Apple ចេញ​លិខិត​សុំទោស​អតិថិជន​ជា​សាធារណៈ ខណៈ​មាន​បណ្ដឹង​ទារ​សំណង​រហូតជិត 1ពាន់​លាន​ដុល្លារ

អាមេរិក៖ ថ្មីៗនេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​អាមេរិក Apple បានទទួល​រង​នូវ​ការរិះគន់ និង​ពាក្យបណ្ដឹង​ជាច្រើន បន្ទាប់ពី​មាន​របាយការណ៍​មួយ​បាន​បង្ហាញថា Apple បាន​កាត់​បន្ថយល្បឿន​ដំណើរការ​ទូរស័ព្ទ iPhone ម៉ូ​ដែល​ចាស់ៗ ទៅតាម​អាយុកាល​នៃ​ថ្ម  ក្នុង​គោលបំណង​ចង់​ឲ្យ​អ្នក​ប្រើ iPhone ចាស់ៗ ប្ដូរទៅប្រើ​ផលិតផល​ថ្មី​ចុងក្រោយ​វិញ។

ដោយឡែក​នៅថ្ងៃនេះ ក្រុមហ៊ុន Apple បានចេញ​សេចក្ដីប្រកាស​សុំទោស​ជា​សាធារណៈ ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ។ «យើង (Apple) ដឹង និង​យល់​ពី​អារម្មណ៍​របស់​អ្នកប្រើប្រាស់ ហើយ​យើង​សុំទោស​ផង​ចំពោះ​បញ្ហា​ដែល​កើតមាន​នេះ។ ដើម្បី​ជាការ​លុបលាង​កំហុស យើង​ស្នើ​ដល់​អ្នកប្រើប្រាស់​ដែល​ជួប​បញ្ហា​នេះ ទៅធ្វើ​ការផ្លាស់ប្ដូរ​ថ្ម​ថ្មី ក្នុងតម្លៃ​ទាប (29ដុល្លារ​អាមេរិក) ហើយ​នៅ​ដើមឆ្នាំ 2018 យើង​នឹង​ដាក់ចេញ​នូវ Software ថ្មី ដែល​អាច​ឲ្យ​អ្នកប្រើប្រាស់​តាមដាន​នូវ​អាយុកាល​របស់​ថ្ម​ទូរស័ព្ទ»។

ប៉ុន្មាន​ថ្ងៃមុន​នេះ មាន​អ្នកប្រើប្រាស់ iPhone ម្នាក់​បានដាក់​ពាក្យបណ្ដឹង​តាមផ្លូវ​ច្បាស់ ដោយ​ទាមទារ​សំណង​ពី Apple នូវ​ទឹកប្រាក់​ជិត 1ពាន់​លាន​ដុល្លារ​អាមេរិក  ដោយ​ក្នុង​ពាក្យបណ្ដឹង​បានសរសេរថា Apple មាន​ចេតនា​ទម្លាប់​ល្បឿន​ដំណើរការ iPhone ម៉ូ​ដែល​ចាស់ ក្នុង​គោលបំណង​ឲ្យ​អតិថិជន iPhone ចាស់ៗទៅប្រើ iPhone ថ្មី៕

Advertisement