Apple កំពុង​ផលិត​ស្មា​ត​ហ្វូ​ន​អេក្រង់​កោង ត្រៀម​បង្ហាញ​ក្នុងពេលឆាប់ៗ

ក្រុមហ៊ុន Apple ត្រូវបាន​គេ​រាយការណ៍​ថា​កំពុងតែ​សំងំ​ផលិត​ស្មា​ត​ហ្វូ​ន​ដែលមាន​អេក្រង់​កោង (Foldable) និង​អាច​បត់​បាន ហើយ​គ្រោង​នឹងដាក់​ឱ្យប្រើ​ប្រាស់​នៅក្នុងពេលឆាប់ៗខាងមុខនេះ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Reuters។

កាលពី​ឆ្នាំ2017 មាន​ព័ត៌មាន​ចចាមអារ៉ាម​មួយ​បាន​លេចឮ​មក​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អា​មេ-រិ​កមួយ​នេះ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន LG ក្នុងការ​បង្កើត​ស្មា​ត​ហ្វូ​ន​អេក្រង់​កោង ប៉ុន្តែ​នៅពេលនេះ​បែរជា​ធ្លាយ​ព័ត៌មាន​ថ្មី​មក​ថា ក្រុមហ៊ុន Apple បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផ្សេង​មួយទៀត​ដើម្បី​ផលិត​ស្មា​ត​ហ្វូ​ន​អេក្រង់​កោង ហើយ​គ្រោង​នឹងដាក់​បង្ហាញ​នៅ​ឆ្នាំ2020។

ក្រុមអ្នកវិភាគ​បានលើកឡើង​ថា ទោះជា Apple ផលិត​ស្មា​ត​ហ្វូ​ន​អេក្រង់​កោង​ក្រោយ Samsung និង Lenovo ក្ដី ប៉ុន្តែ​បើសិនជា​ព័ត៌មាន​ចចាមអារ៉ាម​នេះ​ក្លាយជា​ការពិត​នោះ Apple នឹង​អាច​នាំមុខ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​អេក្រង់​កោង ព្រោះ Apple គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ និង​លំដាប់​លេខ1 របស់​អាមេរិក ជាពិសេស​គឺ​ការអភិវឌ្ឍ​របស់ Appleដែល​តែងតែមាន​អ្វី​ប្លែក​ថ្មី​ខុសពី​គេ​ជានិច្ច។

យោងតាម​ការបញ្ជាក់រ​បស់​សារព័ត៌មាន CNBC បានឱ្យដឹងថា ក្រុមហ៊ុន Apple បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​បន្ទះ​អេក្រង់​ថ្មី​មួយ​ដែល​មិនមែនជា​គួ​ប្រជែង​របស់ខ្លួន ដើម្បី​ផលិត​ស្មា​ត​ហ្វូ​ន​អេក្រង់​កោង​ថ្មី​នេះ។

គួរបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់​បន្ទះ​អេក្រង់​សម្រាប់ iPad និង iPhone ធំជាងគេ​គឺ Samsung និង LG៕

Advertisement