដែរ លោក ផុំ សាវ៉ន ដែលជាអ្នករត់រ៉ឺម៉កម៉ូតូកង់បីដែលប្រើប្រាស់កម្មវិធី PassApp Taxi បានរាប់រៀបឱ្យដឹងថា មុននឹងឈានជើងចូលមកចាប់អាជីពជាអ្នករត់រ៉ឺម៉កម៉ូតូ រូបលោកធ្លាប់ជាអ្នកបើកបររថយន្តឱ្យគេ ប៉ុន្តែដោយសារប្រាក់ខែមិនអាចចាយវាយគ្រប់ចំណាយ រូបលោកក៏ប្ដូរមកចាប់អាជីពថ្មីដូចបច្ចុប្បន្ន បើកដឹកភ្ញៀវតាមធម្មតាដូចគេឯង។ លោកបន្តថា រយៈពេលកន្លងទៅ របរថ្មីនេះបានត្រឹមតែមួយគ្រប់ ដោយមួយថ្ងៃអាចរកចំណូលបានត្រឹម 3 ទៅ 5ម៉ឺនរៀល បើហេងដឹកចំភ្ញៀវស្រួលអាចរកបានពី 5 ទៅ 8ម៉ឺនរៀល ប៉ុន្តែសំណាងមិនចេះតែមានជានិច្ចនោះទេ។ ក្រោយមកទៀត នៅចុងឆ្នាំ 2016 លោកក៏ត្រូវបានមិត្តភក្ដិដែលធ្លាប់ស្គាល់គ្នាណែនាំឱ្យប្រើកម្មវិធី PassApp Taxi។

បុរសមាឌមាំ សម្បុរសណ្ដែកបាយនិយាយទាំងទឹកមុខស្រស់រីករាយថា ក្រោយពីងាកមកប្រើកម្មវិធីកក់តាមទូរស័ព្ទ សកម្មភាពដឹកភ្ញៀវរបស់លោកមានការប្រែប្រួលគួរឱ្យកត់សម្គាល់ ហើយការជិះដេញចាប់អតិថិជនតាមផ្លូវ តាមផ្សារក៏លែងមានទៀតដែរ។ ត្រឹមតែឈប់ចតនៅតាមទីសាធារណៈ ឬហាងកាហ្វេណាមួយ ហើយបើកកម្មវិធី PassApp Taxi រង់ចាំទទូលការកក់ពីភ្ញៀវជាការស្រេច។ មួយថ្ងៃៗរូបលោកអាចរកចំណូលបានច្រើនទ្វេដង ធៀបនឹងពេលមិនទាន់ចុះឈ្មោះជាសមាជិកនៃកម្មវិធីនេះ។

លោកប្រាប់ថា៖«កម្មវិធីនេះស្រួលណាស់បង! យើងអត់ចាំបាច់ហត់ដូចមុនទេ អង្គុយផឹកកាហ្វេមិនទាន់ទាំងអស់ផង មានភ្ញៀវដឹកទៅទៀតហើយ។ និយាយរួមឱ្យតែយើងឧស្សាហ៍ មិនខ្វះភ្ញៀវទេ។ មួយថ្ងៃខ្ញុំអាចរកបានចន្លោះពី 7 ម៉ឺន ទៅ 10 ម៉ឺន យ៉ាងធូរ »។

ទាន់នឹងនឹងរឿងនេះ មានហេតុផលមួយចំនួនដែលធ្វើឱ្យបុរសវ័យកណ្តាលរូបនេះទទួលបានជោគជ័យលើការដឹកអ្នកដំណើរ ក្រោយពីងាកមកប្រើកម្មវិធី PassApp Taxi ។ កត្ដាសំខាន់គឺតម្លៃ និងភាពងាយស្រួលក្នុងការកក់ហៅរ៉ឺម៉កពេលត្រូវការម្ដងៗ មិនដូចការហៅរ៉ឺម៉កម៉ូតូដែលមិនមានប្រើកម្មវិធីនេះ ដែលវាអាចបង្កបញ្ហាឈឺក្បាលដល់អ្នកធ្វើដំណើរ ព្រោះថានៅកន្លែងស្ងាត់ ឬជាយក្រុង កម្រមានរ៉ឺម៉កម៉ូតូកង់បីណាស់ ដែលនេះធ្វើឱ្យអ្នកធ្វើដំណើរពិបាកស្វែងរក។ មួយទៀត ថ្លៃធ្វើដំណើរក៏ជាបញ្ហាប្រឈមមួយដែរ ព្រោះរ៉ឺម៉កម៉ូតូភាគច្រើនមិនមានម៉ែត្រវាស់ដឹងពីចម្ងាយផ្លូវនោះទេ គឺគ្រាន់តែស្មានៗជាមួយអ្នកដំណើរ ហើយការតថ្លៃគឺពឹងផ្អែកទៅលើទីកន្លែងជិតឆ្ងាយដែលគិតថាស័ក្តិសមប៉ុណ្ណោះ។ ប្រសិនបើអ្នកដំណើរឱ្យថ្លៃគួរសម អ្នកបើកបរនឹងយល់ព្រមដឹកទៅគោលដៅ មិនដូច្នោះទេអ្នកដំណើរត្រូវស្វែងរករ៉ឺម៉កម៉ូតូផ្សេងទៀត ដោយសារចរចាតម្លៃមិនត្រូវគ្នា។ រីឯជនបរទេសវិញ ដែលមិនដឹងពីបរិបទនៅស្រុកខ្មែរ ងាយក្លាយជាជនរងគ្រោះដោយសាររឿងនេះណាស់។

ទាក់ទងនឹងចំណុចនេះ ស្ថាបនិកនៃកម្មវិធីកក់សេវាដឹកអ្នកដំណើរ PassApp Taxi លោក តុប និមុល បានផ្ដល់បទសម្ភាសតាមទូរស័ព្ទជាមួយនឹងអ្នកយកព័ត៌មាននៃកាសែតឡារ៉ែនថា ការបង្កើតកម្មវិធីនេះឡើងគឺសម្រាប់ឱ្យប្រជាជនខ្មែរ និងជនបរទេសដែលមកដើរកម្សាន្តក្នុងរាជធានីភ្នំពេញមានភាពងាយស្រួលក្នុងការហៅរ៉ឺម៉កកង់បី និងសេវារថយន្តឈ្នួលគិតម៉ែត្រមួយចំនួនទៀតក្នុងការធ្វើដំណើរ។ លោកបន្ដថា មុនពេលបង្កើត រូបលោកផ្ទាល់បានជួបនឹងបទពិសោធដ៏លំបាកក្នុងការហៅរ៉ឺម៉កកង់បី ដោយត្រូវតថ្លៃជាមួយនឹងតម្លៃដែលអ្នករត់កង់បី កាត់ថ្លៃខ្ពស់កប់ពពកលើចម្ងាយផ្លូវដ៏ជិតមួយ។

លោកថ្លែងថា«គ្មាននរណាម្នាក់ចង់ចរចាថ្លៃនោះទេ។ យើងពិតជាចង់បានការជិះដ៏ងាយស្រួលមួយ និងបង់ថ្លៃដោយយោងតាមចម្ងាយដែលពួកយើងបានធ្វើដំណើរ»។

ក្រោយពីដាក់ដំណើរការកម្មវិធី PassApp Taxi អ្នកបើកបររ៉ឺម៉កម៉ូតូជាច្រើនបានសម្ដែងការមិនពេញចិត្តនឹងកម្មវិធីទូរស័ព្ទមួយនេះ ព្រមជាមួយនឹងតម្លៃដែលបានដាក់ចេញ។ ពួកគាត់ត្រូវបានបាត់ភ្ញៀវ ព្រមជាមួយនឹងការខាតចំណូលប្រចាំថ្ងៃជាច្រើន ប៉ុន្តែយើងបានមកវិញនូវការរកស៊ីដែលមានលក្ខណៈស្មោះត្រង់ និងបង្កភាពងាយស្រួលដល់អ្នកធ្វើដំណើរ រួមនឹងភ្ញៀវបរទេសដែលតែងត្រូវបានគេទារថ្លៃហួសប្រមាណ ខណៈពួកគាត់មិនសូវយល់ពីស្ថានភាពស្រុកយើង។ ជាមួយកម្មវិធី PassApp Taxi អ្នកដំណើរគ្រប់រូបនឹងបង់ថ្លៃស្មើៗភាពគ្នា។

ចំពោះកម្មវិធីនេះ អ្នកដំណើរតម្រូវឱ្យបង់ថ្លៃចំនួន 3,000 រៀលសម្រាប់មួយគីឡូម៉ែត្រដំបូង ហើយបន្ទាប់មក ម៉ែត្រវាស់នឹងកំណត់ទារថ្លៃ 70 រៀលរៀងរាល់ 50 ម៉ែត្រម្ដង។ នៅពេលបញ្ចប់ការធ្វើដំណើរ អ្នកបើកបរនឹងចុចប៊ូតុងបញ្ចប់ ដើម្បីបញ្ឈប់ការគិតថ្លៃ ដោយវានឹងចេញជាទិន្នន័យ (វិក្កយបត្រ) មួយបញ្ជាក់ពីទឹកប្រាក់ត្រូវបង់ ចម្ងាយ ពេលវេលា ព្រមជាមួយទីតាំងចាប់ផ្ដើម និងបញ្ជប់ជូនទៅអ្នកធ្វើដំណើរលើទូរស័ព្ទអ្នកបើកបរ ហើយវិក្កយបត្រមួយទៀតនឹងត្រូវផ្ញើចូលទៅក្នុងអ៊ីមែល ពេលចុះឈ្មោះប្រើកម្មវិធី។

ស្ថាបនិកខាងលើបានបន្ថែមទៀតថា PassApp Taxi ធ្វើឱ្យអ្នករត់រ៉ឺម៉កម៉ូតូធម្មតាអាចបាត់បង់ចំណូលមួយចំនួនធំ ផ្ទុយទៅវិញវាបានបង្កើនលទ្ធភាពក្នុងការដឹកភ្ញៀវរបស់អ្នករត់រ៉ឺម៉កម៉ូតូដែលជាសមាជិកកើនឡើងទ្វេដង ធៀបនឹងពេលដែលគាត់មិនទាន់ប្រើប្រាស់កម្មវិធីមួយនេះ ខណៈការបញ្ជាកក់ក្នុងមួយថ្ងៃបានកើនឡើងជាលំដាប់ ជាង 600 ដងក្នុងមួយថ្ងៃគិតជាមធ្យម ស្របពេលចំនួននៃការទាញយកកម្មវិធីនេះពីសំណាក់អ្នកប្រើប្រាស់ដាក់លើទូរស័ព្ទស្មាតហ្វូនបានកើនឡើងជិត 3 ម៉ឺនដងនៅ App Store និង Google Play Store។

រាល់ថ្ងៃការចុចកក់បានកើនឡើងច្រើនដល់ថ្នាក់យើងមិនអាចបំពេញតម្រូវការអតិថិជនបាន។ ដោយគិតជារួម មានភ្ញៀវជាង 100 នាក់មិនត្រូវបានដឹក ព្រោះចំនួនរ៉ឺម៉កកង់បីដែលចុះឈ្មោះប្រើកម្មវិធី PassApp Taxi មានចំនួនត្រឹម 50 គ្រឿងប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលសេវារ៉ឺម៉ករបស់ក្រុមហ៊ុន EZgo ។

ម្នាក់ៗអាចរកចំណូលបានចន្លោះពី 7 ទៅ 15 ម៉ឺនរៀលក្នុងមួយថ្ងៃ អាស្រ័យលើការខំប្រឹងប្រែងរបស់ពួកគាត់។ នេះជាទំហំទឹកប្រាក់ដ៏ខ្ពស់មួយ បើធៀបនឹងអ្នកដែលមិនប្រើកម្មវិធី ហើយវាក៏អាចស្មើនឹងចំនួនប្រាក់ខែប្រធានផ្នែកក្នុងក្រុមហ៊ុនធុនមធ្យមមួយដែរនៅកម្ពុជា។ គិតជាមធ្យមត្រឹម 10 ម៉ឺនរៀលក្នុងមួយថ្ងៃ ឬប្រហែល 25 ដុល្លារ សម្រាប់សមាជិកអ្នករត់រ៉ឺម៉កម៉ូតូដែលបានប្រើប្រាស់កម្មវិធី PassApp Taxi អាចរកបានប្រមាណ 750 ដុល្លារ ក្នុងមួយខែ ករណីគាត់រត់ ហើយសម្រាកថ្ងៃអាទិត្យ។ លោក និមុលបន្ថែម។

សព្វថ្ងៃសហគ្រិនវ័យជាង 35 ឆ្នាំរូបនេះ កំពុងតែពិចារណាពង្រឹកសេវាកម្មនៅខេត្តសៀមរាប និងព្រះសីហនុ ហើយគ្រោងពង្រីកបន្ថែមសេវាបែបម៉ូតូឌុបផងដែរក្នុងពេលឆាប់ៗនេះ។ ចំណុចសំខាន់មួយទៀត គឺរូបលោកចង់ជំរុញផ្នត់គំនិតអ្នករត់រ៉ឺម៉កម៉ូតូកង់បី និងផ្លាស់ប្តូរសេវាកម្មមួយនេះ ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសទំនើប ហើយអ្នកដំណើរនឹងមិនបារម្ភអំពីការតថ្លៃ ឬក៏គិតថ្លៃកាប់ឆៅៗដូចមុនទៀតទេ៕

Advertisement