កម្ពុជា​កំពុង​ប្រឹងប្រែង​ដើម្បី​ឆ្ពោះទៅកាន់​បច្ចេកវិទ្យា 5G

ក្នុង​វេទិកា​ថ្នាក់​តំបន់​ស្ដីពី “វិទ្យុគមនាគមន៍​សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក 2017” ដំណើរ​ឆ្ពោះទៅកាន់ 5G ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​លើកឡើងថា​បច្ចុប្បន្ន​ក្រសួង​កំពុង​ប្រឹងប្រែង​ធ្វើ​កិច្ចការ​ជាមួយ​ប្រទេស​ក្នុង​តំបន់ ក៏ដូចជា​សហគមន៍​អន្ដរជាតិ ដើម្បី​នាំ​កម្ពុជា​ឆ្ពោះទៅកាន់​យុគសម័យ​ឌីជីថល។

ឯកឧត្ដម សុខ ពុទ្ធិ​វុ​ធ អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​លើកឡើងថា វេទិកា​ថ្នាក់​តំបន់​ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា ពិសេស​ប្រទេស​ជា​សមាជិក​ក្នុង​តំបន់​ក្នុង​ការបង្កើន​កិច្ចសហប្រតិបត្ដិការ​រួម​គ្នា​ដើម្បី​ធ្វើដំណើរ​ឆ្ពោះទៅកាន់​យុគសម័យ​ឌីជីថល។ ឯកឧត្ដម​បន្ដថា ប្រទេសនីមួយៗកំពុងស្ថិត​ក្នុងការ​ប្រឹងប្រែង​អភិវឌ្ឍ​សមត្ថភាពរៀងៗខ្លួន ដូច្នេះហើយ​ប្រទេស​កម្ពុជា​ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ព​ន្លឿ​ន​ខ្លួន ដើម្បី​អភិវឌ្ឍ​វិស័យ ICT និង​ធ្វើការ​ជាមួយ​ប្រទេស​ក្នុង​តំបន់ ក៏ដូចជា​សហគមន៍​អន្ដរជាតិ​ដើម្បី​ធ្វើយ៉ាងណា​អាច​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យបាន​កាន់តែ​រីកចម្រើន។

វេទិកា “វិទ្យុគមនាគមន៍​សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក 2017” នេះ​មាន​កិច្ចពិភាក្សា​ដោយមាន​ការដាក់បញ្ចូល​ប្រធានបទ​ជាច្រើន​ក្នុងនោះ​មានដូចជា មាគ៌ា​បង្ហាញផ្លូវ​ស្ដីពី​ទូរគមនាគមន៍​ចល័ត​អន្ដរជាតិ2020 និង​និ​នា្ន​ការ​នៃ​ការគ្រប់គ្រង​វិសាលភាព​វិទ្យុគមនាគមន៍​ជាតិ តួនាទី​ប្រព័ន្ធ​ផ្កាយរណប​ក្នុង​បច្ចេកវិទ្យា 5G ព្រមទាំង​បទពិសោធ​របស់​ប្រទេស​ក្នុង​តំបន់​ទៅលើ​ការផ្លាស់ប្ដូរ​ប្រព័ន្ធ​ឌីជីថល និង​ផលប៉ះពាល់​លើ​ប្រព័ន្ធ​វិសាលភាព​វិទ្យុគមនាគមន៍​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ក្នុងនោះ​មានការ​ចូលរួម​ពី​វាគ្មិន​ជា​អ្នកជំនាញ​លើ​វិស័យនេះ​ជាច្រើនរូប។

ឯកឧត្ដម​អនុរដ្ឋលេខាធិការ​បាន​បញ្ជាក់ថា វេទិកា​ថ្នាក់​តំបន់​នេះ​ក្រៅពី​ជំរុញ​ឱ្យ​ប្រទេស​ទាំងអស់​នៅក្នុង​តំបន់​ឆ្ពោះទៅរក​ការរីកចម្រើន​ក្នុង​វិស័យ​បច្ចេកវិទ្យា​ហើយ​នោះ ក៏​ជា​កាលា​នុ​វត្ដ​ភាព​ថ្មី​មួយទៀត​សម្រាប់​ឱ្យ​ប្រទេស​ជា​សមាជិក​ស្វែងយល់​ពី​បញ្ហា​ប្រឈម​នានា និង​ការត្រៀមខ្លួន​ក្នុងការ​ធ្វើដំណើរ​ឆ្ពោះទៅ​យុគសម័យ 5G ដើម្បីឱ្យ​ប្រទេស​ទាំងនោះ​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​បាន​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិ​ភាព។

សិក្ខាសាលា​ថ្នាក់​តំបន់​នេះ​ត្រូវបាន​រៀបចំឡើង​ចំនួន4លើក​រួចមកហើយ ដោយ​លើក​ទី1ត្រូវបាន​ធ្វើឡើង​ក្នុង​ឆ្នាំ2013 នៅ​ប្រទេស​ហ្វី​ជី លើក​ទី2នៅ​ប្រទេស​វៀតណាម លើក​ទី3 នៅ​ហ្វីលីពីន លើក​ទី4 នៅ​ប្រទេស​សា​ម៉ៅ និង​លើក​ទី5 នៅ​ព្រះរាជាណាចក្រ​កម្ពុជា៕

Advertisement