គ្រូបង្វឹករបស់ក្រុមបាល់ទាត់ Roma អាចនឹងត្រូវបានហាមការដឹកនាំពីបួនទៅប្រាំប្រកួតនៅ UEFA ព្រោះតែបានជេរប្រទេច និងចោទអាជ្ញាកណ្ដាល ក្រោយការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅពានរង្វាន់ Europa League កាលពីប៉ុន្មានថ្ងៃមុន។
គ្រូបង្វឹក Jose Mourinho របស់ក្រុមបាល់ទាត់អ៊ីតាលី Roma បានប្រើប្រាស់ពាក្យអសុរោះដើម្បីជេរប្រទេចអាជ្ញាកណ្ដាលជនជាតិអង់គ្លេស Anthony Taylor នៅឯចំណតរថយន្តបន្ទាប់ពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅពានរង្វាន់ Europa League បានបញ្ចប់។
ក៏ប៉ុន្តែ ការបញ្ចេញមតិដែលធ្ងន់ធ្ងរជាងការជេរប្រទេចខាងលើរបស់គ្រូបង្វឹកក្រុម Roma នោះគឺការចោទដោយប្រយោលថា ក្រុមអាជ្ញាកណ្ដាលបានរួមគំនិតគ្នាធ្វើការលំអៀងទៅរកក្រុម Sevilla របស់អេស្ប៉ាញ។ ពេលប្រធានក្រុមអាជ្ញាកណ្ដាលរបស់ UEFA លោក Roberto Rosetti ចូលមកណែនាំឱ្យស្ងប់ចិត្ត គ្រូបង្វឹកជនជាតិព័រទុយហ្កាល់ លោក Mourinho ក៏និយាយថា «លោកឯងរួមគំនិតជាមួយពួកគេ»។
សម្ដីរបស់លោក Mourinho ក៏បាននាំឱ្យមានភាពច្របូកច្របល់នៅពេលអ្នកគាំទ្រធ្វើការវាយប្រហារទៅលើអាជ្ញាកណ្ដាល Taylor និងក្រុមគ្រួសារ មុនពេលឡើងយន្តហោះត្រលប់ទៅអង់គ្លេស។
យោងតាម Sun Sport សម្ដីចោទប្រកាន់ដោយប្រយោលខាងលើ អាចនាំឱ្យលោក Mourinho ប្រឈមនឹងហានិភ័យត្រូវបានហាមការដឹកនាំរហូតដល់ប្រាំប្រកួត។ ប្រការនេះអាចប៉ះពាល់ដល់ឱកាសរបស់លោក Mourinho បើសិនជាទៅដឹកនាំក្លឹបថ្មី។ ឧទាហរណ៍ថា បើសិនចូលធ្វើការឱ្យក្លឹបបារាំង PSG លោក Mourinho
អាចនឹងមិនបានដឹកនាំក្រុមនេះនៅក្នុងការប្រកួតភាគច្រើននៅវគ្គវិលជុំរបស់ Champions League 2023-2024។
ការប្រកួតបាល់ទាត់រវាងក្រុម Roma របស់អ៊ីតាលី និងក្រុម Sevilla របស់អែស្ប៉ាញក្នុងវគ្គផ្ដាច់ព្រ័ត្រនៅពានរង្វាន់ Europa League ដែលធ្វើឡើងនៅទីលាន Puskas Arena របស់ប្រទេសហុងគ្រី កាលពីព្រលប់ថ្ងៃទី 31 ឧសភា 2023 ក្រុមទាំងពីរទទួលបានលទ្ធផល 1-1 ក្នុង 120 នាទីដំបូង។ ប៉ុន្តែ Roma បានចាញ់ Sevilla 1-4 ក្នុងការទាត់ប៉េណាំងទីម្ដងម្នាក់។ លទ្ធផលនេះជួយឱ្យ Sevilla លើកពានជើងឯកនៅ Europa League៕