Apple អាច​នឹង​ឈប់​ផលិត និង​លក់ iPhone X ព្រោះតែ​បញ្ហា​នេះ…

អាមេរិក៖ នៅពេលដែល​ក្រុមហ៊ុន Apple បានប្រកាស​បង្ហាញ iPhone X មាន​អតិថិជន Apple ជាច្រើន​មានការ​ចាប់អារម្មណ៍​ជាមួយនឹង iPhone មួយ​នេះ ជាពិសេស​គឺ​នៅ​ថ្ងៃ​ចេញលក់​តែម្ដង ប៉ុន្តែ​អ្វីដែល​គេ​មើលឃើញ​ជាក់ស្ដែង​ក្រោយ​ពេលចេញ​លក់បាន​ប៉ុន្មាន​ខែ​កន្លងមកនេះ គឺ​ត្រូវការ iPhone X មាន​ចំនួន​តិច​បំផុត រហូត​ធ្វើ​ឲ្យ Apple បង្ខំចិត្ត​កាត់បន្ថយ​ការផលិត។

ក្រុមអ្នកវិភាគ​ជាច្រើន បាននាំគ្នា​ធ្វើ​ព្យាករណ៍​ថា ក្រុមហ៊ុន Apple ទំនងជា​បញ្ឈប់​ការផលិត iPhone X នៅ​មុនពេល​ប្រកាស​បង្ហាញ​វត្តមាន iPhone ជំនាន់​ថ្មី។ អ្នក​ខ្លះទៀត​បានលើកឡើង​ថា ក្រុមហ៊ុន Apple អាច​នឹង​ឈប់​ផលិត ព្រមទាំង​ឈប់​លក់ iPhone X នៅលើ​ទីផ្សារ​ថែម​ទៀតផង ដែល​ទាំងនេះ​មកពី​តម្រូវការ​ទីផ្សារ​ទាប់ និង​ធ្លាក់ចុះ​យ៉ាងខ្លាំង។

KGI Securities ដែលជា​ស្ថាប័ន​វិភាគ និង​ស្រាវជ្រាវ​ទៅលើ​ក្រុមហ៊ុន Apple បានបង្ហាញ​របាយការណ៍​ស្រាវជ្រាវ​មួយ និង​បាន​ព្យាករណ៍​ថា ការលក់​ចេញ iPhone X ទៅក្នុង​ទីផ្សារ​នា​ត្រីមាស​ទី1 ដើមឆ្នាំ 2018 គឺមាន​ចំនួន 18លាន​គ្រឿង ហើយ​បើសិនជា​ធៀប​នឹង​ម៉ូ​ដែលមុនៗ ឃើញថា​តួលេខ​នេះ​ធ្លាក់ចុះ​គួរឱ្យគត់សម្គាល់ ដែលជា​ហេតុនាំឱ្យ Apple អាច​នឹង​ឈប់​ផលិត ព្រមទាំង​ឈប់​លក់​នៅលើ​ទីផ្សារ។

ប្រភព​ដដែល​បាន​បន្តទៀតថា ការ​កង្វះ​នៃ​តម្រូវការ នឹង​ធ្វើឱ្យ​ក្រុមហ៊ុន Apple ឈប់​ផលិត iPhone X ហើយ​មូលហេតុ​ធំ​មួយទៀត​ដែល Apple មិន​ចង់​ចេញលក់​នៅលើ​ទីផ្សារ​នោះ​គឺ​ដោយសារតែ មិន​ចង់​លក់ iPhone X ក្នុង​តម្លៃថោក៕

Advertisement