មូលហេតុដែលពលរដ្ឋមិនអាចបង្ហោះ Drone លើ​ដែនដី​រាជធានី​ភ្នំពេញ

ក្រោយមានសេចក្ដីជូនដំណឹងរបស់សាលា​រាជធានី​ភ្នំពេញពីស្ដីការហាមឃាត់ការថតរូបភាពពីលើអាកាសតាមរយៈការប្រើប្រាស់ឧបករណ៍ Drone នៅលើ​ដែនដី​រាជធានី​ភ្នំពេញកាលពីទី​16 ខែកុម្ភៈ ឆ្នាំ​ 2015 កន្លងមក មានប្រជាពលរដ្ឋមួយចំនួនបង្ហើបពីការងឿងឆ្ងល់ និងសំដែងការមិនពេញចិត្តចំពោះរឿងនេះ តែមានមូលហេតុមួយចំនួន នៅពីក្រោយការហាមឃាត់នេះ។

មន្ដ្រីម្នាក់ដែលបម្រើការងារនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកយកព័ត៌មានឡារ៉ែន តាមទូរស័ព្ទថា ការហាមឃាត់នេះមិនមែនធ្វើឡើងតែនៅប្រទេសកម្ពុជានោះទេ។ មានប្រទេសជាច្រើនទៀតក្នុងពិភពលោកក៏មានបម្រាមនេះដែរ ប៉ុន្ដែវាអាស្រ័យលើការកំណត់ផ្សេងៗគ្នា។
លោកថ្លែងថា៖«ជាការពិត បើការបង្ហោះនោះគ្មានកិច្ចការអ្វីផ្សេងនោះ វាមិនអីទេ ប៉ុន្ដែយើងបង្ការរឿងហេតុដែលអាចកើតឡើងផ្សេងៗដូចជាករណី​ភេរវកម្មជាដើម»។

ក្នុងសេចក្ដីជូនដំណឹងសាលា​រាជធានី​ភ្នំពេញបានចុះផ្សាយថា ការហាមឃាត់ការថតរូបពីលើអាកាសតាមរយៈឧបករណ៍ Drone ដោយខាងរដ្ឋបាលរាជធានីយល់ឃើញថា វាអាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិក្នុងការរស់នៅជាឯកជន សន្ដិសុខ សុវត្ថិភាពសាធារណៈ និងភាពអសកម្មមួយចំនួន។ ក្រោយ​ពី​មាន​ករណី​ជន​បរទេស​ម្នាក់​បញ្ជា​ម៉ាស៊ីនឱ្យហោះចូលទៅ​ថតរូប​ក្នុង​ព្រះ​បរម​រាជវាំង ខណៈសម្ដេចយាយយាង​ហាត់​ប្រាណ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពី​មន្ត្រី​ និង​បុគ្គលិក​ក្នុង​ព្រះ​បរម​រាជវាំង។

លោកបន្ដថា កន្លងមកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ័យជំនះបានសហកាជាមួយកម្លាំងប្រជាការពារសាលាខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនបរទេសម្នាក់នៅចំណុចមុខសណ្ឋាគាររណសិរ្ស ផ្លូវសុធារស ភូមិទី1 សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ បុគ្គលម្នាក់នេះជាជនជាតិរុស្ស៊ី ត្រូវបានឃាត់ខ្លួនពីបទបង្ហោះយន្តហោះបំពាក់កាមេរ៉ាDroneនៅតំបន់ហាមឃាត់(ក្បែរព្រះបរមរាជវាំង) ។ ក្រោយពីបានឃាត់ខ្លួនហើយ បុគ្គលនេះត្រូវបាននាំខ្លួនមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីសាកសួរ និងណែនាំអប់រំ ។

មន្ដ្រីខាងលើបញ្ជាក់ទៀតថា ដូចករណី​ប្រើ​ប្រាស់​យន្តហោះ​Drone ហោះ​ចូល​ទៅ​ក្នុង​ព្រះ​បរម​រាជវាំង ខណៈ​សម្តេច​ម៉ែ​កំពុង​យាង​ហាត់​ប្រាណ​នេះ វាមិនមែនជារឿងល្អទេ។ ចុះបើមានរឿងអ្វីផ្សេងកើតឡើង តើវានឹងទៅជាយ៉ាងណា? អ៊ីចឹងហើយបានជាខាងសាលា​រាជធានី​ភ្នំពេញ ចេញសេចក្ដីជូនដំណឹងនេះតែម្តង។ យ៉ាងណាមិញ ចំពោះពលរដ្ឋ ឬជនបរទេសដែលមានការចាំបាច់ចង់ថតរូបភាពពីលើអាកាសនោះ អាចធ្វើការថតបាន ប៉ុន្តែត្រូវសូមច្បាប់អនុញ្ញាតពីរដ្ឋអំណាចនៅតំបន់នោះជាមុនសិន បើ​មិន​ដូច្នេះ​ទេ នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បា៕

Advertisement