Lionel Messi ថ្មីៗនេះបានប្រកាសជាផ្លូវការអំពីក្លឹបបាល់ទាត់ដែលគាត់នឹងចូលជាសមាជិកនៅក្នុងរដូវកាលថ្មី នោះគឺក្លឹប Inter Miami ដែលប្រកួតនៅឯពានរង្វាន់អាជីពអាម៉េរិក MLS។
ប្រភពព័ត៌មានជាក់លាក់របស់ទំព័រ The Ahtletic បានប្រាប់ថា កិច្ចព្រមព្រៀងថ្មីរបស់ Messi ក៏មានទាំងលក្ខខណ្ឌទិញភាគហ៊ុនមួយចំនួនរបស់ក្លឹប Inter Miami ផងដែរ ដែលនេះមានន័យថា M10 គឺជាកីឡាករផង និងជាម្ចាស់ផង។
ចំណែកទំព័រ ESPN វិញ បានរាយការណ៍ថា រាល់កិច្ចព្រមព្រៀងស្ដីពីសិទ្ធិផ្សាយផ្ទាល់តាមទូរទស្សន៍ រូបភាព និងសម្លៀកបំពាក់ដែលជាការឧបត្ថម្ភរបស់ Apple និង Adidas គឺសុទ្ធតែក្លាយជាយីហោដែលត្រូវចុះហត្ថលេខាជាមួយកីឡាករ ពោលគឺមិនមែនគ្រាន់តែទាក់ទិននឹងគណៈកម្មការរៀបចំតែមួយដូចបច្ចុប្បន្នឡើយ។ នេះគឺដូចទៅនឹងវិធីដែលអឺរ៉ុប និងបណ្ដាតំបន់ដទៃកំពុងធ្វើ ក្នុងបំណងធ្វើឱ្យមានតុល្យភាពផ្នែកហិរញ្ញវត្ថុរវាងក្លឹបនឹងក្លឹប ក្នុងបំណងរក្សាភាពស្អាតស្អំក្នុងវិស័យបាល់ទាត់ ហើយការប្រកួតប្រជែងនឹងកើនឡើង ទំហំនៃការប្រកួតក៏ធំឡើងជាលំដាប់។
ជាងនេះ វត្តមានរបស់ Messi នៅឯពានរង្វាន់ MLS ក៏ជា «ដែកឆក់» ដ៏ធំ ដើម្បីឱ្យ MLS អាចស្រូបទាញកីឡាករលំដាប់កំពូលៗរបស់ពិភពលោកបន្ថែមទៀត។
ទន្ទឹមនឹងនេះ World Cup 2026 នឹងត្រូវបានធ្វើឡើងនៅសហរដ្ឋអាម៉េរិក ដូច្នេះ វត្តមានរបស់ Messi នឹងរួមចំណែកយ៉ាងសំខាន់នៅក្នុងការចាប់ផ្ដើមកម្ដៅទីផ្សារនៅទីនោះ ហើយវាគឺជារឿងសមហេតុផល។ Messi មិនមែនជាអ្នកបើកផ្លូវ ប៉ុន្តែជាអ្នកនាំផ្លូវដ៏អស្ចារ្យសម្រាប់ទីផ្សារបាល់ទាត់នៅសហរដ្ឋអាម៉េរិក បន្ទាប់ពី David Beckham និង Zlatan Ibrahimovic៕