ដឹង​តម្លៃ និង​ថ្ងៃ​ដាក់ឱ្យ Pre-Order ទូរស័ព្ទ Galaxy Note 8 នៅ​កម្ពុជា​ហើយ!

ក្រោយ​បង្ហាញខ្លួន​បាន​ជាង​មួយ​សប្ដាហ៍​ទូរស័ព្ទ Galaxy Note 8 ត្រូវបាន​ក្រុមហ៊ុន Samsung ប្រចាំ​កម្ពុជា ប្រកាស​ពី​តម្លៃ និង​ថ្ងៃ​ដាក់ឱ្យ​ធ្វើការ Pre-Order ហើយ​កាលពី​ព្រឹក​ថ្ងៃទី1 ខែកញ្ញា ឆ្នាំ2017 ម្សិលមិញ​នេះ។

តាម​ប្រភពពី​ទំព័រ Facebook ផ្លូវការ​នៃ​ក្រុមហ៊ុន Samsung កម្ពុជា​ឱ្យដឹងថា ត្រកូល Galaxy Note 8 នេះ អតិថិជន​អាចធ្វើ​ការ​កុម្ម៉ង់​ទិញ​ទុកជាមុន (Pre-Order) ចាប់​ថ្ងៃទី4 ដល់ទី22 ខែកញ្ញា ជាមួយនឹង​តម្លៃ​ត្រឹមតែ 919ដុល្លារ​ប៉ុណ្ណោះ ជាមួយនឹង​ពណ៌​ខ្មៅ និង​ពណ៌​មាស។ ការបញ្ជាទិញ​នេះ​ទៀតសោត ក្រុមហ៊ុន​នឹងមាន​ផ្ដល់ជូន​នូវ​កាស Samsung U-Flex មួយ​ដោយ​ឥតគិតថ្លៃ ជាមួយនឹង​គម្រោង​ស្មា​ត​ធំ​ហ្មង! ព្រមទាំង​លេខ​ពិសេស​ចំនួន 1 ផងដែរ។

សម្រាប់​តម្លៃ​នេះ ត្រូវបាន​គេ​មើលឃើញថា រៀង​ទាប​ជាង​ទីផ្សារ​បរទេស​បន្តិច ខណៈ​នៅ​អាមេរិក​មានតម្លៃ​ប្រមាណ930 ដុល្លារ​ឡើងទៅ ដោយ​អ្នកប្រើប្រាស់​អាច​ចូលទៅ​ធ្វើការ Pre-Order ដោយផ្ទាល់​នៅលើ​គេហទំព័រ Samsung.com ដោយ​តម្លៃ​អាច​ប្រែប្រួល​តាម​កញ្ជប់​សេវា។ ជាមួយគ្នានេះដែរ ក្នុង​បទ​សម្ភាស​មួយ​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង ប្រទេស​អាល្លឺម៉ង ប្រធាន​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​របស់ Samsung Electronics លោក DJ Koh ធ្លាប់បាន​និយាយថា វា​ពិបាក​រក្សា​តម្លៃ​ទូរស័ព្ទ​ថ្មី​នេះ​ឱ្យទាប​ជាង 1លាន​វ៉ុ​ន (887 ដុល្លារ) ណាស់ ព្រោះ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវបាន​បង្កើតឡើង​មាន​លក្ខណសម្បត្តិ​សម្បូរបែប​ខ្លាំងណាស់។

ចំពោះ​ទូរស័ព្ទ Galaxy Note 8 នេះ​ប្រើ​នូវ​អេក្រង់ Super AMOLED កម្រិត QHD+ និង​គាំទ្រ Mobile HDR Premium ហើយ​មាន​មុខងារ Always on Display និង Screen off memos ។ កាមេរ៉ា​ក្រោយ​របស់​វា​មាន 2 គ្រាប់​ទំហំ 12MP ដូចគ្នា មួយ​ជា​កម្រិត f/1.7 សម្រាប់ Lens ធម្មតា និង​មួយទៀត​កម្រិត f/2.4 សម្រាប់ Telephoto lensហើយ​ក៏មាន​បំពាក់​នូវ​បច្ចេកវិទ្យា Optical Stabilization ដូចគ្នា។ ស្មា​ត​ហ្វូ​ន​នេះ​មាន RAM ទំហំ 6GB ដំណើរការ​ដោយ​ប្រព័ន្ធ Android 7.0 Nougat និង​មាន​ថាមពល​ថ្ម 3300mAh។

ក្រុមហ៊ុន​បានបញ្ជាក់​បន្ថែមទៀតថា ក្រោយពេល Pre-Order បានបញ្ចប់ អតិថិជន​អាច​ទទួលបាន​ទូរស័ព្ទ Galaxy Note 8 នៅ​ថ្ងៃទី 29 ចុងខែ​កញ្ញា​នៅតាម​ហាង​ដែល​បាន​បញ្ជា​ទិញ ហើយ​ចំពោះ​អ្នក​នៅតាម​ខេត្ត​អាច​ទទួលបាន​នៅក្រោយ​គ្នា​មួយថ្ងៃ៕

Advertisement