បង្រៀនកូនសន្សំលុយពីក្មេងអាចជួយឱ្យគាត់គ្រប់គ្រងហិរញ្ញវត្ថុបានល្អនៅថ្ងៃអនាគត

ការគ្រប់គ្រងហិរញ្ញវត្ថុជារឿងសំខាន់មួយសម្រាប់ជីវិតមនុស្សម្នាក់ៗ ព្រោះថា ​ប្រសិនបើមនុស្សមិនអាចគ្រប់គ្រងចំណូល និងចំណាយបានទេ ពួកគេនឹងធ្លាក់ទៅក្នុងវិបត្តិបំណុលនៅក្នុងជីវិត ហើយ​កាន់តែអាក្រក់ទៅទៀតនោះគឺពួកគេនឹង​មិនអាចសល់អ្វីសោះនៅក្នុងជីវិត ហើយថែមទាំង​គ្មានថវិកាសម្រាប់ដោះស្រាយបញ្ហាប្រឈមនានាក្នុងជីវិតទៀតផង។

ពាក់ព័ន្ធនឹងការ​គ្រប់គ្រងហិរញ្ញវត្ថុនេះ ធនាគារជាតិនៃកម្ពុជា បានបង្កើតកម្មវិធីមួយដែលមានឈ្មោះថា «​តោះ! និយាយពីលុយ» ដើម្បី​ឱ្យសិស្សនៅបឋមសិក្សា​បានរៀន​ពីវិធីសាស្រ្តសន្សំលុយ និង​សារៈសំខាន់នៃការសន្សំ រួមទាំងអប់រំពីការចំណាយជាច្រើនទៀតដល់ពួកគេ។

អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា លោកជំទាវ ជា សិរី បានលើកឡើងថា ការសន្សំលុយ​មិនចាំបាច់ទាល់តែធំហើយទើបរៀបចំសន្សំនោះទេ ប្រសិនបើ​យើងពន្យល់ឱ្យក្មេងៗចេះសន្សំតាំងពីតូចនោះ គាត់នឹងមានពេលច្រើនសម្រាប់ការសន្សំដែលធ្វើឱ្យ​គាត់មានហិរញ្ញវត្ថុរឹងមាំ​នៅពេលដែលគាត់ចេញធ្វើការ។ លោកជំទាវបានបញ្ជាក់ផងដែរថា មិនមែនទាល់តែមានលុយច្រើនទើបអាចសន្សំបាននោះទេ តាមពិតទៅ​ទោះមានចំណូលកម្រិតប៉ុនណា ក៏យើងអាចសន្សំបានដែរ ប្រសិនបើយើង​ចង់សន្សំ ហើយគ្រប់គ្រងការចាយឱ្យបានសមល្មម​ជាមួយនឹងចំណូលដែលទទួលបាន។

ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការគ្រប់គ្រងហិរញ្ញវត្ថុ ជាផ្នែកយ៉ាងសំខាន់មួយដែលក្រសួងកំពុងយកចិត្តទុកដាក់​ដើម្បី​ធ្វើយ៉ាងណាអប់រំឱ្យក្មេងៗចេះសន្សំ ហើយ​ក្លាយជាធនធានដែលមានទម្លាប់ល្អ​ក្នុងការសន្សំនៅថ្ងៃអនាគត។ កន្លងមក ក្រសួងអប់រំ បានសហការជាមួយដៃគូទាំងរដ្ឋ និងឯកជន ដើម្បី​បណ្តុះបណ្តាលកុមារតូចៗឱ្យមានចំណេះដឹងជាមូលដ្ឋាន​ដើម្បី​គ្រប់គ្រងហិរញ្ញវត្ថុឱ្យបានល្អ ព្រោះថា​ នៅពេលដែលក្មេងតូចៗមានទម្លាប់ល្អក្នុងការសន្សំលុយតាំងពីគាត់នៅក្មេង គាត់នឹងអាចក្លាយជាមនុស្សដែលមាន​សមត្ថភាពផ្នែកលុយកាក់រឹងមាំនៅថ្ងៃអនាគត។

ខាងក្រោមនេះ ជាវីដេអូ ដែលផលិតដោយ​កម្មវិធី តោះ! និយាយពីលុយ ដែលអប់រំពីការសន្សំលុយរបស់កុមារតូច អាចដោះស្រាយបញ្ហាចាំបាច់បានក្នុងជីវិត៖

Advertisement