ថ្មីៗនេះ ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណប Lingxi-03 ដែលមានស្លាបបំពាក់ផ្ទាំងសូឡាមហាស្ដើង និងស្ថិតក្នុងគម្រោងអភិវឌ្ឍផ្កាយរណប 13,000 គ្រឿង ដើម្បីប្រកួតប្រជែងនឹង SpaceX របស់អាម៉េរិក។
ផ្កាយរណប Lingxi-03 ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន GalaxySpace នៅទីក្រុងប៉េកាំង ត្រូវបានបាញ់បង្ហោះពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan ក្នុងខេត្ត Shanxi ភាគកណ្ដាលប្រទេសចិន ដោយរ៉ុក្កែត Long March 2D កាលពីព្រឹកថ្ងៃទី 23 កក្កដា។
ផ្ទាំងសូឡាដែលត្រូវបានបំពាក់លើស្លាបផ្កាយរណប អាចកាច់កោង កម្រាស់ប្រហែល 1 មិល្លីម៉ែត្រ ដែលស្មើនឹង 5% នៃកម្រាស់របស់ផ្ទាំងសូឡាធម្មតា។ ផ្ទាំងសូឡារបស់ផ្កាយរណបនេះមានប្រវែង 9 ម៉ែត្រ និងទទឹង 2.5 ម៉ែត្រ នៅពេលលាតសន្ធឹង។
GalaxySPace គឺជាក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ 2018 និងជាក្រុមហ៊ុនដំបូងគេនៅប្រទេសចិន ដែលផ្គត់ផ្គង់អ៊ីនធើណិតពីផ្កាយរណប។ តាមផែនការ ក្រុមហ៊ុននេះនឹងបាញ់បង្ហោះផ្កាយរណបអ៊ីនធើណិតជាបន្តបន្ទាប់ចំនួន 13,000 គ្រឿង ដើម្បីអាចប្រកួតប្រជែងនឹងក្រុមហ៊ុនអាម៉េរិក SpaceX ដែលបច្ចុប្បន្នមាន ផ្កាយរណប Starlink ជាង 4,500 គ្រឿង កំពុងដំណើរការនៅលើមេឃ។
នាពេលអនាគតដ៏ខ្លីខាងមុខ ផែនដីនឹងមានផ្កាយរណបច្រើនជាង 60,000 គ្រឿង ហោះហើរលើគន្លងតារាវិថី ដែលភាគច្រើនគឺជាផ្កាយរណបរបស់អាម៉េរិក ពិសេសគឺ Starlink របស់ SpaceX៕