(សហរដ្ឋអាម៉េរិក) – សំបុត្រចូលទស្សនា Lionel Messi ទាត់ក្នុងការប្រកួតដំបូងនៅ Inter Miami ដែលនឹងត្រូវប៉ះក្រុម Cruz Azul ក្នុងក្របខណ្ឌ Leagues Cup នៅថ្ងៃទី 21 កក្កដាខាងមុខ បានឡើងថ្លៃលើសពី 100,000 ដុល្លារអាម៉េរិក។
កាលពីចុងសប្ដាហ៍កន្លង គេហទំព័ររបស់ក្លឹបបាល់ទាត់ Inter Miami បានបញ្ជាក់ថា Messi រួមនឹងកីឡាករថ្មី Sergio Busquets អាចទាត់នៅក្នុងការប្រកួតជាមួយនឹងក្រុម Cruz Azul ក្នុងក្របខណ្ឌ Leagues Cup នៅលើទីលាន DRV PNK ក្នុងថ្ងៃទី 21 កក្កដា 2023។ Leagues Cup គឺជាពានរង្វាន់ប្រចាំឆ្នាំ ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ 2019 និងមានការចូលរួមពីបណ្ដាក្លឹបមកពីពានរង្វាន់បាល់ទាត់អាជីពអាម៉េរិក (MLS) និង Liga MX របស់ម៉ិចស៊ិច នៅអាម៉េរិកខាងជើង។
យោងតាម Goal សំបុត្រចូលទស្សនាការប្រកួតនៅក្នុងកីឡដ្ឋាន DRV PNK កាន់តែពិបាករកទិញ ហើយតម្លៃក៏កើនឡើងខ្ពស់ខ្លាំងក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។ Vivid Seats ដែលជាគេហទំព័រជំនាញខាងទិញ-លក់សំបុត្រចូលមើលបាល់ទាត់ បច្ចុប្បន្នកំពុងដាក់លក់សំបុត្រចូលទស្សនា Messi ទាត់ក្នុងការប្រកួតដំបូងនៅ Inter Miami ក្នុងតម្លៃ 110,000 ដុល្លារអាម៉េរិក/សំបុត្រ។
តម្លៃមធ្យមសម្រាប់សំបុត្រចូលមើលការប្រកួតរវាង Inter Miami និង Cruz Azul គឺ 487 ដុល្លារ ពោលគឺខ្ពស់ជាងទ្វេដង បើធៀបនឹងសំបុត្រចូលមើលការប្រកួតមិត្តភាពរវាង Inter Miami និងម្ចាស់ជើងឯក La Liga Barca កាលពីរដូវក្ដៅឆ្នាំមុន។
តម្រូវការសំបុត្រចូលមើល Messi ទាត់ក្នុងប្រកួតដំបូងនៅពានរង្វាន់បាល់ទាត់អាជីពអាម៉េរិក (MLS) ដែល Inter Miami ត្រូវប៉ះនឹងក្រុម Charlotte FC ក្នុងថ្ងៃទី 21 សីហា ក៏កើនឡើងខ្ពស់ផងដែរ និងត្រូវបានដាក់លក់ក្នុងតម្លៃប្រហែល 288 ដុល្លារ/សំបុត្រ។ តួលេខនេះអាចនឹងកើនឡើងខ្ពស់ជាងនេះនាពេលខាងមុខ បើសិន Messi បង្ហាញថ្វីជើងបានល្អនៅ Leagues Cup។
មិនត្រឹមតែសំបុត្រនោះទេ សូម្បីតែអាវរបស់ Messi ក៏ត្រូវបានអ្នកគាំទ្រតាមរកទិញច្រើនផងដែរ។ ដោយសារតែមិនទាន់ត្រូវបានដាក់លក់លើគេហទំព័ររបស់ Inter Miami ដូច្នេះអ្នកគាំទ្រមានតែរកទិញអាវលេខ 10 របស់ Messi នៅឯហាងក្នុងកីឡដ្ឋាន DRV PNK ដែលដាក់លក់ក្នុងតម្លៃ 199 ដុល្លារអាម៉េរិក/អាវ។
ទំព័រ Goal បានឱ្យដឹងថា តម្លៃសំបុត្រចូលមើលការប្រកួតរបស់ក្រុមបាល់ទាត់ Inter Miami បានកើនឡើងជិត 900% ចាប់តាំងពីក្លឹបនេះបានបញ្ជាក់ថា ចុះហត្ថលេខាជាមួយនឹង Messi កាលពីថ្ងៃទី 07 មិថុនា 2023។ នៅក្លឹបថ្មីនេះ កំពូលតារាបាល់ទាត់អាហ្សង់ទីន នឹងទទួលបានប្រាក់បៀវត្សរ៍ពី 50 លាន ដល់ 60 លានដុល្លារ/ឆ្នាំ។ តម្លៃសរុបនៃកិច្ចព្រមព្រៀងរបស់ Messi ក្នុងរយៈពេលពីរឆ្នាំកន្លះ នឹងចាប់ពី 125 លាន ដល់ 150 លានដុល្លារ។
Messi ក៏នឹងទទួលបានប្រាក់ខ្លះពីបណ្ដាគណនីថ្មីដែលចុះឈ្មោះមើល MLS នៅលើ Apple TV ក៏ដូចជាប្រាក់ចំណេញមួយផ្នែករបស់ក្រុមហ៊ុន Adidas នៅសហរដ្ឋអាម៉េរិកផងដែរ។
កាលពីព្រលប់ថ្ងៃទី 16 កក្កដា Messi ត្រូវបាន Inter Miami បង្កើតព្រឹត្តិការណ៍បង្ហាញខ្លួនមួយដែលមានឈ្មោះថា «The Unveil» នៅក្នុងកីឡដ្ឋាន DRV PNK។ នៅទីនេះ ម្ចាស់បាល់មាស 7 គ្រាប់ បានថ្លែងអំណរគុណអ្នកគាំទ្រ មិត្តរួមក្រុមថ្មី និងគណៈគ្រប់គ្រងក្លឹប Inter Miami ចំពោះការទទួលស្វាគមន៍ដ៏អស្ចារ្យនេះ ព្រមទាំងបានសម្ដែងអំពីមហិច្ឆតាចង់យកឈ្នះ ដើម្បីជួយឱ្យក្លឹបនេះរីកចម្រើនបន្តទៀត៕