Apple ជាប់​ចំណាត់ថ្នាក់​លេខ1 ជា​ក្រុមហ៊ុន​មាន​ភាព​ច្នៃ​បង្កើត​ថ្មី​ខ្ពស់បំផុត​នៅ​ឆ្នាំ2018

ទស្សនាវដ្ដី​ដ៏​ល្បី​របស់​អាមេរិក Fast Company ដែល​ផ្ដោត​សំខាន់​ទៅលើ Business Media Brand បានចេញ​ផ្សាយ​នាថ្មីៗនេះ​ថា Apple ជា​ក្រុមហ៊ុន​ដែលមាន​ភាព​ច្នៃប្រឌិត ឬ​ច្នៃ​បង្កើត​ថ្មី​ខ្ពស់បំផុត​នៅក្នុង​ឆ្នាំ2018។

តាម​ការបញ្ជាក់​ពី​ទស្សនាវដ្ដី​ខាងលើនេះ បានឱ្យដឹងថា ក្រុមហ៊ុន Apple ដែល​ទទួលបាន​នាម​ជា​ក្រុមហ៊ុន​មាន​ភាព​ច្នៃ​បង្កើត​ថ្មី​ខ្ពស់បំផុត​នេះ ដោយសារតែ​ក្រុមហ៊ុន Apple បាន​បង្កើត​នូវ​ផលិត-

ផល​ថ្មី3 គឺ AirPod, AR និង iPhone X។ កាលពី​ឆ្នាំមុន Apple ឈរ​នៅ​លេខ​រៀង​ទី4 ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ Fast Company ហ៊ាន​ផ្ដល់​ចំណាត់ថ្នាក់​លេខ1 ឱ្យ Apple ក៏​ព្រោះ​តែមាន​វត្តមាន AirPods, Apple Watch Series 3, ARKi និង​iPhone Xដែល​ផលិតផល​ទាំងនេះ​គឺជា​ការបង្កើត​ថ្មី​ទាំងអស់។ ក្រៅពី​ផលិតផល​ទាំងអស់នេះ Apple នៅមាន​បច្ចេកវិទ្យាថ្មីៗជាច្រើន​ទៀត ដែល​សុទ្ធសឹងតែ​ជាការ​បង្កើត​ថ្មី​ទាំងអស់។

គួរបញ្ជាក់​ផងដែរ​ថា Fast Company បានផ្ដល់​ចំណាត់ថ្នាក់​លេខ​រៀង​ទី2 ទៅឱ្យ​ក្រុមហ៊ុន Netflix  លេខ3 ទៅឱ្យ​ក្រុមហ៊ុន Square  លេខ4 ទៅឱ្យ​ក្រុមហ៊ុន Tencent  និង​លេខ5 គឺ​ក្រុមហ៊ុន Amazon៕

Advertisement