ស្បែកជើង sneakers មួយគូដែលក្រុមហ៊ុន Apple បញ្ជាឱ្យផលិតសម្រាប់បុគ្គលិកក្នុងអំឡុងទសវត្សរ៍ឆ្នាំ 1990 កំពុងត្រូវបានដាក់លក់ក្នុងតម្លៃ 50,000 ដុល្លារអាម៉េរិក។
ស្បែកជើងមួយគូដែលមានឈ្មោះថា Omega Sports Apple Computer ត្រូវបានដាក់លក់លើថ្នាល Sotheby’s មានពណ៌ស អមនឹងពាណិជ្ជសញ្ញា Apple ពណ៌ឥន្ទធនូ។ ខ្សែចងពណ៌ស ប៉ុន្តែមានអមនឹងខ្សែបម្រុងពណ៌ក្រហម។
យោងតាមព័ត៌មានលើថ្នាល Sotheby’s ស្បែកជើងមួយគូនេះត្រូវបានផលិតកាលពីឆ្នាំ 1990 ដើម្បីទុកផ្ដល់ជូនបុគ្គលិកមួយចំនួននៅក្នុងព្រឹត្តិការណ៍ផ្ទៃក្នុងមួយរបស់ Apple។
គិតមកដល់បច្ចុប្បន្ន មានស្បែកជើងដូចគ្នានេះតែពីរគូប៉ុណ្ណោះដែលត្រូវបានលក់ដោយការដេញថ្លៃ ក្នុងនោះមានមួយគូនៅឆ្នាំ 2017 និងមួយគូនៅឆ្នាំ 2020 និងលក់ក្នុងតម្លៃរាប់ពាន់ដុល្លារ។ ប៉ុន្តែ ស្បែកជើងមួយគូដែលទើបតែដាក់លក់នេះ មានតម្លៃខ្ពស់ជាងគេ គឺរហូតដល់ 50,000 ដុល្លារអាម៉េរិក។
កាលពីចុងទសវត្សរ៍ឆ្នាំ 1980 ក្រុមហ៊ុន Apple ធ្លាប់លក់សម្លៀកបំពាក់ក្រោមឈ្មោះ The Apple Collection។ ក៏ប៉ុន្តែក្រោយមក មុខជំនួញនេះមិនទទួលបានជោគជ័យ ហើយក៏ត្រូវឈប់ដំណើរការផលិត។