Facebook ធ្វើកំណែទម្រង់​ថ្មី ដោយ​ផ្ដោត​សំខាន់​លើ​ប្រភពព័ត៌មាន «គួរឱ្យ​ជឿទុកចិត្ត​បាន»

អាមេរិក៖ សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook លោក Mark Zuckerberg បានប្រកាស​ឱ្យដឹងថា Facebook នឹងធ្វើ​កំណែទម្រង់​ថ្មី​មួយ​ទាក់ទង​ទៅនឹង​ការ​បង្ហោះ​អត្ថបទ​នានា ជាពិសេស​នឹងធ្វើ​ការវាយតម្លៃ​ទៅលើ​អត្ថបទ​ទាំងនោះ​ថា «គួរឱ្យ​ជឿទុកចិត្ត​បាន ឬក៏​ជា​ព័ត៌មាន​មិន​ត្រឹមត្រូវ» ដោយ​ការវាយតម្លៃ​នេះ​នឹងត្រូវ​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​អ្នកប្រើប្រាស់។

សារព័ត៌មាន The Guardian បានចេញ​ផ្សាយ​ថា កន្លងមក​មាន​ព័ត៌មាន​ជាច្រើន​ត្រូវបាន​ចែកចាយ​តាម​បណ្ដាញ​សង្គម Facebook ដោយ​ព័​ត៌​មា​នួ​ទាំងនោះ មាន​ខ្លះ​ជា​ព័ត៌មាន​ពិត និង​ខ្លះទៀត​ជា​ព័ត៌មាន​មិន​ពិត ដូច្នេះហើយ ក្រុមហ៊ុន Facebook នឹងធ្វើ​ការស្ទង់មតិ​ទៅលើ «ប្រភពព័ត៌មាន» ដោយ​ឱ្យ​អ្នកប្រើប្រាស់​បញ្ជាក់ថា «ស្គាល់ ឬ​មិន​ស្គាល់» ដើម្បី​ងាយស្រួល​បញ្ជាក់ថា ប្រភពព័ត៌មាន​មួយ​នេះ​គឺ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ជាក់លាក់ និង​ត្រឹមត្រូវ ឬ​ប្រភពព័ត៌មាន​មួយ​នេះ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ត្រឹមត្រូវ។

លោក Mark Zuckerberg បានបញ្ជាក់​បន្ថែមទៀត​ថា ក្រោយពី​ធ្វើ​ការស្ទង់មតិ​រួចរាល់​ហើយ ក្រុមការងារ Facebook នឹង​ផ្ដល់​ចំណាត់ថ្នាក់​សម្រាប់​ប្រភពព័ត៌មាន​ទាំងនោះ តាមរយៈ​ទិន្នន័យ​ដែល​ស្ទង់​មតិ​បាន ដើម្បី​ផ្ដល់​អាទិភាព​ក្នុងការ​បង្ហាញ​ព័ត៌មាន​នៅក្នុង News Feed៕

Advertisement