កាលពីថ្ងៃទី 20 ធ្នូ 2023 ឥណ្ឌូណេស៊ី បានសម្ពោធដំណាក់កាលទីបីនៃគម្រោងកសាងរដ្ឋធានីថ្មី (IKN) Nusantara នៅក្នុងខេត្ត Kalimantan ខាងកើត ដែលស្ថិតនៅលើកោះ Borneo ក្រោមអធិបតីភាពប្រធានាធិបតី Joko Widodo ។
យោងតាមសារព័ត៌មាននានា នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់មន្ទីរពេទ្យពហុព្យាបាលមជ្ឈិម ដែលមានឯកទេសខាងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ប្រធានាធិបតី Joko Widodo លើកឡើងថា នេះគឺជាមន្ទីរពេទ្យទីបួនដែលត្រូវបានសាងសង់នៅ Nusantara ក្នុងរយៈពេលបីខែកន្លងមកនេះ។
លោកសម្ដែងក្ដីសង្ឃឹមថា នៅពេលមន្ទីរពេទ្យទាំងនេះផ្ដើមដំណើរការចាប់ពីឆ្នាំ 2024 ប្រជាជននឹងមិនចាំបាច់ធ្វើដំណើរទៅកាន់ប្រទេសជិតខាងដូច ម៉ាឡេស៊ី សិង្ហបុរី ឬទៅកាន់ប្រទេសជប៉ុន និងសហរដ្ឋអាម៉េរិក ដើម្បីព្យាបាលជំងឺដូចមុនទៀតឡើយ។
មុននោះ អាជ្ញាធរគ្រប់គ្រង IKN (OIKN) បានឱ្យដឹងថា ពិធីសម្ពោធបើកការដ្ឋានដំណាក់កាលទីបីនៃគម្រោងកសាងរដ្ឋធានីថ្មីដែលមានតម្លៃជាង 30 ពាន់លានដុល្លារអាម៉េរិកនេះ នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី 20-21 ខែធ្នូ 2023 នៅក្នុងតំបន់ចំនួនបី គឺ តំបន់បៃតង តំបន់ស្ថាប័នរដ្ឋ និងតំបន់អេកូឡូស៊ី។
យោងតាមអ្នកនាំពាក្យរបស់ OIKN លោក Troy Pantouw ដំណាក់កាលទីបីរួមមាន បណ្ដាគម្រោងដាំព្រៃឈើ ប្រព័ន្ធគមនាគមន៍ដែលដំណើរការដោយអគ្គិសនី សណ្ឋាគារ មន្ទីរពេទ្យ រួមនឹងគម្រោងជាច្រើនផ្សេងទៀត ដែលមានទុនវិនិយោគសរុបប្រមាណ 645 លានដុល្លារអាម៉េរិក។
ឥណ្ឌូណេស៊ី បានប្រកាសអំពីគម្រោងរើរដ្ឋធានីចេញពីកោះជ្វា (Java) ដែលមានប្រជាជនច្រើនជាងគេលើពិភពលោក កាលពីខែមេសា 2019។ ប៉ុន្មានខែក្រោយមក ប្រធានាធិបតីប្រទេសនេះក៏បានប្រកាសថា ស្រុក Penajam Paser ខាងជើង និង Kutai Kertanegara នៃខេត្ត Kalimantan ខាងកើត ត្រូវបានជ្រើសរើសជាទីតាំងសម្រាប់កសាងរដ្ឋធានីថ្មី។
បើតាមផែនការ Nusantara នឹងដើរតួនាទីជាមជ្ឈមណ្ឌលរដ្ឋបាលរបស់ឥណ្ឌូណេស៊ី ក្នុងគ្រាដែលរដ្ឋធានីបច្ចុប្បន្ន គឺ ហ្សាការតា នឹងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ Nusantara នឹងត្រូវបានគ្រប់គ្រងដូចទៅនឹងតំបន់ស្វយ័ត ទៅតាមរដ្ឋធម្មនុញ្ញ ក្នុងនោះ មេដឹកនាំរដ្ឋធានីថ្មីនេះនឹងមានឋានៈជារដ្ឋមន្ត្រី៕