បកស្រាយ​ចម្ងល់iPhone 9 បាត់​ទៅណា?

ដូចដែល​យើង​បានដឹង​តាំងពី​អំឡុងពេល​បង្ហាញខ្លួន​ហើយ​ថា Apple ប្រកាស​ឈ្មោះ​ហៅ​របស់ Apple ស៊េរី​ថ្មី​ថា Apple ten ដោយសារ​ស្ថិត​ក្នុងឋានៈ​ជា Apple ស៊េរី​អាយុ​គ្រប់1ទសវត្សរ៍ ទន្ទឹមគ្នា​នឹង iPhone 8 និង iPhone8 Plus ដែល​ទោះជា​ក្នុង​ផ្លូវ​ទិច​និក​វិញ លក្ខណៈសម្បត្តិ​ដែល​ចេញមក​នោះ យើង​អាច​ប្រាប់​បាន​ថា វា​គួរតែ​ជា iPhone 7s និង iPhone 7s Plus ច្រើនជាង​ក៏ដោយ។ ដូច្នេះ​នៅពេល Apple បង្ហាញ​ផលិតផល​ចេញមក​បែបនេះហើយ ក៏​មានន័យថា Apple មាន​ចេតនា​ឈាន​រំលង​ឈ្មោះ​របស់ iPhone 9 ទៅហើយ​ឬ​យ៉ាងណា?

ប្រភពព័ត៌មាន The Verge បានផ្តល់​បទ​វិភាគ​មួយ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ថា អ្វីៗទាំងអស់នោះ​គឺ​មកពី​យុទ្ធសាស្ត្រ​ទីផ្សារ​ដ៏​​ឈ្លាសវៃ​របស់Apple ដែល​ជ្រើសរើស​ប្រើ​ឈ្មោះ​របស់ iPhoneX តាំងពី​ក្នុងអំឡុងពេល​ពិធី​សម្ពោធ​បង្ហាញខ្លួន និង​ធី​ហ្ស៊ើ​រ៍ផ្សេងៗដើម្បីឱ្យ​អ្នកប្រើប្រាស់​បានដឹងថា វា​មាន​ភាព​ពិសេស​ខ្លាំង​ជា​ងស៊េរី iPhone 8។

ទោះជា​ក្នុង​ផ្នែក​ទិច​និក ពួកគេ​នឹង​បញ្ចេញ​សំឡេង iPhone X ថា​ជា iPhone ten ក៏ដោយ តែ​ក៏​អ្នកប្រើប្រាស់​នឹង​ហៅ iPhone ស៊េរី​នេះ​ថា​ជា iPhone X តាំង​ពីមុន​រួចមកហើយ និង​មូលហេតុ​សំខាន់​ដែល Apple មិន​ប្រើ​ឈ្មោះថា iPhone ten តែម្ដង​ទៅនោះ គឺ​ដោយសារ​ថា បើសិនជា​ធ្វើ​បែប​នោះ iPhone 8 និង iPhone8 Plus នឹង​ក្លាយជា​ទំនិញ​ដែល​ចាស់​ជាង iPhone10 ភ្លាម​តែម្ដង​ហ្នឹងឯង។

ប្រាកដ​ណាស់​ថា ល្បិច​ខាង​ទីផ្សារ​ទាំងនេះមិនមែនជា​រឿង​ថ្មី​នោះទេ ព្រោះ​កាលពីពេល​មុននេះ Microsoft ក៏​ធ្លាប់​បានធ្វើ​រួចមកហើយ​ក្នុងការ​បង្ហាញខ្លួន Windows 10 ដែល​ពួកគេ​ក៏បាន​រំលង Windows 9 ចោល​ដូចគ្នា ដែល​ការជ្រើសរើស​ធ្វើបែបនេះ គឺ​ដើម្បី​ជា​ចិត្តសាស្ត្រ​ឱ្យ​អតិថិជន​ដែល​កំពុង​ប្រើ Windows 7 នោះ មាន​អារម្មណ៍​ថា Windows ដែល​ខ្លួនឯង​កំពុង​ប្រើ​នេះ វា​ចាស់​ហើយ និង​ត្រូវ​ប្រញាប់​អាប់​ហ្ក្រេ​តទៅ​ប្រើ Windows 10 ហ្នឹងឯង។

នៅពេល​ពិចារណា​ពី​ផ្នត់គំនិត​ខាងលើ​នោះ​ហើយ វា​ជា​រឿង​មួយ​ដែល​អាចទៅរួច​ខ្លាំងណាស់​ថា iPhone 9 អាច​នឹង​មិនបាន​ត្រូវ​រំលង​ចោល​រហូត​ទៅនោះ​ទេ តែ​អាច​នឹងត្រូវ​ប្រើ​ជាមួយ iPhone ថ្មី​ណាមួយ​ក្នុង​ឆ្នាំ2018ខាងមុខនេះ៕

Advertisement