Motorola វិល​ចូល​ទីផ្សារ​កម្ពុជា

ជិត10 ឆ្នាំក្រោយ​បាត់​មុខ​ពី​ទីផ្សារ​ទូរស័ព្ទ​កម្ពុជា ពេលនេះ​ក្រុមហ៊ុនទូរស័ព្ទ Motorola បាន​វិលត្រឡប់​ចូល​មកវិញហើយ ជាមួយនឹង​ការដាក់​បង្ហាញ​ផលិត​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ចុងក្រោយ​បំផុត នាឡិកា​ឆ្លាត​វៃ និង​គ្រឿង​ប្រើប្រាស់​ជាច្រើន​ទៀត។

តាម​ការ​ឱ្យដឹងពី​លោក Nheb Chantha ជា​អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន ECI Distribution Co., Ltd ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ចែកចាយ​ផ្ដាច់មុខ​ទូរស័ព្ទ Motorola ទូទាំងប្រទេស​បានឱ្យដឹង​ថា Motorola ជា​ម៉ាក​សញ្ញា​ក្រុមហ៊ុនទូរស័ព្ទ​ដែល​ល្បីល្បាញ​មួយ​ក្នុង​ពិភព​ស្មា​ត​ហ្វូ​ន ប៉ុន្ដែ​បាន​បាត់​មុខ​ពី​ទីផ្សារ​កម្ពុជា​ជាច្រើន​ឆ្នាំ និង​ទើបតែ​ពេលនេះ​ត្រូវបាន ECI យក​ចូល​មកវិញ ដោយមាន​ក្រុមហ៊ុន NMKH Limited ជា​អ្នក​ចែកចាយ​បន្ដទៅ​គ្រប់​ហាង​ទូរស័ព្ទ។

អ្នកគ្រប់គ្រង​ទូទៅ​រូបនេះ​ថ្លែងថា៖ «ដូច​អ្វីដែល​យើង​បានដឹងហើយថា Motorola កាលពីមុន​គឺ​ទទួលបាន​ការ​គាំ​ច្រើនណាស់​ពី​អ្នកប្រើប្រាស់​ខ្មែរ​យើង ប៉ុន្តែ​ដោយ​គ្មាន​ក្រុមហ៊ុន​នាំចូល​ផ្លូវការ​ទើប​វា​ស្ងាត់​ទៅវិញ។ ប៉ុន្ដែ​ពេលនេះ យើង​នឹង​ធ្វើឱ្យ​វា​ល្បីល្បាញ​ម្ដងទៀត»

លោក Liu Wenchuan អ្នកគ្រប់គ្រង​ផ្នែក​ទូរស័ព្ទ Motorola សម្រាប់​ទីផ្សារ​កម្ពុជា បានឱ្យដឹង​ដែរ​ថា Motorola ជា​ប្រភេទ​ឧស្សាហកម្ម​ទូរស័ព្ទ​ចល័ត​ដែល​ត្រូវបាន​ច្នៃប្រឌិត​ឡើង​ដោយ​បច្ចេកវិទ្យា​ខ្ពស់​ស្របតាម​យុគសម័យ​បច្ចុប្បន្ន ដើម្បី​ផ្តល់ជូន​នូវ​ភាពងាយស្រួល​កាន់តែ​ប្រសើរ។ អស់​រយៈពេល 80 ឆ្នាំ​មកហើយ ដែល​ក្រុម​វិស្វករ Motorola បានធ្វើការ​ស្រាវជ្រាវ​ទៅលើ​ការច្នៃប្រឌិត​ថ្មី និង​ស្វែងរក​នូវ​វិធីសាស្ដ្រថ្មីៗក្នុងការ​ដោះស្រាយ​បញ្ហាផ្សេង។ យើង​ជឿជាក់ថា​លក្ខណៈពិសេសថ្មីៗនិង​បច្ចេកវិទ្យាទំនើបៗនៃ​ទូរស័ព្ទដៃ​ចល័ត​មួយ​នេះ​នឹង​ពាំ​នាំមក​នូវ​ប្រជាប្រិយភាព និង​បំពេញ​នូវ​តម្រូវការ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា។

សម្រាប់​ថ្ងៃ​វិល​ចូល​ទីផ្សារ​នេះ ក្រុមហ៊ុន​បានដាក់​ចេញ​នូវ​ស្មា​ត​ហ្វូ​ន Motorolamoto z ដែល​ទូរស័ព្ទ​នេះ​មាន​អេក្រង់ 5.5 អ៊ី​ញ ប្រភេទ QHD ទំហំ Ram 4GB និង​ថាមពល​ថ្ម 2600mAh ដាក់​ក្នុងតម្លៃ​ប្រមាណ 659 ដុល្លារ ហើយ​ទូរស័ព្ទ moto z2 Play អេក្រង់ 5.5 អ៊ី​ញ ប្រភេទ QHD ទំហំ Ram 4GB និង​ថាមពល​ថ្ម 3000mAh ដាក់​ក្នុងតម្លៃ​ប្រមាណ 555 ដុល្លារ។ ក្រៅពីនេះ ក្រុមហ៊ុន​ក៏មាន​នាំចូល​ទូរស័ព្ទ​ធូរ​ថ្លៃ​ដូចជា moto m,moto g5 Plus,moto e4,moto e4 Plus,moto c និង moto c Plus ផងដែរ៕

Advertisement