ផ្ទាំង​ទឹកកក​ធំជាងគេ​បង្អស់​លើ​ពិភពលោក​បែកបាក់​រលា​យ​ខ្ទេចខ្ទី

ផ្កាយរណប Terra របស់ណាសាថតរូបភាពថ្មីបំផុតអំពីបំណែកទាំង 6 របស់ A-76A ដែលកំពុងអណ្ដែតចេញឆ្ងាយពីគ្នានៅក្បែរកោះ Georgia ខាងត្បូង ក្នុងសមុទ្រ Scotia

រូបភាព​ពី​ផ្កាយរណប​របស់​ណា​សា កាលពី​ចុងខែ​ឧសភា​បាន​បង្ហាញថា A-76A ដែលជា​ផ្ទាំង​ទឹកកក​ធំ​ជាង​ទីក្រុង Los Angeles ពីរដង បាន​បែកបាក់​ខ្ទេចខ្ទី​នៅក្បែរ​កោះ Georgia ខាងត្បូង របស់​ចក្រភព​អង់គ្លេស។

A-76A គឺជា​ផ្ទាំង​ធំជាងគេ​ដែល​នៅសល់​របស់ A-76 ដែលជា​ផ្ទាំង​ទឹកកក​មាន​ទំហំ​ប្រហែល 4,320 គីឡូម៉ែត្រ​ការ៉េ និង​មាន​បណ្ដោយ 170 គីឡូម៉ែត្រ ទទឹង 25 គូ​ឡូ​ម៉ែត្រ ដែល​បាន​បែក​ចេញពី​ខឿន​នៃ​ផ្ទាំង​ទឹកកក Ronne របស់​ទ្វីប​អង់​តាក​តិច កាលពី​ខែឧសភា 2021។

កាលពី​ថ្ងៃទី 24 ឧសភា 2023 ផ្កាយរណប Terra របស់​ណា​សា​ថតរូប​ភាព​ថ្មី​បំផុត​អំពី​បំណែក​ទាំង 6 របស់ A-76A ដែល​កំពុង​អណ្ដែត​ចេញ​ឆ្ងាយ​ពីគ្នា​នៅក្បែរ​កោះ Georgia ខាងត្បូង ក្នុង​សមុទ្រ Scotia ដែល​នេះ​មានន័យថា ផ្ទាំង​ទឹកកក​ខ្នាត​យក្ស​នេះ​បាន​បែក​ពីគ្នា​កាលពី​ច្រើន​ថ្ងៃមុន​មកហើយ។ បំណែក​ផ្ទាំង​ទឹកកក​ទាំងនេះ​មាន​ចម្ងាយ​ប្រហែល 2,415 គីឡូម៉ែត្រ​ពី​កន្លែង​ដែល A-76 បាន​បែក​ចេញពី​ទ្វីប​អង់​តាក​តិច​កាលពី​ឆ្នាំ 2021។

ផ្ទាំង​ទឹកកក​អណ្ដែត​ធំជាងគេ​លើ​ពិភពលោក​នាពេល​កន្លង គឺ A-68A ក៏បាន​បែកបាក់​ខ្ទេចខ្ទី​នៅក្បែរ​កោះ Georgia ខាងត្បូង កាលពី​ខែធ្នូ 2020 ក្រោយពី​បាន​អណ្ដែត​តាម​ឆកសមុទ្រ Drake។ A-76A មិន​ប៉ះទង្គិច​ផ្ទាល់​ជាមួយនឹង Georgia ខាងត្បូង ប៉ុន្តែ​នៅតែ​អាច​បង្ក​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​ជីវចម្រុះ​ក្នុង​សមុទ្រ​នៅក្បែរនោះ។

កាលពី​ពាក់កណ្ដាល​ឆ្នាំ 2021 នៅពេល A-68A បាន​រលាយ​ទាំងស្រុង ក្រុម​អ្នកវិទ្យាសាស្ត្រ​គណនា​ឃើញថា វា​បាន​បន្ថែម​ទឹកសាប​ប្រហែល 900 លាន​តោន​ចូលក្នុង​សមុទ្រ ដែល​ភាគច្រើន​នៅ​តំបន់​ក្បែរ​កោះ Georgia ខាងត្បូង។ ចំណែក A-76A វិញ ក៏​នឹង​បន្ថែម​ទឹកសាប​យ៉ាងច្រើន​ទៅក្នុង​តំបន់​សមុទ្រ​ក្បែរ​ខាង និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​អាហារ​នៅក្នុង​សមុទ្រ បើសិនជា​វា​បាន​រលាយ​អស់។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ទំ​ព័រ Live Science ៕

Advertisement