Taxi Uber បើក​ដំណើរការ​អាជីវកម្ម​នៅ​កម្ពុជា

ក្រោយ​បើក​ដំណើរការបាន​ជាង 600 ទីក្រុង​នៅ​ទូទាំង​ពិភពលោក​រួចមក ក្រុមហ៊ុន​ផ្ដល់​សេវា​ដឹក​អ្នកដំណើរ​របស់​សហរ​ដ្ឋ​អាមេរិក Uber ដែល​ហៅ Taxi តាម​កម្មវិធី​ទូរស័ព្ទ បាន​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​ជា​ផ្លូវការ​ហើយ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី28 ខែកញ្ញា នេះ។ ការបើក​ដំណើរ​នេះ ជា​មធ្យោបាយ​ថ្មី និង​ងាយស្រួល​មួយទៀត​សម្រាប់​អ្នកធ្វើដំណើរ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​គ្រាន់តែ​ចុច​ប៊ូ​តុង​មួយ​លើ​ស្មា​ត​ហ្វូ​ន​របស់​លោកអ្នក ហើយ​លោក​អ្នកនឹង​ទទួលបាន​សេវា​ដឹកជញ្ជូន​ធ្វើដំណើរ​ក្នុងតម្លៃ​សមរម្យ មាន​ទំនុកចិត្ត និង​សុវត្ថិភាព។

លោក Brooks Entwistle នាយក​គ្រប់គ្រង​អាជីវកម្ម​ក្រុមហ៊ុន Uber បានឱ្យដឹងថា ការបើក​ដំណើរ​កម្មវិធី Uber ក្នុង​ទីផ្សារ​កម្ពុជា ក្រុមហ៊ុន​លោក​បាន​នាំមក​នូវ​បច្ចេកវិទ្យា Ridesharing ដើម្បី​បម្រើសេវា​ជូន​អ្នកធ្វើដំណើរ​អ្នកបើកបរ​ជា​ដៃគូ និង​អ្នក​រស់នៅក្នុង​រាជធានី​ភ្នំពេញ។ ទាំងអស់នេះ​ជាការ​រួមចំណែក​ដល់​វិស័យសេដ្ឋកិច្ច​ជាមួយ​សក្ដានុពល​ឈានមុខ​គេ​ក្នុងចំណោម​បណ្ដា​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​ដែល​អាចឆ្លើយតប​ទៅនឹង​បច្ចេកវិទ្យា និង​ឱកាសថ្មី។ លោក​បន្ដថា បច្ចុប្បន្ន Uber មានដំណើរ​ការ​លើ 78 ប្រទេស និង 600 ទីក្រុង​ទូទាំង​ពិភពលោក ហើយ​រាជធានី​ភ្នំពេញ​ក៏មាន​នៅក្នុង​នោះដែរ។

ឯកឧត្តម ផែង សុវិជ្ជា​នោ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា រយៈពេល 5 ខែ​ហើយ​ដែល​ក្រសួង​បាន​សហការ​ជាមួយនឹង Uber ដើម្បី​ស្វែងយល់ និង​នាំមក​នូវ​ប្រព័ន្ធ​មធ្យោបាយ​ដឹកជញ្ជូន “shared mobility” ថ្មី​ដូចជា​បច្ចេកវិទ្យា​កម្មវិធី Ridesharing។ ការសម្ពោធ​កម្មវិធី Uber ថ្ងៃនេះ​បង្ហាញឱ្យឃើញ​ពី​ការរួមចំណែក​របស់​រា​ជ​រដ្ឋាភិបាល​ជាមួយ​វិស័យ​ឯកជន​ក្នុងការ​ផ្ដល់នូវ​អត្ថប្រយោជន៍​ពី​បច្ចេកវិទ្យា​ថ្មី។

ឯកឧត្តម​ថ្លែងថា៖ «វា​ជាការ​ប្ដេជ្ញា​ខ្ពស់​ក្នុង​ការកសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​មធ្យោបាយ​ធ្វើដំណើរ​បែប​ទំនើប​ប្រកបដោយ​គុណភាព​ទំនុកចិត្ត និង​សុវត្ថិភាព»។

ឯកឧត្តម ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ក៏បាន​ថ្លែង​ឱ្យដឹង​ដែរ​ថា  Uber នាំមក​នូវ​បច្ចេកវិទ្យា​ច្នៃ​បង្កើត​ថ្មី​មកកាន់​កម្ពុជា​ដើម្បី​ផ្ដល់ជូន​នូវ​ជម្រើស​មធ្យោបាយ​ដឹកជញ្ជូន​ធ្វើដំណើរ​ថ្មី​មួយ​សម្រាប់​អ្នកដំណើរ​ក៏ដូចជា​ឱកាស​រក​ចំណូល​សម្រាប់​អ្នកបើកបរ​ផងដែរ។ នេះ​ជា​គំរូ​ឧទាហរណ៍​ដ៏​ល្អ​មួយ​សម្រាប់​វិស័យ​ឯកជន​ដែល​បាន​ចូលរួម​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​បច្ចេកវិទ្យា​ថ្មី​នេះ៕

Advertisement